ជាតិ
សង្គមជាតិ
អាមេរិក​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​ការអនុវត្ត​របស់​តុលាការ
25, Jul 2015 , 7:20 pm        
រូបភាព
កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ មន្ត្រី​កុងស៊ុល​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ទៅ​សួរ​សុ​ក្ខ​ទុក្ខ លោក មា​ជ សុវណ្ណារ៉ា ដែលជា​ជនជាតិ​អាមេរិក និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅ​ពន្ធនាគារ​ព្រៃ​ស។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។



សហរដ្ឋអាមេរិក​ក៏បាន​បញ្ជាក់ដែរថា ខ្លួន​នៅតែ​បន្ត​ផ្តល់​ការគាំទ្រ​ផ្នែក​កុងស៊ុល​ទាំងអស់​តាម​ដែល​អាចធ្វើ​ទៅបាន ទៅដល់​លោក មា​ជ សុវណ្ណារ៉ា។ លោក មា​ជ សុវណ្ណារ៉ា ស្ថិតនៅ​ក្នុងចំណោម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ១០នាក់​ផ្សេងទៀត ដែល​ត្រូវបាន​តុលាការ​ដាក់ទោសភ្លាមៗ កាលពី​ថ្ងៃទី២១ខែកក្កដា​កន្លងទៅ។  ក្រៅពី​ប្រកាស​គាំទ្រ​ផ្នែក​ការទូត​ដើម្បី​ការពារ​ជនជាតិ​របស់ខ្លួន សហរដ្ឋអាមេរិក​បាន​បង្ហាញ​ក្តីបារម្ភ​យ៉ាងខ្លាំង ចំពោះ​ដំណើរការ​ដាក់ទោស​មនុស្ស​ទាំង១១នាក់​នោះ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​ឲ្យ​ម៉ត់ចត់​ឡើងវិញ​ចំពោះ​ដំណើរ​ក្តី​នៃ​តុលាការ​របស់ខ្លួន ធ្វើយ៉ាងណា​ឲ្យ​មាន​លក្ខណៈ​ពេញលេញ តម្លាភាព ស្របទៅនឹង​ច្បាប់​ក្នុងប្រទេស និង​បទដ្ឋាន​អន្តរជាតិ។

កាលពី​រសៀល​ថ្ងៃទី២១ខែកក្កដា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក លឹម មករន្ទ បានសម្រេច​ដាក់ទោស លោក មា​ជ​សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ១០នាក់​ផ្សេងទៀត​ឲ្យ​ជាប់ពន្ធនាគា​រី ៧ ឆ្នាំ ដល់ ១០ ឆ្នាំ ពីបទ​ដឹកនាំ​ធ្វើ​កូប​កម្ម និង​ចូលរួម​ក្នុង​អំពើ​កូប​កម្ម​ពាក់ព័ន្ធ​សំណុំរឿង​ហិង្សា​នៅលើ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០១៤ ។

សកម្មជន​គណបក្ស​ស​ង្ក្រោះ​ជាតិ​ទាំង ១១នាក់ រួមមាន​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក មា​ជ សុវណ្ណារ៉ា, លោក អឿ​ណារិន,លោក ឃិន រឿន ហៅ​ឃិន ចំរើន, លោក នាង សុ​ឃុន, លោក សាន គឹម​ហេង, លោក ស៊ុ​ពុ​ទ្ធី, លោក កែ ឃីម ហៅ វិ​ន ឌី, លោក ទេព ណារិន, លោក អាន បឋម ហៅ សុខុម លោក​សាន សីហៈ និង​លោក អ៊ុក ពេជ្រ​សំណាង។ លោក មា​ជ សុវណ្ណារ៉ា, លោក អឿ​ណារិន,លោក ឃិន រឿន តុលាការ​ដាក់ទោស ២០ ឆ្នាំ រីឯ​ជនជាប់ចោទ ៨ នាក់ ទៀតម្នាក់ៗ ជាប់​ព​ន្ធា​ន​គារ ៧ឆ្នាំ៕


Tag:
 មា​ជ សុវណ្ណារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com