ជាតិ
សង្គមជាតិ
លោក ឱម យ៉ិនទៀង៖ ករណី​ឧកញ៉ា ថោង សារ៉ាត់ ត្រូវ​បំបែក មួយ​ដំណាក់កាលម្តងៗ
22, Jul 2015 , 1:30 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ប្រធាន​អង្គភាព​ប្រឆាំង​ពុករលួយ (ACU) លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​ប្រាប់ថា ACU មិនបាន​បំភ្លេច​ការស៊ើបអង្កេត​សំណុំរឿង​ឧកញ៉ា ថោង សារ៉ាត់ ពាក់​ព័ន្ធនឹងករណី​ពុករលួយ​ក្នុង​តុលាការ​នោះទេ ដោយ​លោក​បញ្ជាក់ថា ACU បាន និង​កំពុង​បំបែកសំណុំ​រឿងនេះ មួយ​ដំណាក់កាលម្តងៗ។ លោក​បាន​ប្រាប់ពី​មូលហេតុ​នៃ​ការ​បំបែក​សំណុំរឿងនេះ​ថា ដោយសារសំណុំរឿង​មាន​លក្ខណៈ​ស្មុគស្មាញ ដែល​តម្រូវ​ឲ្យ​បើក​ការស៊ើបអង្កេត ជា​ដំណាក់កាលម្តងៗ មុនបញ្ជូន​បន្តទៅ​តុលាការ។ លោក​និយាយ​បែបនេះ បន្ទាប់ពី​ពិធី​ចែក​ពានរង្វាន់​ដល់​អ្នកសារព័ត៌មាន​ឆ្នើម សម្រាប់​ការរាយការណ៍​ពី​អំពើពុករលួយ​ប្រចាំឆ្នាំ២០១៥ នៅ​ថ្ងៃទី២២ ខែកក្កដា​នេះ។



សំឡេង​លោក ឱម យ៉ិនទៀង៖



សំណុំ​រឿងនេះ ពាក់ព័ន្ធ​នឹង​ករណី​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ អាយុ ៥៣ ឆ្នាំ ជា​ថៅកែ​ក្រុមហ៊ុន ស៊ីម៉ងត៍​ត្បូង​ពេជ្រ និង​ជា​ប្រធាន​ក្រុមហ៊ុន Shimmex Group។ លោក​ អ៊ឹង ម៉េង​ជឺ ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់ កាលពី​រសៀល​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៤ ខណៈពេល​លោក​ចុះ​ពី​រថយន្ត​ឡិច​ស៊ី​ស ៥៧០ ដើម្បី​ទៅ​ទិញ​ផ្លែឈើ នៅ​ហាង​លក់​ផ្លែឈើ​មួយ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី ២ ខណ្ឌចំការមន។ សំណុំរឿង ត្រូវបាន​ធ្លាក់​ដល់ដៃ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ពាក់ព័ន្ធ​នឹង​សេចក្តីស​ម្រ​ច​របស់ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែលដោះលែង​ឪពុកម្តាយ លោក ថោង សារ៉ាត់ នៅក្រៅ​ឃុំ​បណ្តោះអាសន្ន  កាលពី​ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅ។ ទន្ទឹមគ្នា​ដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​បើក​ការស៊ើបអង្កេតលើ​ករណីនេះ ដោយ​លោក​សង្ស័យថា អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ​ថវិកា​រាប់លាន​ដុល្លារ​អាមេរិក​ផង។

សូម​រម្លឹក​ផងដែរ កាលពី​ថ្ងៃទី១៥ ខែមិថុនា​កន្លងទៅ តុលា​ការចេញ​សាលក្រម​សម្រេច​ផ្តន្ទាទោស​ឧកញ៉ា ថោង សារ៉ាត់ ឲ្យ​ជាប់ពន្ធនាគារ ២ឆ្នាំ និង ៦ខែ​និង​ពិន័យ​ប្រាក់​ចំនួន ៦លាន​រៀល​ពីបទ «ការកាន់កាប់ ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​មិនមាន​ការអនុញ្ញាត»។ រីឯ ​ឪពុកម្តាយ​ឧកញ៉ា ថោង សារ៉ាត់ លោក​ ថោង ចំរើន និង​អ្នកស្រី កែវ សារី ត្រូវបាន​តុលាការ​សម្រេច​ផ្ទ​ន្តា​ទោសម្នាក់ៗកំណត់​ពីរ​ឆ្នាំ និង​ពិន័យ ៦លាន​រៀល តាម​មាត្រា៤៩០ នៃ​ក្រមព្រហ្មទណ្ឌ។

ឧកញ៉ា ថោង សារ៉ាត់ និង​អង្គរក្ស ៨នាក់​ផ្សេងទៀត ក៏​កំពុង​ជាប់ចោទ​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា ២០០ និង​បទ​ផ្តើមគំនិត និង​បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន មាត្រា ២៨ និង២៩នៃ​ក្រមព្រហ្មទណ្ឌ។ តាម​ក្រមព្រហ្មទណ្ឌ ប្រសិនបើ​ពួកគេ​ត្រូវបាន​តុលាការ​រកឃើញថា មាន ពិរុទ្ធភាព​ពិតមែន​នោះ​ពួកគេ​នឹង​ប្រឈមមុខ​ជាប់​ក្នុង​ពន្ធនាគារ​អស់​មួយជីវិត៕


Tag:
 លោក ឱម យ៉ិនទៀង
 ឧកញ៉ា ថោង សារ៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com