ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
សមណ​និស្សិត ខិ​ន ហន សិក្សា​អនុបណ្ឌិត​ជំនាញ​កសាង​សន្តិភាព និង​ការអភិវឌ្ឍ​នៅ​អឺរ៉ុប
26, Jul 2015 , 8:40 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ព្រះ​តេជគុណ ខិ​ន ហន ព្រះ​ជន្ម ២៨វស្សា  បានទទួល​អាហារូបករណ៍​កម្មវិធី​ផ្លាស់ប្តូរសិក្សា ក្នុង​គម្រោង​អាហារូបករណ៍ Erasmus+ របស់​សហភាព​អឺរ៉ុប រយៈពេល ៦ខែ ក្នុង​ថ្នាក់អនុបណ្ឌិត ជំនាញ​សន្តិភាព និង​ការអភិវឌ្ឍ នៅ Masaryk University ក្នុង​សាធារណរដ្ឋ​ឆែក។ ព្រះ​អង្គជា​សមណ​និស្សិត​ថ្នាក់​អនុ​ប​ណ្ឌិត នៅក្នុង​សាកលវិទ្យាល័យបញ្ញា​សាស្ត្រ​កម្ពុជា។ ព្រះអង្គ​គង់​ក្នុង​វត្ត​ព្រះពុទ្ធ​មានបុណ្យ ក្នុង​ខណ្ឌ៧មករា ហើយ​បានសាង​ផ្នួស ជាង ១៦វស្សា​ហើយ​ដែរ។ ព្រះ​តេជគុណ​នឹង​មន្ត​ទៅ​សិក្សា​បន្ថែមទៀត ពី​ជំនាញ​នេះ ដើម្បី​យកមក​បង្រៀន​ចែករំលែក​ដល់​សិស្ស និស្សិត និង​អង្គការក្រៅរដ្ឋាភិបាល មួយ​ក្នុង​ខេត្តព្រៃវែង ដែល​ព្រះអង្គ​អ្នក​ប្រឹក្សា​ផង។ ព្រះអង្គ​ចង់​កសាង​សន្តិភាព និង​ថែរក្សា​សន្តិភាព​ជូន​សង្គម។  ដោយឡែក ក្រោយ​បញ្ចប់​ថ្នាក់​អនុ​ប​ញ្ឌិ​ត​ព្រះអង្គ នឹង​មិនទាន់​ប្រាកដថា នឹង​លាចាក​សិក្ខាបទ ឬ​យ៉ាងណា​នោះទេ ដោយ​ព្រះអង្គ មាន​សង្ឃដីកាថា «អាស្រ័យ​លើ​និ​ស្ស័យ និង​ការតាំង​ចិត្ត»។



ជា​បន្ត​សូម​ស្តាប់​បទសម្ភាសន៍​រវាង​លោក រឿន ភា​រុន អ្នកសារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ចថ្មីៗ និង​ព្រះ​តេជគុណ ខិ​ន ហន ៖




គួរ​បញ្ជាក់ថា សមណ​និស្សិត ១អង្គ និស្សិត និង​បុគ្គលិក​សិក្សា​ខ្មែរ​ចំនួន ៦៤នាក់ បានទទួល​អាហារូបករណ៍​ពី​សហភាព​អឺរ៉ុប (EU) ប្រចាំឆ្នាំ ២០១៥ ក្រោម​គម្រោង​កម្មវិធី​អាហារូបករណ៍ Erasmus Mundus និង Erasmus+ ក្នុង​រយៈពេលផ្សេងៗគ្នា​ចន្លោះ​ពី ៦ខែ ទៅ ៤ឆ្នាំ ដើម្បី​ទៅ​សិក្សា​នៅ​ទ្វីបអឺរ៉ុប។


និស្សិត​ទទួលបាន​អាហារូបករណ៍​នឹង​បន្ត​ការសិក្សា​តាម​សាកលវិទ្យាល័យ​ចំនួន ២៧ ក្នុងប្រទេស​ចំនួន ១៦ ដែលជា​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប ក្នុងនោះ រួមមាន ប្រទេស​បារាំង ប្រទេស​អូទ្រីស ប៊ែ​ល​ហ្ស៊ិ​ក ប៊ុល​ហ្ការី សាយ​ប្រឺស សាធារណរដ្ឋ​ឆែក អាល្លឺម៉ង់ អេ​ស្តូ​នី បារាំង អៀរ​ឡង់ អ៊ីតាលី ហុង​គ្រី ហូ​ឡង់ ព័រទុយហ្កាល់ រ៉ូ​ម៉ា​នី អេ​ស្ប៉ា​ញ និង​ប្រទេស​ស៊ុយអែត។

អាហារូបករណ៍ Erasmus Mundus និង Erasmus+ ចែកចេញជា​កម្រិតសិក្សាផ្សេងៗគ្នា ដូចជា កម្រិត​កម្មវិធី​ផ្លាស់ប្តូរ​ការសិក្សា​រយៈពេល​ខ្លី កម្រិត​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និង​ថ្នាក់​ក្រោយ​បណ្ឌិត។ និស្សិត​នឹង​ទៅ​សិក្សា​លើ​ឯកទេសផ្សេងៗគ្នា រួមមាន កសិកម្ម បរិស្ថាន ធុរកិច្ច អប់រំ វិស្វកម្ម សេដ្ឋកិច្ច សុខាភិបាល ជលផល ព្រៃឈើ ភូគព្ភសាស្ត្រ ព័ត៌មានវិទ្យា  គ្រប់គ្រង និង​អភិវឌ្ឍន៍ជនបទ​ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com