ជាតិ
សង្គមជាតិ
កិច្ចប្រជុំ​អាយ​ប៉ា(AIPA)លើក​ទី៧ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​អាស៊ាន
27, Jul 2015 , 5:18 pm        
រូបភាព
សៀមរាប៖ កិច្ចប្រជុំ​ក្រុម​អ្នកនយោបាយ​នៃ​អន្តរ​សភា​អាស៊ាន (អាយ​ប៉ា) លើក​ទី៧ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំនេះ គឺ​ផ្តោតលើ​ប្រធានបទ ការ​អ​ភ​វិ​ឌ្ឍ​វិស័យ​ទេសចរណ៍​អាស៊ាន។ វិស័យ​ទេសចរណ៍ គឺជា​វិស័យ​សំខាន់​មិន​ត្រឹមតែ​ប្រទេស​កម្ពុជា​នោះទេ តែ​សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំងមូល​ផង។



កម្ពុជា បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​អាយ​ប៉ា​លើក​ទី៧ នៅលើ​ទឹកដី​ខេត្តសៀមរាប។ ប្រធានបទ ដែល​ប្រទេស​កម្ពុជា​រៀបចំ​ដើម្បី​ពិភាក្សា​នៅ​ឆ្នាំនេះ ក្រោម​ប្រធានបទ «ទេសចរណ៍​អាស៊ានៈ ជំរុញ​ការអភិរក្ស​ធម្មជាតិ និង​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ចីរភាព»។

ប្រធាន​គណៈកម្មការ​រៀប​ចំ និង​ជា​ប្រធាន​ក្រុម​អាយ​ប៉ា​ជាតិ​របស់​រដ្ឋសភា​កម្ពុ​ជា លោក ជាម យៀប បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​អាយ​ប៉ា​លើក​ទី៧នេះ មាន​ប្រទេស​ជា​សមាជិក​ចំនួន៩ ចូលរួម។ លោក​បន្ថែមថា កិច្ចប្រជុំ​នេះ​ពិតជា​ផ្តល់​ឳ​កាស​សម្រាប់​ប្រតិភូ​ទាំងអស់​អាច​ពិភាក្សា ផ្លាស់ប្តូរ​បទពិសោធន៍ និង​ការប្រតិបត្តិ​ប្រសើរ ដើម្បី​កំណត់​នូវ​យុទ្ធសាស្ត្រថ្មីៗ សម្រាប់​លើកកម្ពស់​ការអភិរក្ស​ធម្មជាតិ និង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្ត​ភាព។

ទាក់ទង​នឹង​វិស័យ​ទេសចរណ៍ ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច និង​សវនកម្ម​នៃ​រដ្ឋសភា និង​ជា​ប្រធាន​អាយ​ប៉ា​កម្ពុជា បាន​បញ្ជាក់ថា កម្ពុជា​បានចាត់ទុក​វិស័យនេះ​ជា​វិស័យ​គន្លឹះ​មួយ​យ៉ាងសំខាន់ ជំរុញ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម។ ព្រោះថា វិស័យនេះ​មិន​ត្រឹមតែ​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ដល់​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​លើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ ដូចជា​ផ្លូវថ្នល់ ស្ពាន កំពង់ផែ ព្រលានយន្តហោះ។ល។

ក្នុង​ពិធី​បើក​កិច្ចប្រជុំ​អាយ​ប៉ា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក ងួន ញ៉ិល អនុប្រធាន​ទី២រដ្ឋសភា និង​ជា​តំណាង​ប្រធានរដ្ឋសភា បាន​លើកឡើងថា វិស័យ​ទេសចរណ៍ ជា​វិស័យ​នាំមុខ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង​ដែល​ផ្តល់​ការងារ​យ៉ាងច្រើន​ដល់​សង្គមជាតិ​ទាំងមូល។ លោក ងួន ញ៉ិល រំពឹងថា ក្នុងជំនួប​នៅពេលនេះ នឹង​អាច​ជំរុញ​ឲ្យ​សមាជិក​អាយ​ប៉ា​ទាំងអស់ តាំងចិត្ត និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​ដល់​បណ្តា​ប្រទេស​ជា​សមាជិក​ទាំងអស់។

គួររម្លឹកថា កម្ពុ​ជាមាន​កំណើន​ភ្ញៀវទេសចរ​ជាង៤លាន​នៅ​ឆ្នាំ២០១៤ កើនឡើង​ជាង ៤ភាគរយ​ធៀប​នឹង​ឆ្នាំ២០១៣ ។ យោងតាម​របាយការណ៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ វិស័យនេះ​បាន​រក​ការងារ​ដោយផ្ទាល់​ចំនួន ៦២ម៉ឺន​ការងារ តាម​ការប៉ាន់ស្មាន នៅ​ឆ្នាំ២០១៥នេះ ភ្ញៀវទេសចរ​អាច​នឹង​កើន​ដល់​ជាង៥លាន​នាក់ និង​អាច​កើន​ដល់ ៧.៥លាន​នាក់​នៅ​ឆ្នាំ២០២០ ហើយ​ដែល​អាចបង្កើត​ប្រាក់ចំណូល​ប្រមាណ ៥ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ប្រមាណ ៨សែន​ការងារ។ យ៉ាងណាមិញ នេះ​ជាការ​រំពឹងទុក​តែប៉ុណ្ណោះ ខណៈដែលថ្មីៗនេះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ធ្លាប់បាន​និយាយថា កំណើន​ទេសចរ​ជាង៥លាន​នាក់ ដែល​កម្ពុជា​រំពឹងទុក​នោះ មិនអាច​សម្រេចបាន​នោះទេ។ មូលហេតុ​ត្រូវបាន​លោក ថោង ខុន ពន្យល់ថា ដោយសារ​វិបត្តិ​នយោបាយ​ក្នុង និង​ក្រៅប្រទេស ជំ​ងី​ផ្លូវដង្ហើម​នៅ​ប្រទេស​កូរ៉េ​ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com