ជាតិ
សង្គមជាតិ
ដាំកូនឈើ៥០០០ដើមនៅភ្នំគូលែនដើម្បីការពារប្រាសាទក្នុងខេត្តសៀមរាប
× សៀមរាប៖ ទឹកមានទំនាក់ទំនងសំខាន់ទៅនឹងប្រាសាទ។ អ្នកបុរាណវិទ្យាអះអាងថា ទឹកជាផ្នែកមួយសំខាន់ ក្នុងការទប់លំនឹងគ្រឹះប្រាសាទ។ ទឹកស្ទឹងនៅក្នុងខេត្តសៀមរាប គឺមានប្រភពមកពីភ្នំគូលែន។ យោងតាមរបាយការណ៍កាលពីពេលថ្មីៗនេះ ព្រៃឈើនៅលើភ្នំគូលែន ដែលជាប្រភពផ្តល់ទឹកនោះ នៅសល់ត្រឹម២០ភាគរយប៉ុណ្ណោះ។ ដូច្នេះដើម្បីសុវត្ថិភាពប្រាសាទក្នុងខេត្តសៀមរាប អាជ្ញាធរអប្សរា ដែលមានតួនាទីអភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានអង្គរ បានចុះដាំដើមឈើនៅភ្នំគូលែន ក្នុងបំណងឲ្យភ្នំនេះ មានព្រៃឈើឡើងវិញ ដើម្បីបង្កើតប្រភពទឹកសម្រាប់ខេត្តសៀមរាប។
ដើមឈើចំនួន ៥០០០ដើម ត្រូវបានយកទៅដាំនៅកំពូលភ្នំគូលែន។ អាជ្ញាធរអប្សរា សហការនឹងមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ ហៅកាត់ថា ADF (Archaeology & Development Foundation) បានរៀបចំពិធីដាំកូនឈើជាលើកដំបូងនៅភ្នំគូលែន ក្នុងគោលបំណងមិនត្រឹមតែដើម្បីបរិស្ថានប៉ុណ្ណោះទេ តែដើម្បីការពារប្រាសាទក្នុងខេត្តសៀមរាបទាំងមូលផងដែរ។ ទឹកគឺមានសារប្រយោជន៍ខ្លាំង ដើម្បីការពារគ្រឹះប្រាសាទ ព្រោះវាមានទំនាក់ទំនងមិនអាចកាត់ផ្តាច់បាន។
យោងតាមរបាយការណ៍របស់ ADF គិតត្រឹមឆ្នាំ២០១២ ព្រៃឈើនៅភ្នំគូលែននៅសល់ត្រឹម២០%ប៉ុណ្ណោះ ដែលចំនួននេះធ្វើឲ្យអ្នកជំនាញព្រួយបារម្ភពីការខ្វះទឹកប្រើប្រាស់នៅខេត្តសៀមរាប ជាពិសេសផលប៉ះពាល់ទៅលើតួប្រាសាទ។ គ្រឹះរបស់ប្រាសាទ គឺធ្វើពីដីខ្សាច់ ហើយវាមានទំនាក់ទំនងទៅនឹងប្រភពទឹកពីភ្នំគូលែនតែម្តង។
«អ្នកខេត្តសៀមរាប គឺមានជំនឿខ្លាំងទៅនឹងប្រភពទឹកនៅភ្នំគូលែន... ប្រសិនបើអស់ព្រៃឈើ នោះប្រភពទឹកនៅភ្នំគូលែននឹងបាត់បង់ ហើយវាបន្តប៉ះពាល់ដល់គ្រឹះប្រាសាទ ដែលគេដឹងថា ធ្វើឡើងពីខ្សាច់។ បើយើងអស់ទឹក នោះប្រាសាទនឹងដួលរលំ ព្រោះប្រាសាទមួយៗ សុទ្ធសឹងមានកសិណទឹក...។ យើងមានបំណងតែមួយអត់ គឺថែរក្សាធនធានធម្មជាតិ និងធនធានវប្បធម៌»។ នេះជាការពន្យល់បន្ថែមរបស់លោក ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា។
តំណាងអង្គការ ADF លោក សាឃឿន សក្កា បានឲ្យដឹងថា កត្តាជីវភាព និងការធ្វើកសិកម្មពនេចររបស់ពលរដ្ឋ ជាមូលហេតុសំខាន់ដែលធ្វើឲ្យគម្របផ្ទៃឈើនៅភ្នំគូលែនបាត់បង់។ លោក សក្តា បន្ថែមថា៖« ធម្មតាអភិរក្សដើម្បីអភិវឌ្ឍវាតែងតែប៉ះពាល់ ប៉ុន្តែយើងមានក្រុមការងារយើង សិក្សាពីផលប៉ះពាល់ទាំងនោះ ហើយយើងផ្តល់ប្រាក់ចំណូលឲ្យគាត់តាមរយៈបង្កើតមុខរបរឲ្យពួកគាត់ជាដើម។ មុខរបរទាំងនោះមានការបណ្តុះផ្សិត ការចិញ្ចឹមមាន់ ចិញ្ចឹមត្រី និងដាំបន្លែជាដើម»។
ប្រភេទដើមឈើ ដែលយកទៅដាំនៅព្រឹកថ្ងៃទី ២៤ កក្កដានេះ រួមមាន ដើមបេង ក្រញូង គគីរ ស្តៅ សេមាន់ គូលែន និងដើមឈើចម្រុះសរុប៥០០០ដើម។ អង្គការ ADF បានសម្របសម្រួលនឹងប្រជាពលរដ្ឋចំនួន២៣គ្រួសារ នៅភូមិខ្នងភ្នំ ឃុំអន្លង់ធំ ស្រុកស្វាយលើ ដើម្បីអាចដាំដើមឈើនៅចន្លោះចំការចន្ទីរបស់ពួកគេ។ ពលរដ្ឋទាំងនោះ នឹងលែងមានសិទ្ធិលើដីទាំង ៣១ហិកតា រហូតដល់ចំការចន្ទីលែងផ្តល់ផល ហើយដីចំការទាំងនោះ ត្រូវគ្រប់គ្រងដោយខាងបរិស្ថាន និងអភិរក្សឧទ្យានវិញ។
រមណីយដ្ឋានភ្នំគូលែន មានផ្ទៃដីប្រមាណ ៣៧៥០០ ហិកតា ដែលបច្ចុប្បន្ន ក្រុមហ៊ុន នគរគោកធ្លក របស់លោក សៀង ណាំ និងទាហានភូមិភាគ៤ កំពុងគ្រប់គ្រងយកថ្លៃសំបុត្រទស្សនា។ ចំណែកហេដ្ឋារចនាសម្ព័ន្ធវិញ គេឃើញថា មិនទាន់មានការអភិវឌ្ឍន៍ល្អនៅឡើយទេ គឺផ្លូវឡើងនិងចុះ គឺតែមួយ ហើយមានហានិភ័យខ្ពស់ចំពោះអ្នកទេសចរទៅកម្សាន្ត អំឡុងខែវស្សា។ ភ្នំគូលែន ដែលជាផ្នែកមួយនៃឧទ្យានជាតិ មានឈ្មោះហៅថា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម។
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍតំបន់អង្គរ ហៅកាត់ថា ICC Angkor កន្លងទៅថ្មីៗនេះ ក្រសួងបរិស្ថាន បានស្នើឲ្យគណៈកម្មាធិការនេះ ជួយរៀបចំ អភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានភ្នំគូលេន។ ឆ្លើយតបនឹងសំណើររបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន គណៈកម្មាធិការអន្តរជាតិ ICC Angkor បានទទួលយកសំណើរ និងសន្យាជួយរៀបចំផែនការនានា ដើម្បីគ្រប់គ្រងតំបន់ភ្នំគូលែន៕
© រក្សាសិទ្ធិដោយ thmeythmey.com