ជាតិ
សង្គមជាតិ
និស្សិត ៦៥នាក់ទទួលបានអាហារូបករណ៍សិក្សានៅ EU ប្រចាំឆ្នាំ ២០១៥
× ភ្នំពេញ៖ សមណនិស្សិត និស្សិត និងបុគ្គលិកសិក្សាខ្មែរចំនួន ៦៥នាក់ បានទទួលអាហារូបករណ៍ពីសហភាពអឺរ៉ុប (EU) ប្រចាំឆ្នាំ ២០១៥ ក្រោមគម្រោងកម្មវិធីអាហារូបករណ៍ Erasmus Mundus និង Erasmus+ ក្នុងរយៈពេលផ្សេងៗគ្នាចន្លោះពី ៦ខែ ទៅ ៤ឆ្នាំ ដើម្បីទៅសិក្សានៅទ្វីបអឺរ៉ុប។
និស្សិតទទួលបានអាហារូបករណ៍នឹងបន្តការសិក្សាតាមសាកលវិទ្យាល័យចំនួន ២៧ ក្នុងប្រទេសចំនួន ១៦ ដែលជារដ្ឋសមាជិកសហភាពអឺរ៉ុប ក្នុងនោះ រួមមាន ប្រទេសបារាំង ប្រទេសអូទ្រីស ប៊ែលហ្ស៊ិក ប៊ុលហ្ការី សាយប្រឺស សាធារណរដ្ឋឆែក អាល្លឺម៉ង់ អេស្តូនី បារាំង អៀរឡង់ អ៊ីតាលី ហុងគ្រី ហូឡង់ ព័រទុយហ្កាល់ រ៉ូម៉ានី អេស្ប៉ាញ និងប្រទេសស៊ុយអែត។
អាហារូបករណ៍ Erasmus Mundus និង Erasmus+ ចែកចេញជាកម្រិតសិក្សាផ្សេងៗគ្នា ដូចជា កម្រិតកម្មវិធីផ្លាស់ប្តូរការសិក្សារយៈពេលខ្លី កម្រិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងថ្នាក់ក្រោយបណ្ឌិត។ និស្សិតនឹងទៅសិក្សាលើឯកទេសផ្សេងៗគ្នា រួមមាន កសិកម្ម បរិស្ថាន ធុរកិច្ច អប់រំ វិស្វកម្ម សេដ្ឋកិច្ច សុខាភិបាល ជលផល ព្រៃឈើ ភូគព្ភសាស្ត្រ ព័ត៌មានវិទ្យា គ្រប់គ្រង និងអភិវឌ្ឍន៍ជនបទជាដើម។
ភារធារី នៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Alain Vandersmissen មានប្រសាសន៍ ក្នុងកម្មវិធីសាទរជូនដំណើរជ័យលាភី នៅរសៀលថ្ងៃទី២៣ ខែកក្កដានេះ ថា ចាប់តាំងពីឆ្នាំ ២០០៥ មក កម្មវិធីអាហារូបករណ៍ Erasmus Mundus និង Erasmus+ ដែលឧបត្ថម្ភមូលនិធិដោយសហភាពអឺរ៉ុប បានផ្តល់អាហារូបករណ៍ដល់និស្សិត និងបុគ្គលិកសិក្សាកម្ពុជាចំនួន ៤៨៧នាក់ ដើម្បីទៅបន្តសិក្សាតាមបណ្តាប្រទេសនានាក្នុងទ្វីបអឺរ៉ុប។
អាហារូបករណ៍សហភាពអឺរ៉ុបនេះ គឺជាការបំពេញបន្ថែមលើការគាំទ្រវិស័យអប់រំរបស់ EU ក្នុងប្រទេសកម្ពុជា។ លោកភារធារីបន្ថែមថា EU និងក្រសួងអប់រំ យុវជន និងកីឡា មានភាពជាដៃគូដ៏យូអង្វែង ដោយលោកលើកឡើងថា ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ការអភិវឌ្ឍ និងកំណែទម្រង់លើវិស័យអប់រំរបស់សហភាពអឺរ៉ុបនៅទស្សវត្សរ៍ចុងក្រោយនេះ មានចំនួនទឹកប្រាក់ជាង ១០០លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ ២០១៤។ ហើយថ្មីៗនេះ EU បានផ្តល់ថវិកាជាង ១៤០លានដុល្លារអាមេរិក ដើម្បីជួយពង្រឹងវិស័យអប់រំ ពិសេសគឺ ការអភិវឌ្ឍការអប់រំកុមារតូច និងការអប់រំកម្រិតមូលដ្ឋាន សម្រាប់រយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២០ដែរ។
ក្នុងឱកាសនេះ លោករដ្ឋមន្ត្រីក្រសួងអប់រំ ហង់ ជួន ណារ៉ុន បានជំរុញឲ្យនិស្សិតទាំងអស់ ព្យាយាមស្វែងយល់ពីវប្បធម៌ ការអប់រំ និងការរស់នៅរបស់ប្រជាជនអឺរ៉ុប ដើម្បីយកគំនិតមក ជួយអភិវឌ្ឍកម្ពុជាវិញ។ លោកថា៖«នេះគឺជាបេសកកម្មសម្រាប់ជ័យលាភីទាំងអស់ ទៅដកពិសោធន៍សិក្សានៅតំបន់អឺរ៉ុប ដូច្នេះយើងត្រូវស្វែងយល់អ្វីប្លែក អ្វីដែលមានប្រយោជន៍ ដើម្បីយកមកជួយអភិវឌ្ឍគ្រួសារ និងប្រទេសជាតិ»។
សមណនិស្សិត និងនិស្សិត ដែលទទួលអាហារូបករណ៍ទាំងអស់សុទ្ធ មានអារម្មណ៍រីករាយ នឹងអាហារូបករណ៍របស់ EU នេះ ហើយពួកគេប្តេជ្ញានឹងយកចំណេះជំនាញមកជួយអភិវឌ្ឍប្រទេសជាតិ។
កញ្ញា ទីវ សុកញ្ញាណា អាយុ ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១ ជំនាញច្បាប់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានអារម្មណ៍រីករាយជាខ្លាំង នៅពេលជាប់ អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រវេជ្ជសាស្ត្រ នៅ Charles University ក្នុងសាធារណរដ្ឋឆែក។ នាងប្រាប់ថា៖«ខ្ញុំមានបំណងរៀនពេទ្យតាំងពីឆ្នាំចប់បាក់ឌុបមុនមកម្លេះ តែបំណងមិនបានសម្រេចទើបខ្ញុំចូលរៀនច្បាប់ តែឥឡូវខ្ញុំបានសម្រេចបំណងនេះ ខ្ញុំរីករាយណាស់»។ សុកញ្ញាណា ប្តេជ្ញាថា នាងនឹងព្យាយាមក្រេបវិជ្ជាពេទ្យពីប្រទេសឆែក ដើម្បីយកមកអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា។
ដោយឡែក លោក ញឹម ទុំ អាយុ ២៧ឆ្នាំ ជានិស្សិតទើបបញ្ចប់ថ្នាក់អនុបណ្ឌិតក្នុងឆ្នាំ ២០១៥ លើជំនាញសេដ្ឋកិច្ចបរិស្ថាន និងកសិកម្ម នៃ Michigan State University នៅសហរដ្ឋអាមេរិក និងជាជ័យលាភីបន្តថ្នាក់បណ្ឌិតរយៈពេលជាង ៤ឆ្នាំ លើជំនាញដដែល នៅប្រទេសហូឡង់ ប្តេជ្ញាថា លោកនឹងស្រាវជ្រាវលើជំនាញនេះ ឲ្យកាន់លម្អិត ដើម្បីជួយលើកកម្ពស់បរិស្ថានសង្គមថែមទៀត។ «ខ្ញុំនឹងយកចំណេះដឹងជួយលើកសម្រស់ប្រទេសយើងឲ្យដូចប្រទេសអភិវឌ្ឍ»។ នេះជាការអះអាងរបស់លោក ទុំ។
មិនខុសពីនិស្សិតខាងលើ សមណៈនិស្សិតតែមួយអង្គគត់ ដែលទទួលអាហារូបករណ៍កម្មវិធីផ្លាស់ប្តូរការសិក្សាជិត ១០ខែ លើជំនាញសន្តិភាព និងការអភិវឌ្ឍ នៅ Masaryk University ក្នុងប្រទេសឆែក ព្រះតេជគុណ ខិន ហន មានសង្ឃដីកាថា ព្រះអង្គនឹងយកជំនាញនេះ អប់រំប្រជាជនឲ្យក្លាយជាពលរដ្ឋល្អ ដែលប្រកដោយសីលធម៌ សុវជីធម៌។ សមណៈនិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញ ទំនាក់ទំនង អន្តរជាតិ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានមានសង្ឃដីកាបន្តថា៖«កាលណា ពលរដ្ឋមានសីលធម៌ ចេះត្រិះរិះពិចារណានោះ សង្គមនឹងក្លាយជាសង្គមសន្តិភាព និងសន្តិសុខពេញលេញ»។
ជាមួយគ្នានេះ កញ្ញា ពៅ លក្ខិណា អាយុ ២៥ឆ្នាំ ជានិស្សិតទទួលបានអាហារូបករណ៍ ថ្នាក់អនុបណ្ឌិត ជំនាញគីមីចំណីអាហារ នៅ TOULOUSE University ប្រទេសបារាំង និយាយថា នាងនឹងទៅសិក្សាស្វែងយល់ពីគ្រប់គ្រងរក្សាម្ហូបអាហារ នៅប្រទេសបារាំង ដើម្បីយកចំណេះបច្ចេកទេសមកអភិវឌ្ឍផ្នែកចំណីអាហារនេះ នៅកម្ពុជា។ និស្សិតបានបញ្ចប់ ថ្នាក់បរិញ្ញាបត្រ ជំនាញវិទ្យាសាស្ត្រសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិម្ម (ចំការដូង) រូបនេះ ប្រាប់ថា៖«ខ្ញុំចាប់យកជំនាញនេះ ព្រោះខ្ញុំយល់ថា កម្ពុជានៅខ្វះអ្នកជំនាញគ្រប់គ្រងចំណី អាហារ ពិសេសគឺ ចំណីអាហារនាំចូលពីក្រៅប្រទេសតែម្តង»។
សូមបញ្ជាក់ថា កាលឆ្នាំ២០១៤កន្លងទៅ និស្សិត និងបុគ្គលិកសិក្សាកម្ពុជាចំនួន ៥០នាក់ បានទទួលអាហារូបករណ៍ពីសហភាពអឺរ៉ុប (EU) ក្រោមគម្រោងកម្មវិធីអាហារូបករណ៍ Erasmus Mundus និង Erasmus+ នេះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com