ជាតិ
សង្គមជាតិ
សាលា​រាជធានី​អនុញ្ញាត​ចរាចរ​លើផ្លូវ​ក្រោម​ដី​តិច​ណូ ចាប់ពី​ថ្ងៃ២៥ កក្កដា​នេះ
24, Jul 2015 , 3:31 pm        
រូបភាព
ដោយ:
ផ្លូវ​ក្រោម​ដី​តិច​ណូ​ដែល​បាន​បើក​ការដ្ឋាន​សាងសង់​ជាង ១០ខែ​មកហើយ​នោះ គឺ​ចាប់ពី​ថ្ងៃទី៩ ខែកញ្ញា​ឆ្នាំ២០១៤ បាន​ស្ថាបនា​រួចរាល់​ហើយ។ សាលា​រាជធានី​ភ្នំពេញ នឹងដាក់​ឲ្យ​ប្រើប្រាស់ ផ្លូវ​ក្រោម​ដី​តិច​ណូ​ជា​បណ្តោះអាសន្ន ចាប់​ព្រឹក​ថ្ងៃទី២៥ ខែកក្កដា​នេះ។



សាលា​រាជធានី​ភ្នំពេញ បាន​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា ផ្លូវ​ក្រោម​ដី​តិច​ណូ​នេះ បើក​សម្រាប់​ចរាចរ​ជា​ផ្លូវ​ឯកទិស មួយ​គន្លង​សម្រាប់​រថយន្ត និង មួយ​គន្លង​ទៀត សម្រាប់ ទោចក្រយានយន្ត ដែល​ធ្វើចរាចរ​ពី​រង្វង់​មូល​ទួលគោក​នៃ​មហាវិថី​គីម អ៊ី​ល​ស៊ុ​ង ត្រូវ​ចូល​គន្លង កណ្តាល​ជាប់​អ័ក្ស​ផ្លូវ ដោយ​ចុះ​ជម្រាល​ផ្លូវ​ក្រោម​ដី ហើយ​បត់​ឆ្វេង​រួច​ឡើង​តាម​មហាវិថី សហ​ព័​ន្ឋ​រុស្ស៊ី ឆ្ពោះ​ទិស​ទៅ​ភ្លើងស្តុប​បេ​កា​សេ។ ការដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ក្រោម​ដី​តិច​ណូ ដែលមាន​ប្រវែង ៣៣៣ម៉ែត្រ មាន​ទទឹង​ពី ៦ម៉ែត្រ​ទៅ ៧.៥ម៉ែត្រ​នេះ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាជន។

ជាមួយគ្នានេះ សាលា​រាជធានី​ក៏បាន​ដាក់​បម្រាម​មួយចំនួន រួមមាន ហាម​ដឹកទំនិញ សំពីងសំពោង បើកបរ​ក្នុង​ល្បឿន​មិន​លើសពី ២០គីឡូម៉ែត្រ​ក្នុង១ម៉ោង ហាម​ជិះ​វ៉ា​ប្រជែង​គ្នា និង​ហាម​ការ​ជិះ​ប​ព្ច្រា​សទិស​ជាដាច់ខាត ព្រមទាំង​ហាម​ការឈប់​សំចត​នៅ​ផ្លូវ​ក្រោម​ដី។


សូមបញ្ជាក់​ផងដែរ សាលា​រាជធានី​ភ្នំពេញ​បាន​បិទ​ចរាចរណ៍​មួយ​ចំហៀង​ផ្លូវ នៃ​មហាវិថី​សហព័ន្ធរុស្ស៊ី រយៈពេល​ជាង២ខែ​មកហើយ ពោលគឺ​ចាប់ពី​ថ្ងៃទី២៣ខែឧសភា​មក​ម្លេះ ដើម្បី​ជំរុញ​ឲ្យ​ការស្ថាបនា​ផ្លូវ ក្រោម​ដី​តិច​ណូ​បញ្ចប់​ទៅតាម​គម្រោង។ គម្រោង​សង់ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​តិច​ណូ​នេះ ចំណាយ​ថវិការដ្ឋ​ជាង ១៤លាន​ដុល្លារ​អាមេរិក ហើយនឹង​បញ្ចប់​ជា​រួចរាល់ នៅ​ដើមខែ​មករា ឆ្នាំ២០១៦ខាងមុខ៕


Tag:
 ផ្លូវ​ក្រោម​ដី
 សាលា​រាជធានី​ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com