ពីនេះ ពីនោះ
ខ្លារខិនចូលចិត្តឡើងដើមឈឺ និងជាសត្វរាត្រីចរ
× ភិនភាគ៖ ខ្លារខិនជាអំបូរឆ្មាដែលមានមាឌធំលំដាប់ទី២បន្ទាប់ពីខ្លាធំ។ សត្វឈ្មោលអាចមានទម្ងន់ ៥៥គ.ក និងញីទម្ងន់ ៣៥គ.ក។ ខ្លារខិនមានភិនភាគងាយចំណាំណាស់ គឺមានពណ៌លឿង ក្រហម ត្នោត និងមានអុចៗ ពណ៌ខ្មៅជាកញ្ចុំនៅពាសពេញខ្លួន ពេលខ្លះហៅថា “Black Panther” ដែលមានរូបរាងពណ៌ខ្មៅ។
ជីវសាស្ត្រ៖ ខ្លារខិនរស់នៅក្នុងព្រៃស្ទើរគ្រប់ប្រភេទ ចាប់ពីព្រៃស្រោងរហូតដល់ព្រៃគម្ពោតដែលមានផ្ទាំងថ្ម។ វាជាសត្វរហ័សរហួន និងចូលចិត្តឡើងដើមឈើដែលជាជំនាញពិសេសរបស់វា។ វាពុំសូវចាញ់កម្តៅថ្ងៃដូចខ្លាធំទេ ហើយអាចរស់នៅឆ្ងាយពីទឹកបានទៀតផង។ បើទោះជាវាអាចហែលទឹកបានក៏ដោយ ក៏វានៅតែព្យាយាមគេចចេញពីតំបន់ទឹកដែរ។ ចំណីរបស់វាមានពពួកប្រើស ឈ្លូស ជ្រូកព្រៃ ស្វា សត្វស្លាប សត្វកកេរ និងសត្វល្អិត ហើយជារឿយៗវាចាប់ចំណី ដោយលោតកន្ត្រុបពីលើដើមឈើរួចទាញសត្វនោះឡើងដើម្បីស៊ី។ វាចូលចិត្តរកចំណីតែឯង និងជាសត្វរាត្រីចរ។ វាដើរជាគូតែក្នុងរដូវបន្តពូជ។ ខ្លារខិនអាចបង្កើតកូនបានពី ១-៤ក្បាល បន្ទាប់ពីពពោះអស់រយៈពេល ៩០-៩៥ថ្ងៃ កូនរស់នៅជាមួយមេរហូតដល់អាយុ ១-២ឆ្នាំ។
រប៉ាយរស់នៅ៖ វាមានតិចតួចតាមតំបន់នានាដូចជា ភូមិភាគឦសាន និរតី និងភាគខាងជើងនៃប្រទេសកម្ពុជា។ រប៉ាយមានច្រើននៅអាហ្វ្រិក អាស៊ីភាគខាងត្បូង រួមទាំងអាស៊ីអាគ្នេយ៍ និងកោះចាវា។
ស្ថានភាពអភិរក្ស៖ ខ្លារខិន ស្ថិតក្នុងក្រុមប្រភេទមានដោយកម្រ និងស្ថិតក្នុងបញ្ជីឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស។ ប្រភេទនេះកំពុងរងគ្រោះថ្នាក់ដោយសារការបរបាញ់ ទាក់ចាប់ ដើម្បីយកស្បែក ឆ្អឹង សំណាករបស់វាធ្វើពាណិជ្ជកម្ម និងការបាត់បង់ទីជម្រកដែលវាធ្លាប់រកចំណី និងរស់នៅ។ ខ្លារខិនត្រូវបានអង្គការ IUCN ចាត់ចូលក្នុងបញ្ជីក្រហម ថាជាក្រភេទរងគ្រោះថ្នាក់តិចតួច ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាគេកម្រជួបប្រភេទខ្លានេះណាស់។
© រក្សាសិទ្ធិដោយ thmeythmey.com