ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីអប់រំ៖ វិញ្ញាសាប្រឡងបាក់ឌុបឆ្នាំ២០១៥នេះ មិនបែកធ្លាយឡើយ
× ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជានឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ខាងមុខ។ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បញ្ជាក់ថា វិញ្ញាសាប្រឡងបាក់ឌុបក្នុងឆ្នាំនេះ នឹងមិនអាចបែកធ្លាយឡើយ ដោយលោកអះអាងថា ក្រសួងបានរៀបចំតឹងរឹង ចំពោះបញ្ហានេះ។ លោកបន្ថែមថា ចំពោះករណីលិចលឺថា មានបែកធ្លាយវិញ្ញាសា មុនការប្រឡងនោះ គឺជាការបោកកុហក។ «ខ្ញុំសូមថា វិញ្ញាសារមិនអាចធ្លាយបានទេ អ្នកណាថា វិញ្ញាសាបែកធ្លាយត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ ហើយក្រសួងអប់រំ និងអង្គភាពប្រឆាំងអំពើពុករលួយនឹងបើកការស៊ើបអង្កេតភ្លាម»។ នេះជាប្រសាសន៍បញ្ជាក់របស់លោករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន នៅក្នុងពិធីសាទរជូនដំណើរនិស្សិតអាហារូបករណ៍របស់ EU នៅថ្ងៃទី២៣ ខែកក្កដា ក្នុងស្ថានទូតប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា។
សំឡេងលោក ហង់ ជួន ណារ៉ុន៖
សួមបញ្ជាក់ផងដែរ កាលថ្ងៃទី១៦ កក្កដាកន្លងទៅ អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន បានប្រាប់ថា វិញ្ញាសាប្រឡងបាក់ឌុបនឹងត្រូវបញ្ជូនចេញពីរាជធានីភ្នំពេញដល់តាមមណ្ឌលទូទាំប្រទេស នៅអំឡុងថ្ងៃទី២០ ខែសីហា។ សម័យប្រឡងឆ្នាំនេះ ទាំងថ្នាក់វិទ្យាសាស្ដ្រ និងថ្នាក់វិទ្យាសាស្ដ្រសង្គម មានបេក្ខជនប្រឡងសរុបចំនួន ៨៨ ៤៨៨នាក់ ក្នុងនោះ មានបេក្ខជនធ្លាក់បាក់ឌុបឆ្នាំមុនជាង ១ម៉ឺននាក់ដែរ។ មណ្ឌលប្រឡងឆ្នាំនេះ មានចំនួន ១៤៩មណ្ឌល ចែកជា ៣ ៥៧៦បន្ទប់ នៅរាជធានីខេត្ដទាំង ២៥ ៕
Tag:
(លោក ហង់ ជួន ណារ៉ុន
បាក់ឌុប)
© រក្សាសិទ្ធិដោយ thmeythmey.com