ជាតិ
សង្គមជាតិ
កម្ពុជា​នឹង​ជួប​វិបត្តិ​ខ្វះ​ចុងភៅ​ប្រសិនបើ​គ្មាន​ការបណ្តុះបណ្តាល​បន្ថែម
22, Jul 2015 , 11:04 am        
រូបភាព
សៀមរាប៖ អ្នកវិភាគ​សេដ្ឋកិច្ច​ធ្លាប់បាន​និយាយ​ហើយ​ថា កម្ពុជា​អាច​នឹង​ជួប​វិបត្តិ​ខ្វះ​ធនធានមនុស្ស នៅពេល​ទីផ្សារ​អាស៊ាន​ចូល​មកដល់​ក្នុងពេលឆាប់ៗខាងមុខនេះ។ ជំនាញ​ចុងភៅ គឺជា​ជំនាញ​មួយ​យ៉ាងសំខាន់​ក្នុង​វិស័យ​ទេសចរណ៍ ហើយ​បច្ចុប្បន្ន​តម្រូវការ​លើ​ជំនាញ​នេះ​មាន​ច្រើន។ ដោយសារ​កំណើន​សណ្ឋាគា​រ និង​ភោជនីយដ្ឋាន ធ្វើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ព្រួយបារម្ភ​ចំពោះ​វិបត្តិ​ចុងភៅ។ បើតាម​លោក​រដ្ឋមន្ត្រី កម្ពុជា​អាច​នឹង​ជួប​វិបត្តិ​ខ្វះ​ចុងភៅ ប្រសិនបើ​ពុំមាន​ការបណ្តុះបណ្តាល​ប​ន្ថែ​ម ហើយ​មនុស្ស​មួយចំនួន​បាន មើលរំលង​នឹង​ជំនាញ​មួយ​នេះ។



ថ្លែង​នៅ​ចំពោះមុខ​ក្រុម​ចុងភៅ​ក្នុង​សមាគម​ចុងភៅ​កម្ពុជា​ប្រមាណ៥០នាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​និយាយថា ចុងភៅ​គឺ​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា។ ក្រៅពី​សេវា​ស្នាក់នៅ​ដែល​ឈរ​នៅ​លេខ​មួយ ក្នុងនោះ​សេវា​ម្ហូបអាហារ បាន​ឈរ​នៅ​លេខ​រៀង​ទី២ ក្នុង​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍។

ក្នុង​ពិធី​ចែក​បណ្ណ​សរសើរ​ដល់​ស​មា​គម​ចុងភៅ​ក្នុង​សណ្ឋាគារ អង្គរ​ភែ​លេស រី​ស៊​ត និង​ស្ប៉ា លោក ថោង ខុន បញ្ជាក់ថា បច្ចុប្បន្ន​កម្ពុ​ជាមាន​សាលា​បណ្តុះបណ្តាល​ជំនាញ​ចុងភៅ​តិចតួច​នៅឡើយ ក្នុងនោះ​មាន​អង្គការ​ភាព​ញញឹម​នៃ​កុមារ (PSE) សាលា​ផ្ទះបាយ និង​សាលា​ប៊ុ​យ​ណឺ​ប្រ៊ុ​ល នៅ​សៀមរាប។ ដែល​បញ្ហា​នេះ ធ្វើ​ឲ្យ​លោក​រដ្ឋមន្ត្រី ព្រួយបារម្ភ​ថា កម្ពុជា​អាច​នឹង​ជួប​វិបត្តិ​ខ្វះ​ចុងភៅ ប្រសិនបើ​ទីផ្សារ​សណ្ឋាគារ និង​ភោជនីយដ្ឋាន មាន​កំណើន​នៅ​ឆ្នាំ​ទៅមុខ។

សូម​ស្តាប់​ការលើកឡើង​របស់លោក ថោង ខុន




លោក ឡង់ បូរ៉ា អនុប្រធាន​សមា​គ​មចុ​ង​ភៅ​កម្ពុជា បាន​ឲ្យ​ដឹងថា លោក​អាច​ប៉ាន់ស្មាន​បាន​ថា នៅ​ខេត្តសៀមរាប មាន​ចុងភៅ​ទាំងអស់​មិន​ក្រោម១ពាន់​នាក់​នោះទេ។ លោក បូរ៉ា ពន្យល់ថា នៅ​ខេត្តសៀមរាប មាន​សណ្ឋាគារ​ប្រមាណ១៨០ ហើយ​ក្នុង​មួយ​សណ្ឋាគារ​តម្រូវការ​ចុងភៅ​មាន​ពី ៣០ទៅ៥០នាក់ និង​ភោជនីយដ្ឋាន​តម្រូវការ​ចុងភៅ​មាន​ពី ១០ទៅ២០នាក់។ យ៉ាងណាមិញ អនុប្រធាន​សមា​គ​មចុ​ង​ភៅ​កម្ពុជា បាន​យល់ស្រប​ចំពោះ​វិបត្តិ​ខ្វះ​ចុងភៅ​ទៅ​ថ្ងៃ​អនាគត។ លោក ឡង់ បូរ៉ា បញ្ជាក់ថា៖« តាម​គំនិត​ខ្ញុំ ក្នុងមួយឆ្នាំៗ យើង​ត្រូវការ​ចុងភៅ​យ៉ាងតិច១០០នាក់ ដើម្បី​អាច​ទប់​ទាល់​នឹង​កំណើន​សណ្ឋាគារ និង​ភោជនីយដ្ឋាន ដែល​ចេះតែ​កើន​រាល់​ឆ្នាំនេះ»។

គួរ​បញ្ជាក់ថា ចុងភៅ​ប្រមាណ៥០នាក់ បានទទួល​បណ្ណ​សរសើ​រ​ពី​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក្រោយពេល​ពួកគេ​បាន​បំបែក​ឯក​គ្គត​កម្ម​ធ្វើ​នំអន្សម​យក្ស ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ក្នុង​ឆ្នាំ២០១៥កន្លងទៅ៕






© រក្សាសិទ្ធិដោយ thmeythmey.com