ជាតិ
សង្គមជាតិ
«សា​សា-សុខ ប៊ុន» ទទួលបាន​ការចាប់អារម្មណ៍​ជាង​សំណុំរឿង «ព្រំដែន» និង​«ច្បាប់​អង្គការ»
19, Jul 2015 , 12:12 pm        
រូបភាព
«ព្រំដែន​កម្ពុជា-វៀតណាម» ដ៏​ក្តៅគគុក «ការអនុម័ត​ច្បាប់​គ្រប់គ្រង​អង្គការ​សង្គម-ស៊ីវិល» ដ៏​ចម្រូងចម្រាស  «បេសកកម្ម​សត្វ​កណ្តុរ​ពី​អាហ្វ្រិក​មក​ដោះមីន​នៅ​កម្ពុជា» ជា​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍? ទេ​មិនមែន​ទេ រឿង​ដែល​វាយលុក​បណ្តាញ​ព័ត៌មាន​អន្តរជាតិ​អស់​រយៈពេល​មួយ​សប្តាហ៍​កន្លងមកនេះ គឺជា​សំណុំ​ហិង្សា​រវាង​អ្នកមាន​ទ្រព្យ លោក ប៊ុន សុខ និង​អតីត​ពិធី​ការិនី​ទូរទស្សន៍ កញ្ញា​សា​សា ឈ្មោះ​ដើម ឯក សុជាតា។



គិត​ត្រឹម​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ គ្រាន់តែ​ចូល​វាយ​ពាក្យ «Cambodia» នៅក្នុង​ផ្នែក​ព័ត៌មាន (News) របស់ Google យើង​នឹង​ឃើញ​ព័ត៌មាន​សំបូរបែប​ទាក់ទង​នឹង​សំណុំរឿង «សា​សា-សុខ ប៊ុន» ជុំវិញ​ករណី​ហិង្សា​ដែល​បាន​កើតឡើង​នៅ​ភោជនីយដ្ឋាន​ជប៉ុន​មួយ​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​យប់​ថ្ងៃទី២ ខែកក្កដា ដោយសារ​ព័ត៌មាន​ក្នុងស្រុក​ដែល​សរសេរ​ជា​ភាសា​អង់គ្លេស រួមទាំង​ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP  និង​ទីភ្នាក់ងារសារព័ត៌មាន​អាមេរិក AP គឺជា​ប្រភព​ដ៏​សំខាន់។

សំណុំរឿង «សា​សា-សុខ ប៊ុន» ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង ក្រោយពី​ការស្រែក​ព្រមាន​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​លោក សុខ ប៊ុន ចូលមក​តទល់​ជាមួយ​តុលាការ និង​ដំណាក់​កាលដែល សុខ ប៊ុន ត្រូវបាន​ចៅក្រម​ស៊ើប​ចេញ​បទចោទប្រកាន់​ជា​ផ្លូវការ នៅ​ចំ​ថ្ងៃ​ដែល​លោក​វិល​មកពី​ប្រទេស​សឹង្ហ​បុរី​វិញ​នា​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា។

ABC Online របស់​អូស្ត្រាលី បានបង្ហាញ​សកម្មភាព​របស់លោក សុខ ប៊ុន តាមរយៈ​កា​ម៉េ​រ៉ា​សុវត្ថិភាព (CCTV) ដែល​ប្រើ​អំពើហិង្សា​លើក​ញ្ញា សា​សា បន្ទាប់ពី​នាង​បាន​រារាំង បុរស​អ្នកមាន​ទ្រព្យសម្បត្តិ​រូបនេះ មិន​ឲ្យ​យក​មិត្ត​ភ័ក្ត្រ​ជនជាតិ​ជប៉ុន​របស់​នាង និង​ជា​ម្ចាស់​ហាង ចេញទៅ​ក្រៅ។ ABC ក៏បាន​ចាប់ អារម្មណ៍​សំដី កញ្ញា​សា​សា ដែល​បាន​អះអាង អង្គរក្ស​របស់ សុខ ប៊ុន ពិតជា​បាន​ប៉ុនប៉ង​បាញ់​ទៅលើ​រូបនាង។

BBC, Sky News, Belfast Telegraph, Deutsche Welle និង​សារព័ត៌មាន​ផ្សេងទៀត បានសរសេរថា សកម្មភាព​ហិង្សា​របស់លោក សុខ ប៊ុន លើ សា​សា បាន​បញ្ឆេះ​កំហឹង​សាធារណជន នៅ​កម្ពុជា ដែលជា​ប្រទេស​ពោរពេញ​ទៅដោយ​វប្បធម៌​និ​ទណ្ឌ​ភាព ពោលគឺ​អ្នកធំ និង​អ្នកមាន​ទ្រព្យសម្បត្តិ​តែងតែ​គេច​ផុតពី​សំណាញ់​ច្បាប់។

ទោះបីជា​យ៉ាងណាក៏ដោយ គេហទំព័រ​ព័ត៌មាន VideoNewsUs បាន​មើលឃើញ​ភាព​វិជ្ជមាន​មួយចំនួន​របស់​អាជ្ញាធ​រ​កម្ពុ​ជានា​រយៈពេល​ចុងក្រោយ​នេះ ដោយ​រាប់បញ្ចូល​ទាំង​ការចាប់ខ្លួន​លោក ថោង សារ៉ាត់ ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​លោក អ៊ឹង ម៉េង​ជី និង​កិច្ចសហការ​ចាប់បញ្ជូន​ខ្លួន​មហាសេដ្ឋី​រុស្ស៊ី Sergei Polonsky ទៅ​ប្រឈម​ជាមួយ​តុលាការក្រុង​មូ​ស្គូ។

សារព័ត៌មាន​ជាច្រើន​ដូចជា USA Today, South China Morning Post, London Evening Standard, The Malay Mail, Bangkok Post, Asia Times, Independent, Sentinel Republic, Gulf Times, The Inquisitr, Saudi Gazette, Mirror, Rappler រួមទាំង Yahoo News ផងដែរ​នោះ បាន​ចុះផ្សាយ​អត្ថបទ​ទាំងស្រុង​របស់ AFP និង AP ។

សារព័ត៌មាន​ដែល​សរសេ​ជា​បារាំង រួមមាន Le Parisien, Le Soir, RFI, Aufeminin.com ក៏​ចាប់អារម្មណ៍​លើ​សំណុំរឿង «សា​សា-សុខ ប៊ុន» ផងដែរ។ Le Parisien បាន​ចាត់ទុកថា ការប្រើ​ហិង្សា​របស់​សេដ្ឋី​អចល​ទ្រព្យ លើ​តារា​សម្តែង គឺជា​រឿងអាស្រូវ​មួយ​នៅ​កម្ពុជា ដោយ​ដកស្រង់​ព័ត៌មាន​ដែល​ផ្សាយ​ដោយ AFP កាសែត Le Parisien ក៏បាន​បង្ហាញ​ឃ្លី​ប​នៃ​បទ​សម្ភាស​រវាង​សា​សា និង​ទូរទស្សន៍ PNN ផងដែរ។

ដោយឡែក Le Figaro ដាក់​ជា​សំណួរ​ថា «តើ​វា​ជា​សំណុំរឿង Nabilla កម្ពុជា​មែន​ទេ?»។ សំណួរ​នេះ​គឺ​ចង់​ប្រៀបធៀប​ករណី​របស់ សា​សា ទៅនឹង​ករណី​អ្នក​បង្ហាញ​ម៉ូត​បារាំង Nabilla Benattia។ ប៉ុន្តែ​តាមពិតទៅ​វា​ជា​រឿង​ខុសគ្នា ដោយ សា​សា គឺជា​ជនរងគ្រោះ រីឯ Nabilla គឺជា​ជនសង្ស័យ​ក្នុង​សំណុំរឿង​បង្ក​របួសស្នាម​លើ​មិត្ត​ប្រុស​កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ២០១៤ ។

ងាក​ទៅ​ទូរទស្សន៍ TF1 ដ៏​ល្បី​របស់​បារាំង អ្នករាយការណ៍​ព័ត៌មាន​រៀបរាប់​ពី​រឿងអាស្រូវ​ដែល​កើតឡើង​នៅ​កម្ពុជា​នេះ ប៉ុន្តែ​នៅលើ​អេក្រង់​ទូរទស្សន៍​បែរជា​សរសេរថា «រឿងអាស្រូវ​នៅ​ជប៉ុន» ទៅវិញ។ នេះ​ប្រហែល​កំហុស​បច្ចេកទេស​តែប៉ុណ្ណោះ ពីព្រោះ​ទូរទស្សន៍​មួយ​នេះ ក៏​ធ្លាប់​រាយការណ៍​ករណី​កុមារី Autumn Allen និង​ទូរទស្សន៍ MyTV នា​ទិវា​មាតា​ផងដែរ។

រឿងអាស្រូវ​នេះ ក៏ត្រូវ​ទូរទស្សន៍​មួយ​របស់​ហុងកុង បង្កើតជា​សកម្ម​វិ​អេ​ដូ​តុក្កតា ដើម្បី​ធ្វើ​ត្រាប់​សកម្មភាព​ហិង្សា​របស់លោក សុខ ប៊ុន និង​ក្រុម​អង្គរក្ស​ទៅ​នាង សា​សា ផងដែរ។

ក្រោយ​ការ​បែកធ្លាយ​សកម្មភាព​នៃ​ការប្រព្រឹត្ត​អំពើហិង្សា​របស់ខ្លួន លោក សុខ ប៊ុន បានប្រកាស​លាលែង​ពី​តំណែង​ទាំងអស់​នៅ​ក្រុមហ៊ុន រួមទាំង​ងារ​ជា​ឧកញ៉ា ហើយ​បាន​សម្តែង​ការសុំ​ទោស និង​សន្យា​សងជំងឺចិត្ត១០ម៉ឺន​ដុល្លារ​អាមេរិក​ដល់ក​ញ្ញា​សា​សា ប៉ុន្តែ​ភាគី សា​សា ប្រកាស​មិន​ទទួលយក​នោះឡើយ។

ក្រោយ​ការប្រកាស​ចាប់ខ្លួន​ពី​ភ្នាក់ងារ​ប៉ូលិស​អាំងទែរ​ប៉ូល លោក សុខ ប៊ុន បាន​វិល​មកពី​ប្រទេស​សឹង្ហ​បុរី​វិញ​កាលពី​ថ្ងៃទី១៨ ខែកក្កដា ហើយ​លោក​ត្រូវបាន​បញ្ជូនទៅ​សាកសួរភ្លាមៗនៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។ ក្រោយ​ការសាកសួរ​ជាង៤ម៉ោង លោក​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​សរ ដើម្បី​រង់ចាំ​ការកាត់ទោស។

រយៈពេល​មួយ​សប្តាហ៍​កន្លងមកនេះ សារព័ត៌មាន​បរទេស​ចាប់​លើ​ប្រធានបទធំៗបួន​នៅ​កម្ពុជា ក្នុងនោះ​រួមមាន ករណី​វិវាទ​ព្រំដែន​កម្ពុជា-វៀតណាម សកម្មភាព​តវ៉ា​ប្រឆាំងនឹង​ច្បាប់​គ្រប់គ្រង​អង្គ​ការដែល​អនុម័ត​ដោយ​សភាជាតិ និង​វត្តមាន​សត្វ​កណ្តុរ​ពី​អាហ្វ្រិក​មកជួយ​ដោះមីន​នៅ​កម្ពុជា។ ប៉ុន្តែ​សំណុំរឿង «សា​សា-សុខ ប៊ុន» មាន​ភាពលេច​ធ្លោរ​ជាងគេ៕



© រក្សាសិទ្ធិដោយ thmeythmey.com