ជាតិ
សង្គមជាតិ
បាក់​ឌុប៖ ហេតុអ្វី​បេក្ខជន​មិនអាច​ប្រើ​ម៉ាស៊ីន​គិត​លេខ?
27, Jul 2015 , 4:24 pm        
រូបភាព
ដោយ: ថ្មីៗ

ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា នឹង​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ខាងមុខ។ សម័យ​ប្រឡង ក្រសួង​មិន​អនុញ្ញាត​ឲ្យ​បេក្ខជន ប្រើប្រាស់​ម៉ា​ស៊ី ន​គិត​លេខ​ក្នុងពេល​ប្រឡង​ឡើយ ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា លើក​ហេតុផល​មិន អនុញ្ញាត​ប្រើ​ម៉ាស៊ីន​គិត​លេខ​នេះ គឺ​ដើម្បី​ធានា​នូវ​សមភាព និង​យុត្តិធម៌​សម្រាប់​បេក្ខជន​ទាំងអស់។ ក្នុងករណី​ក្រសួង​រកឃើញ​បេក្ខជន​ប្រើប្រាស់​ឬ​លាក់ទុក​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ត្រូវ​បានកំណត់​ឲ្យ​ធ្លា​ក់ដោយ​ស្វ័យប្រវត្តិ​តែម្តង។



 «ការរៀបចំ​នូវ​វិញ្ញាសានីមួយៗ បានគិត​គូរ​យ៉ាង​ល្អិតល្អន់ ដោយ​ផ្អែក​ទៅតាម​ពេលវេលា កំណត់។ម៉ាស៊ីន​គិត​លេខ​មាន​ច្រើន​ប្រភេទ​រាប់មិនអស់ មាន​មុខងារ​ប្រើប្រាស់​តិច​ឬ​ច្រើន​ទៅ តាម​តម្លៃ​ខ្ពស់ ឬ​ទាប ដែល​ពុំមាន​សមធម៌ និង​យុត្តិធម៌​សម្រាប់​បេក្ខជន​ទាំងអស់។ ការគិត លេខ​ដោយ​ខួរក្បាល នឹង​បង្កើន​ភាពរួស​រវើក​ធ្វើ​ឲ្យ​មានការ​ចងចាំ​បានល្អ»។ នេះ គឺជា ហេតុផល​ចម្បង ដែល​ក្រសួង​មិន​អនុញ្ញាត​ឲ្យ​ប្រើ​ម៉ាស៊ីន​គិត​លេខ អំឡុងពេល​បេក្ខជន ប្រឡង។

ជាមួយគ្នានេះ ក្រសួង​អប់រំ​នឹង​ធានាថា វិញ្ញាសា​ប្រឡង​បាក់​ឌុប​ក្នុង​ឆ្នាំ ២០១៥ នឹង​បែកធ្លាយ​មុន​ឡើយ។ នៅ​ចុង​សប្តាហ៍ កន្លងទៅ រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួន ណា​រ៉ុ​ន បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា វិញ្ញាសា​ប្រឡង នឹង​មិនអាច​បែកធ្លាយ​ឡើយ«អ្នកណា​ថា​វិញ្ញាសា បែកធ្លាយ​នោះ នឹងត្រូវ​ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់»។ នេះ​ជា​ប្រសាសន៍​បញ្ជាក់​របស់លោក​រដ្ឋមន្ត្រី ដែលមាន​បំណង​រឹតបន្តឹង​ការប្រឡង ដើម្បី​ពង្រឹងគុណភាព​ភាព​អប់រំ​កម្ពុជា។
អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក រស់ សា​លីន បាន​ប្រាប់​សារព័ត៌មានថ្មីៗថា សម័យ​ប្រឡង​ក្នុង​ឆ្នាំ២០១៥នេះ​ក្រសួង​ចំណាយ​ថវិកា​ជាង៣លាន​ដុល្លារ​អាមេរិក​ដើម្បី​រៀបចំ​ការប្រឡង​ដែល​ចំនួន​នេះ​តិចជាង ១លាន​ដុល្លារ​អាមេរិក បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ ២០១៤ កន្លងទៅ។ថវិកា​នឹង​យកទៅ​ចំណាយ​បេសកកម្ម​មន្ត្រី​អប់រំ និង​សម្ភារ​នានា​ដែល​បម្រើ​ឲ្យ​ការប្រឡង។

ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​និង​បំពេញវិជ្ជា​ក្នុង​ឆ្នាំ២០១៥នេះ នឹង​ប្រ​ព្រឹ​ត្ដទៅ​នៅ​ថ្ងៃទី២៤ ខែសីហា​ឆ្នាំ២០១៥ ខាងមុខ។ ទាំង​ថ្នាក់​វិទ្យាសាស្ដ្រ​និង​ថ្នាក់​វិទ្យាសាស្ដ្រ​សង្គម មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ៨៨,៤៨៨នាក់​និង​មាន​មណ្ឌល​ប្រឡង១៤៩មណ្ឌល ចែកជា ៣,៥៧៦បន្ទប់ នៅ​រាជធានី​ខេត្ដ​ទាំង ២។បេក្ខជន​ធ្លាក់​បាក់​ឌុប​ឆ្នាំមុន​ជាង១ម៉ឺន​នាក់​ក៏​នឹងចូលរួម​ប្រឡង​ក្នុង​ឆ្នាំ ២០១៥ម្តងទៀត​ដែរ។ 

លទ្ធផល​ប្រឡង​ឆ្នាំនេះ ក្រសួង​នឹង​ប្រកាស​នៅ​រសៀល​ថ្ងៃទី១៥ ខែកញ្ញា​ឆ្នាំ២០១៥ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ថ្ងៃទី១៦ កញ្ញា សម្រាប់​មណ្ឌល​ប្រឡង​នៅ តាម​បណ្តា​ខេត្ត​ទាំង ២៤។

គួរបញ្ជាក់​ផងដែរ​ថា សម័យ​ប្រឡង​ឆ្នាំ២០១៥នេះ ក្រសួង​ពុំមាន​គោលការណ៍​រៀបចំ​ការប្រឡង​លើក​ទី២ ដូច​ឆ្នាំមុន​ទៀតឡើយ៕



Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com