ជាតិ
សង្គមជាតិ
លោក ប៉ាវ ស៊ីណា ថា សមាគម​រោងចក្រ​កាត់ដេរ​មិន​យល់​ពី​តម្រូវការ​កម្មករ
21, Jul 2015 , 8:19 pm        
រូបភាព
សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ថ្កោលទោស​ចំពោះ​មេដឹកនាំ​សហជីព​ចលនា​កម្មករ​លោក ប៉ាវ ស៊ីណា ដែល​បាន​នឹង​កំពុង​ដឹកនាំ​កូដកម្ម​មិន​គោរព​តាម​នីតិវិធី​ច្បាប់ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ ចំពោះ​ការទាមទារ​លោក ប៉ាវ ស៊ីណា ដែល​មិនមាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់​នេះ។ លោក ប៉ាវ ស៊ីណា យល់ថា GMAC មិន​យល់​ពី​ការទាមទារ​របស់​កម្ម​ករ ហើយ​ការចោទប្រកាន់​របស់ GMAC នាពេលនេះ គឺ​មិនបាន​ឆ្លុះបញ្ចាំង​ពី​តម្រូវការ​របស់​កម្មក​រ​ឡើយ។



សូមស្ដាប់ពត៌មានលម្អិត៖



លោក ប៉ាវ ស៊ីណា ប្រធាន​ចលនា​កម្មករ ដែល​រង​ការចោទប្រកាន់​ពី​ខាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា យល់ថា ភាគី​សមាគម​រោងចក្រ​កាត់ដេរ (GMAC) កំពុង​ចោទប្រកាន់​រូបលោក​ដោយ​មិន​យល់ច្បាស់​ពី​ការទាមទារ​របស់​កម្ម​ករ ដែល​គ្រាន់តែ​ចង់បាន​សំណង​ពី​និយោជក​នៅពេលដែល​ផ្ដាច់​កិច្ចសន្យាការងារ​ប៉ុណ្ណោះ។ មេដឹកនាំ​សហជីព​រូបនេះ បន្ថែមថា ការដឹកនាំ​កម្មករ​ទាមទារ​នេះ ដោយសារតែ​រូបលោក​បាន​រកឃើញថា ខាង​ភាគី​រោងចក្រ​មួយចំនួន​បាន​ប្រើប្រាស់​កិច្ចសន្យា​រយៈពេល​ខ្លី​ជាមួយ​កម្មករ ដែល​ធ្វើ​ឲ្យ​កម្មករ​ជា​អ្នកខាតបង់​ផលប្រយោជន៍។

ប្រធាន​ចលនា​កម្មករ​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«ការលើកឡើង​របស់​GMACនេះ មើលទៅ​ដូចជា​យកចិត្តទុកដាក់​ដល់​កម្មករ​ណាស់ ហើយ​មើល​មក​ខ្ញុំ​កំពុង​ធ្វើ​ខុស​អ៊ីចឹង។ តាមពិត​GMAC ខ្លួនឯង​ទេ​មិន​យល់ ព្រោះ​កន្លងមក​រោងចក្រ​ជាច្រើន​បាន​ប្រើប្រាស់​កិច្ចសន្យាការងារ​រយៈពេល​ខ្លី​ត្រឹម៣ទៅ៦ខែ ជាមួយ​កម្មករ​ជាច្រើន​មកហើយ។ ដូចនេះ​គឺ​ក្នុងនាម​ខ្ញុំ​ជា​សហជីព ក៏ដូចជា​កម្មករ​មាន​សិទ្ធិ​ក្នុងការ​ទាមទារ ក្នុងការ​ទា​សំណង​ផ្ដាច់​កិច្ចសន្យាការងារ​នេះ»។

សេចក្ដីថ្លែងការណ៍​សមា​គម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ចុះ​ថ្ងៃទី២០ កក្កដា ចោទ​ប្រធាន​សហជីព​ចលនា​កម្មក​រលោក ប៉ាវ ស៊ីណា ដែល​បានទាមទារ​ឲ្យ​រោងចក្រ​ធ្វើការ​ផ្លាស់ប្តូរ​កិច្ចសន្យាការងារ​មាន​ថិរវេលា​មិន​កំណត់ ទៅជា​កិច្ចសន្យាការងារ​មាន​ថិរវេលា​កំណត់ និង​ទាមទារ​ឱ្យ​និយោជក​ធ្វើ​សំណង ហាក់បីដូចជា​និយោជក​ជា​អ្នកផ្តើមគំនិត​ផ្តាច់​កិច្ចសន្យា។ ចំពោះ​សកម្មភាព​ទាមទារ​នេះ​បានបង្ហាញ​ពី​ការមិន​យល់ដឹង​ផ្នែក​ផ្លូវច្បាប់​ទាល់តែសោះ តែ​ជាការ​បំផ្លាញ​ផលប្រយោជន៍​កម្មករនិយោជិត​ក្នុង​រយៈពេល​វែង។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) អំពាវនាវ ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងឡាយ​ឲ្យ​ធ្វើការ​ពិនិត្យ និង​ចាត់វិធានការ​សមស្រប ណាមួយ​ចំពោះ​ការទាមទារ​ដែល​មិនមាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់ និង​មិនមាន​ទស្សនៈវិស័យ​វែងឆ្ងាយ​ចំពោះ​ផលប្រយោជន៍​កម្មករ​ក្នុង​រយៈពេល​វែង។  បន្ថែម​ពីនេះ សមាគម​ក៏​អំពាវនាវ​ដល់ លោក ប៉ាវ ស៊ីណា ឲ្យ​បញ្ឈប់​ការទាមទារ​បែបនេះ ព្រោះ​វា​បានបង្ហាញ​ពី​ការដើរថយក្រោយ​នៃ​ការការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​កម្មករ​និយោជិត។

កម្មករ​កាត់ដេរ​មក​ពី​រោងចក្រ​អេ​ឃិន​ថិ​ច(AkeentexPte Ltd) ១និង២ ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​នាំគ្នា​តវ៉ា​ជាថ្មី​នៅមុខ​ក្រសួង​ការងារ ដើម្បី​ទាមទារ​ឲ្យ​ក្រសួង​ការងារ​អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ​ឲ្យ​គោរព​លក្ខខណ្ឌ​ការងារ។

កម្មករ​រោងចក្រ​អេ​ឃិន​ថិ​ច១ និង​អេ​ឃិន​ថិ​ច២ បានចាប់ផ្ដើម​តវ៉ា​ចាប់ពី​ថ្ងៃទី១០ ខែកក្កដា ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ៩ចំណុច​ដូចជា សុំ​ឲ្យ​ក្រុមហ៊ុន​ផ្តាច់​កិច្ចសន្យា​ទូទាត់​សំណង​តាមផ្លូវ​ច្បាប់៥ភាគរយ មិនត្រូវ​កាត់លុយ​ពេល​កម្មករ​ធ្វើ​កូដកម្ម មិនត្រូវ​បង្ខំ​កម្មករ​ឲ្យ​ធ្វើការ​ថែម​ម៉ោង សុំ​បន្ថែម​ថ្លៃ​បាយ​ក្នុង១ថ្ងៃ​ចំនួន២០០០រៀល សុំ​ដំឡើង​ប្រាក់​ធ្វើដំណើរ៧ដុល្លារ​បន្ថែម ជាដើម៕


Tag:
 GMAC
  លោក ប៉ាវ ស៊ីណា
© រក្សាសិទ្ធិដោយ thmeythmey.com