ជាតិ
សង្គមជាតិ
កម្ពុជា​មិនអាច​សម្រេច​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ​បាន៥លាន​នាក់​នៅ​ឆ្នាំនេះ​ទេ
23, Jul 2015 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ

កម្ពុជា​ទំនងជា​មិនអាច​សម្រេចបាន​នូវ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​ចំនួន៥លាន​នាក់ នៅ​ឆ្នាំ២០១៥នេះ​ទេ។ តួលេខ​ដែល​រំពឹងទុក អាច​ទទួល​បានតែ​ប្រមាណ៤លាន៨សែន​នាក់​ប៉ុណ្ណោះ។


ការប្រែប្រួល​នេះ​ត្រូវបាន​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ពន្យល់ថា  មកពី​បញ្ហា​ដែល​កំពុង​កើតមាន​នៅក្នុង​តំបន់​និង​ក្នុង​ពិភពលោក​ដូចជា​សកម្មភាព​របស់​ពួក​ISIS ការផ្ទុះ​ជំងឺ​MERS នៅ​កូរ៉េខាងជើង វិបត្តិ​សេដ្ឋកិច្ច​នៅ​រុស្ស៊ី​ជាដើម។

ក្នុងជំនួប​ពិភាក្សា​អំពី​វិស័យ​ទេសចរណ៍ ជាមួយ​វិស័យ​ឯកជន​នៅ​ខេត្តសៀមរាប​នៅ​ថ្ងៃទី២០ខែកក្កដា​លោក ថោង ខុន បាន​ឲ្យ​ដឹង​ទៀតថា មិនមែន​តែ​កម្ពុ​ជាមួយ​ទេ​ដែលមាន​ជួបប្រទះ​នូវ​បញ្ហា​ធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវទេសចរ​នេះ ប្រទេស​វៀតណាម ថៃ និង​កូរ៉េខាងត្បូង​ជាដើម​ក៏​ជួប​វិបត្តិ​ដូចគ្នានេះដែរ​នៅក្នុង​ឆមាស​ទី១ ឆ្នាំ២០១៥ ។ប្រទេស​វៀតណាម​មាន​អត្រា​ធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន៤០ភាគរយ ប្រទេស​ថៃ២០ភាគរយ ខណៈដែល​ប្រទេស​កូរ៉េខាងត្បូង​ធ្លាក់ចុះ​រហូតដល់​ទៅ៦០ភាគរយ។

ក្នុង​រយៈពេល៦ខែ​ដើម ឆ្នាំ២០១៥ កម្ពុជា​ទទួលបាន​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ៤.៤ភាគរយ ក្នុងនោះ​ភ្ញៀវទេសចរ​ចិន​ស្ថិតនៅ​លំដាប់​ទី១ កូរ៉េ​លេខ២ថៃ​ជាប់​ស្ថិតនៅ​លំដាប់​លេខ៣ បន្ទាប់មក​មាន​អាមេរិក វៀតណាម អង់គ្លេស​បារាំង​ម៉ាឡេស៊ី និង​អាល្លឺម៉ង់។សម្រាប់​ខេត្តសៀមរាប រមណីយដ្ឋាន​អង្គរ​ទទួលបាន​ទេសច​រ​សរុប​ចំនួន១, ០៨៤, ៤២៧នាក់​កើនឡើង ១.៦១ភាគរយ ធៀប​នឹង​ឆ្នាំ២០១។ ក្នុងចំណោម​ភ្ញៀវទេសចរ​ទាំងអស់ មាន​អ្នកទេសចរ  បរទេស​ដែល​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ​ចំនួន ១១៤, ០៦៦នាក់ កើន១៣.១៩គិត​ជា​ទឹកប្រាក់​ចំនួន៣, ១១២, ៦៦០ដុល្លារ៕

ប្រភព​៖AKP




© រក្សាសិទ្ធិដោយ thmeythmey.com