ជាតិ
សង្គមជាតិ
បាក់​ឌុប ២០១៥៖ មន្ត្រី​អប់រំ​អាច​នឹង​លុបឈ្មោះ​ចេញ​ក្រសួង ប្រសិនបើ​បែកធ្លាយ​វិញ្ញាសា
17, Jul 2015 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ ដឹង​ទូទៅ និង​បំពេញវិជ្ជា នៅ​ថ្ងៃទី២៤ ខែសីហា ខាងមុខ។ ក្រសួង​នឹង​អនុវត្ត​ទណ្ឌកម្ម ស្តីបន្ទោស និង​លុបឈ្មោះ​ចេញពី​មន្ត្រី​ក្របខណ្ឌ​ក្រសួង​តែម្តង ចំពោះ​ប្រធាន អនុប្រធាន និង​សមាជិក​នៃ​គណៈមេប្រយោគ គណៈកម្មការ និង​អនុគណៈកម្មការ​ទូទាំង​ប្រទេស ដែល​ប្រព្រឹត្ត​ឲ្យ​មាន​កំហុស​ក្នុង​ដំណើរ​ការប្រឡង។ ក្នុងនោះ រួមមាន អនុញ្ញាត​ឲ្យ​សិស្ស​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក ធ្វើ​ឲ្យ​បែកធ្លាយ​វិញ្ញាសា​ប្រឡង និង​ទទួល​ប្រាក់​ពី​បេក្ខជន​ជា​ថ្នូរ​នឹង​ការចម្លង ឬ​ធ្វើ​ចម្លើយ​ឲ្យ​បេក្ខជន ជាដើម។



យោងតាម​ប្រកាស​ក្រសួង​អប់រំ​ចុះ​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៤  ទណ្ឌកម្ម​ខាង​វិន័យ ចែកចេញជា​ពីរ​កម្រិត​គឺ កម្រិត​ទីមួយ, ការស្តីបន្ទោស, ការបន្ទោស​ដោយមាន​ចំណារ​ក្នុង​សំណុំលិខិត​ផ្ទាល់ខ្លួន, ការផ្លាស់​ដោយ​បង្ខំ​តាម​វិធានការ​ខាង​វិន័យ, ការ​លុបឈ្មោះ​ចេញពី​តារាង​ឡើង​ឋានន្តរស័ក្ដិ ឬ​ថ្នាក់​ជាដើម ចំពោះ​មន្ត្រី​អប់រំ​ប្រព្រឹត្ត​កំហុស។ ក្នុងនោះ រួមមាន ទីមួយ, អនុញ្ញាត​ឲ្យ​បេក្ខជន​ចម្លង​កិច្ចការ​គ្នា ទី​ពីរ,អនុញ្ញាត​ឲ្យ​បេក្ខជន​យក​សំណៅ​ឯកសារ និង​ឧបករណ៍​អេឡិចត្រូនិក​ចូលក្នុង​បន្ទប់​ប្រឡង ទី​បី,អនុញ្ញាត​ឲ្យ​បេក្ខជន​និយាយ​ឆ្លើយឆ្លង​គ្នា ឬ​ដើរ​ពី​តុ​មួយ​ទៅ​តុ​មួយ។

ទី​បួន,យក​សំណៅ​ឯកសារ​ពី​អ្នកដទៃ ឬ​ពី​បេក្ខជន​ម្នាក់​ទៅ​ឲ្យ​បេក្ខជន​ម្នាក់ទៀត​ចម្លង ទី​ប្រាំ, ប្ដូរ​ប្លង់​តុ​ឲ្យ​បេក្ខជន​ខុសពី​ការកំណត់​របស់​គណៈមេប្រយោគ ទី​ប្រាំមួយ, អនុញ្ញាត​ឲ្យ​សិស្ស​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​ក្នុង​បន្ទប់​ប្រឡង ទី​ប្រាំពីរ, ដាក់ពិន្ទុ​ខុស​ប្រក្រតី​ក្នុង​ការកែ​សន្លឹក​កិច្ចការ​បេក្ខជន ទី​ប្រាំបួន, អនុញ្ញាត​ឲ្យ​អ្នកដទៃ​ប្រឡង​ជំនួស​បេក្ខជន ទី​ដប់,ជួយ​លាក់កំបាំង​ទង្វើ​មិន​ត្រឹមត្រូវ​របស់​មន្ត្រី​អប់រំ​ផ្សេងទៀត។

ដោយឡែក ទណ្ឌកម្ម​ខាង​វិន័យ​កម្រិត​ទី​ពីរ គឺ​ការស្ដីបន្ទោស​ជា​ទម្ងន់ និង​លុបឈ្មោះ​ចេញពី​តារាង​ឡើង​ឋានន្តរស័ក្ដិ ឬ​ថ្នាក់, ដាក់​ឲ្យ​នៅ​ទំនេរ​គ្មាន​បៀវត្ស​មិន​ឲ្យ​លើសពី​មួយឆ្នាំ, ព្រមទាំង​ដាក់​ឲ្យ​ចូលនិវត្តន៍​មុន​កំណត់ ឬ​បញ្ឈប់​ពី​ការងារ​ដោយ​បង្ខំ និង​បណ្ដេញ​ចេញពី​មុខតំណែង​រាជការ​ជាដើម ចំពោះ​មន្ត្រី​ប្រព្រឹត្ត​កំហុស​ដូចជា ទីមួយ,ជួយ​ធ្វើ​ចម្លើយ​ឲ្យ​បេក្ខជន និង​ធ្វើចរាចរ​ចម្លើយ​ពី​បន្ទប់​ប្រឡង​មួយ​ទៅ​បន្ទប់​មួយទៀត ទី​ពីរ, ជួយ​បេក្ខជន​ដោយ​សហការគ្នា​មើលផ្លូវ​គណៈ​គ្រប់គ្រង ទី​បី, ផ្ដល់​សញ្ញា​ឲ្យ​សិស្ស ឬ​ផ្ដល់​លេខ​សម្ងាត់​ដល់​អ្នក​កែ​ដើម្បី​ជា​សញ្ញា​សម្រាប់​កែ​កិច្ចការ។

ទី​បួន,ធ្វើ​ឲ្យ​បែកធ្លាយ​វិញ្ញាសា ទី​ប្រាំ, ប្ដូរ​សន្លឹក​កិច្ចការ​ឲ្យ​បេក្ខជន​ក្រោយពេល​ប្រឡង​រួច ទី​ប្រាំមួយ, សរសេរ​បន្ថែម​ខ្លឹមសារ​លើ​សន្លឹក​កិច្ចការ​បេក្ខជន ទី​ប្រាំពីរ, បញ្ចុះបញ្ចូល​បេក្ខជន ឬ​អ្នកអាណាព្យាបាល​ឲ្យ​សូកប៉ាន់​ដើម្បី​ប្រឡង​ជាប់ ឬ​ទទួលបាន និទ្ទេស​ល្អ ទី​ប្រាំបី, បង្កើត​បណ្ដាញ​ស្វែងរក​ផល​កម្រៃ​ពី​ការប្រឡង ទី​ប្រាំបួន, ទទួល​ប្រាក់​ពី​បេក្ខជន​ជា​ថ្នូរ​នឹង​ការចម្លង ឬ​ធ្វើ​ចម្លើយ​ឲ្យ​បេក្ខជន ទី​ដប់, គំរាម ឬ​សម្លុត​បេក្ខជន​ក្នុងពេល​ប្រឡង ទី​ដប់​មួយ, បង្កើត​ក្រុម​ធ្វើ​ចម្លើយ​ក្នុងពេល​កំពុងដំណើរកា​រ​ប្រឡង និង​ការចូលរួម ឬ​ឲ្យ​គេ​ធ្វើ​គណៈកម្មការ​ជំ​នួ​សបុ​គ្គ​លិ​ក​អប់រំ​ទូទៅ។

សួ​ម​បញ្ជាក់​ផងដែរ នៅ​ថ្ងៃទី១៦ កក្កដា​នេះ អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក រស់ សា​លីន បាន​ប្រាប់ថា វិញ្ញាសា​ប្រឡង​បាក់​ឌុប នឹងត្រូវ​បញ្ជូន​ចេញពី​រាជធានី​ភ្នំពេញ ទៅ​ដាក់​តាម មណ្ឌល​ទូ​ទាំ​ប្រទេស នៅ​អំឡុង​ថ្ងៃទី២០ ខែសីហា​ខាងមុខ។ ការប្រឡង​នឹង​ប្រ​ព្រឹ​ត្ដទៅ​នៅ​ថ្ងៃទី២៤ ខែសីហា ទាំង​ថ្នាក់​វិទ្យាសាស្ដ្រ និង​ថ្នាក់​វិទ្យាសាស្ដ្រ​សង្គម មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ៨៨ ៤៨៨នាក់ ក្នុងនោះ មាន​បេក្ខជន​ធ្លាក់​បាក់​ឌុប​ឆ្នាំមុន​ជាង ១ម៉ឺន​នាក់​ដែរ។  មណ្ឌល​ប្រឡង​ឆ្នាំនេះ មាន​ចំនួន ១៤៩មណ្ឌល ចែកជា ៣ ៥៧៦បន្ទប់ នៅ​រាជធានី​ខេត្ដ​ទាំង ២៥ ៕


© រក្សាសិទ្ធិដោយ thmeythmey.com