ជាតិ
សង្គមជាតិ
លោក ហោ ណាំហុង នឹងចូលរួម​កិច្ចប្រជុំ​អាស៊ាន​រយៈពេល ៤ថ្ងៃ នៅ​ម៉ាឡេស៊ី
28, Jul 2015 , 11:05 am        
រូបភាព
ដោយ:
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ហោ ណាំហុង នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន  ដែល​នឹង​ប្រព្រឹត្តទៅ​រយៈពេល ៤ថ្ងៃ​ពីថ្ងៃ​ទី៣ ដល់​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ នៅ​ទីក្រុង​គួ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី។ លោក​នឹង​ជួបពិភាក្សា​ទ្វេភាគីផងដែរ ជាមួយ​រដ្ឋមន្ត្រីការបរទេស​ប្រទេសមួយចំនួន ក្នុងនោះ រួមមាន រដ្ឋមន្ត្រីការបរទេសវៀតណាម ចិន រុស្ស៊ី និងអូស្ត្រាលីជាដើម។



បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស ចុះ​ថ្ងៃទី២៨ ខែកក្កដា​នេះ ដំណើរ​នេះ រៀបចំឡើង​តប​តាម​ការអញ្ជើញ​របស់រ​ដ្ឋ​មន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក ដា​តូ ស្រ៊ី​អា​នី​ហ្វា​ស ហា​ជី អា​មេន (Dato’ Sri Anifah Haji Aman) ។

លោក ហោ ណាំហុង នឹងចូលរួម​កិច្ចរបៀបវារៈប្រជុំ​អាស៊ាន​នានា រួមមាន កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស អាស៊ាន​លើក​ទី ៤៨ សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ជាមួយ​ដៃគូ​សន្ទនា​ទាំង១០ របស់​អាស៊ាន កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បូក៣លើក​ទី១៦ កិច្ចប្រជុំ​កំពូល​រដ្ឋមន្ត្រី​ការបរទេស​អាស៊ី បូព៌ា​លើក​ទី៥ កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន​លើក​ទី២២ កិច្ចប្រជុំ​គណៈកម្មការនៃ​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ និង​ជំនួប​រវាង​រដ្ឋមន្ត្រីការបទេស​អាស៊ាន​ជាមួយតំណាង​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ស្តីពី សិទ្ធិមនុស្ស។

ក្រៅពី​កិច្ចប្រជុំ​អាស៊ាន លោក ហោ ណាំហុង នឹងចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​គំនិត​ផ្តួចផ្តើមមេគង្គ​ក្រោម​លើក​ទី៨ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ ជប៉ុន​លើក​ទី៨ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ កូរ៉េ​លើក​ទី៥។

អំឡុងពេល​ស្នាក់នៅ​នៅ​ម៉ាឡេស៊ី លោក ហោ ណាំ​ហុង នឹងជួបជាមួយ​រដ្ឋមន្ត្រីការបរទេស​អា​ស៊ានដ​ទៃទៀត និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជិប រ៉ា​ហ្សា​ក់។ បន្ថែម​ពីនេះ លោក​នឹង​ជួបពិភាក្សា​ទ្វេភាគីផងដែរ ជាមួយ​រដ្ឋមន្ត្រីការបរទេស​វៀតណាម លោក ផាម ប៊ិ​ញ ម៉ិ​ញ (Pham Binh Minh) រដ្ឋមន្ត្រីការបរទេស​ប៉ា​ពួ​ញូ​ហ្គី​ណេ លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន លោក ស៊ែ​ហ្គេ​យ ឡា​រ៉ូ​វ (Sergey Lavrov) រដ្ឋមន្ត្រីការបរទេស​នៃ​សហព័ន្ធរុស្ស៊ី និង​រដ្ឋមន្ត្រីការបរទេស អូស្ត្រាលី លោកជំទាវ ជូ​លី ប៊ី​ស្សប (Julie Bishop)៕


© រក្សាសិទ្ធិដោយ thmeythmey.com