ជាតិ
សង្គមជាតិ
បាឋ​កថា​ស្តីពី​ទំនាក់ទំនង​សិល្បៈ​ខ្មែរ​និង​ចាម​នឹង​រៀបចំ​ធ្វើ​នៅ​ចុងខែ​កក្កដា​នេះ
22, Jul 2015 , 3:44 pm        
រូបភាព
សៀមរាប៖ បាឋកថា​ដ៏​កម្រ ដែល​និយាយ​ពី​ទំនាក់ទំនង​សិល្បៈ​ខ្មែរ និង​ចាម នឹង​រៀបចំ​ធ្វើ​នៅ​ចុងខែ​កក្កដា ខាងមុខនេះ។ បាឋកថា​នេះ មាននិយាយ​ពី​ប្រវត្តិសាស្ត្រ​ចាម វប្បធម៌ និង​សិល្បៈ​ចាម ទំនាក់ទំនង​សិល្បៈ​ចាម និង​ខ្មែរ​សម័យអង្គរ​ជាដើម។



មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​រៀបចំ​ធ្វើ​បាឋកថា​ស្តីពី ទំនាក់ទំនង​សិល្បៈ​ខ្មែរ និង​ចាម បាន​ពន្យល់​ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​នៅ​ថ្ងៃទី២២ កក្កដា​នេះ​ថា បាឋកថា (ការធ្វើ​បទ​បង្ហាញ) នេះ ធ្វើឡើង​ក្នុង​គោលបំណង​ចែករំលែក​បទពិសោធន៍ ស្រាវជ្រាវ ក៏ដូចជា​ការបន្ថែម​ចំណេះដឹង​ថ្មី​ទៀត ដល់​អ្នកស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ ឲ្យ​ដឹងបាន​កាន់តែច្បាស់​ពី ទំនាក់ទំនង​សិល្បៈ​ខ្មែរ និង​នគរ​ចម្ប៉ា។

បាឋកថា​ដែល​គ្រោង​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ៣០ កក្កដា វេលា​ម៉ោង៩ ដល់​ម៉ោង១១ ផ្តោត​សំខាន់​ចំណុច៣។ ទី១ សិក្សា​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ប្រវត្តិសាស្ត្រ​ចាម វប្បធម៌ និង​សិល្បៈ​ចាម ទី២ ទំនាក់ទំនង​រវាង​សិល្បៈ​ចាម និង​ខ្មែរ​សម័យអង្គរ និង​ទី៣ ទំនាក់ទំនង​សិល្បៈ​ចាម និង​ប្រាសាទ​ភិ​ម៉ា​យ​ប្រទេស​ថៃ។

គួរ​បញ្ជាក់ដែរថា បាឋកថា​នេះ​ធ្វើឡើង​នៅ​អាជ្ញាធរ​ជាតិ​អប្សរា ហើយ​វាគ្មិនសំខាន់ៗរួមមាន លោក​សាស្ត្រាចារ្យ Tran Ky Phoung អ្នកជំនាញ​ខាង​ប្រវត្តិសាស្ត្រ និង សិល្បៈ​ចាម និង​ជា​សមាជិក​ក្រុម​ស្រាវជ្រាវ​ផ្លូវ​បុរាណ​សម័យអង្គរ ភាគី​វៀតណាម។ និង​ភាគី​អាជ្ញាធរ​អប្សរា លោក អ៊ឹម សុខ​រិទ្ធី ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​ផ្លូវ​បុរាណ​សម័យអង្គរ​ភាគី​កម្ពុជា៕


© រក្សាសិទ្ធិដោយ thmeythmey.com