ជាតិ
សង្គមជាតិ
ខេត្តសៀមរាប៖ សមាជិកសភា​អាស៊ាន កំពុង​ជជែក​ពី​ការអភិវឌ្ឍ និង​អភិរក្ស​វិស័យ​ទេសចរណ៍​ក្នុង​តំបន់
26, Jul 2015 , 7:40 pm        
រូបភាព
ចាប់ពី​ថ្ងៃទី២៦ ដល់​ថ្ងៃទី៣០ ខែកក្កដា​នេះ កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ ក្នុង​ការរៀបចំ​កិច្ចប្រជុំ​ក្រុម​អ្នកនយោបាយ​អាយ​ប៉ា​លើក​ទី៧(The7 AIPA Caucus) នៅ​សណ្ឋាគារ​សុខា​អង្គរ​រី​សត ខេត្តសៀមរាប។ «ទេសចរណ៍​អាស៊ាន៖ ជំរុញ​ការអភិរក្ស​ធម្មជាតិ​និង​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ចីរភាព» គឺជា​ប្រធានបទ​នៃ​កិច្ចប្រជុំ​រយៈពេល៥ថ្ងៃនេះ។

 
រដ្ឋសភា​កម្ពុជា​បានបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ថា គណ:ប្រតិភូ​នៃ​ប្រទេស​ចំនួន៩ដែលជា​សមាជិក​អាស៊ាន នឹងមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​នេះ លើកលែងតែ​ប្រទេស​ហ្វីលីពីន។ យ៉ាងណាក៏ដោយ រដ្ឋសភា​កម្ពុជា មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​អវត្តមាន​របស់​ប្រទេស​ហ្វីលីពីន​នេះ​ទេ។ ក្រៅពី​ប្រទេស​ទាំង៩ អគ្គលេខាធិការ​អាយ​ប៉ា និង​តំណាង​របស់​អគ្គលេខាធិកា​រដ្ឋា​ន​អាស៊ាន ក៏​នឹងចូលរួម​កិច្ចប្រជុំ​ក្រុម​អ្នកនយោបាយ អាយ​ប៉ា លើក​ទី៧នេះ   ដែរ។ 
 
កិច្ចប្រជុំ​ក្រុម​អ្នកនយោបាយ​អាយ​ប៉ា(AIPA Caucus) បង្កើតឡើង​ក្នុង​បំណង​ពិគ្រោះ​យោបល់​ពី​ការវិវត្ត​នយោបាយថ្មីៗដែល​កើតឡើង នៅក្នុង​តំបន់​និង​សកលលោក​ក្នុង​ក្របខណ្ឌ​សភា​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន។ កិច្ចប្រជុំ​ក្រុម​អ្នកនយោបាយ​អាយ​ប៉ា លើក​ទី១ត្រូវបាន​រៀបចំ​ឡើងជា​បន្តបន្ទាប់​ចាប់ពី​ឆ្នាំ២០០៩ ដោយ​ចាប់ផ្តើម​ពី​ប្រទេស​ម៉ាឡេស៊ី បន្ទាប់មក​សិង្ហបូរី  ហ្វីលីពីន ថៃ វៀតណាម ប្រ៊ុយណេ និង​លើក​ទី៧ រៀបចំ​ធ្វើ​នៅ​កម្ពុជា៕
 

Tag:
 Asian tourism
© រក្សាសិទ្ធិដោយ thmeythmey.com