ពីនេះ ពីនោះ
វិធីសាស្ត្រ​ចំនួន ១១ ដើម្បី​ក្លាយជា​អ្នក​និយាយ​ដ៏​ពូកែ
29, Jul 2015 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ


ការនិយាយ​នរណា​ក៏​ចេះ​និយាយ​ដែរ លើកលែងតែ​មនុស្ស​ពុំ​អាចនិយាយបាន ប៉ុន្តែ​ការនិយាយ​ដែល​ប្រកបទៅដោយ​គតិបណ្ឌិត ដោយ​គំនិត​អប់រំ ធ្វើ​ឲ្យ​មហាជន​ទទួលស្គាល់​វា​មិនមែនជា​រឿង​ងាយស្រួល​នោះឡើយ។ ដើម្បី​ក្លាយជា​អ្នក​និយាយ​ដ៏​ពូកែ​យើង​ត្រូវអនុវត្ត ១១ ចំនុច​ដូចខាងក្រោម៖



១. ប្រើប្រាស់​ភ្នែក ៖ ពេលដែល​អ្នក​ឡើង​និយាយ ក្នុងចំណោម​មនុស្ស​ជាច្រើន​អ្នក​ត្រូវ​ប្រើប្រាស់​នូវ​ក្រសែភ្នែក​របស់​អ្នក​ឲ្យ​បានល្អ ដោយ​សម្លឹង​មើលទៅ​អ្នក​គ្រប់គ្នា​ដោយ​សេចក្ដី​គោរព​និង​មាន​ភាពសមរម្យ អ្នក​ត្រូវ​សម្លឹង​ឆ្ពោះទៅមុខ​ត្រង់​ហើយ​រេ​ឆ្វេង​ស្ដាំ​ក្នុង​កម្រិត ២៥ដឺ​ក្រេ។

២. កំណត់​អំពី​ចំណុចសំខាន់ៗដែល​អ្នក​ចង់​និយាយ ៖ ពេលខ្លះ​អ្នក​បានធ្វើ​ការនិយាយ​នូវ​សម្ដី​ជាច្រើន​នៅក្នុង​ការនិយាយ​ជា​សាធារណៈ ប៉ុន្តែ​បែរជា​គ្មាន​ការចាប់អារម្មណ៍​ពី​អ្នក​ស្ដាប់​ទៅវិញ ដូចនេះ​អ្នក​ត្រូវតែកំណត់​ឲ្យ​បាន​ច្បាស់​ពីអ្វី​ដែល​អ្នក​ត្រូវ​និយាយ។ មានន័យថា​គ្រប់​ពាក្យសម្ដី​របស់​អ្នក ដែល​អ្នក​និយាយ​ទៅហើយ ត្រូវតែមាន​ប្រយោជន៍​សម្រាប់​អ្នក​ស្ដាប់។

៣. និយាយ​ឲ្យ​បាន​ច្បាស់ ៖ ភាសា និង​សំឡេង​ដែល​អ្នក​និយាយ អ្នក​ត្រូវតែ​ប្រាកដ​នៅក្នុង​ចិត្ត​ថា វា​មាន​ភាពច្បាស់​សមល្មម​អាច​ទទួលយក​បានធ្វើ​ឲ្យ​គេ​អាច​ទទួល និង​ជ្រាប​ច្បាស់​ពីអ្វី​ដែល​យើង​និយាយ។ នៅពេលដែល​អ្នក​និយាយ​នៅក្នុង​ចំណោម​អ្នកចូលរួម​ជាច្រើន អ្នក​ត្រូវតែ​និយាយ​ឲ្យ​បាន​ច្បាស់ ដោយ​មិនត្រូវ​ញ៉ាំ​របស់​អ្វី​នៅក្នុង​មាត់​របស់​អ្នក​ឡើយ។

៤. កែតម្រូវ​នូវ​សម្ដី​របស់​អ្នក​ទៅតាម​ស្ថានភាព​នៃ​អ្នកចូលរួម៖ អ្នក​ត្រូវតែ​ដឹង​ឲ្យ​បាន​ច្បាស់​ថា អ្នកចូលរួម​ស្ដាប់​ការនិយាយ​របស់​អ្នកជា​នរណា? មាន​កម្រិតវប្បធម៌​បែបណា? មាន​ឋានៈ​តួនាទី​ជា​អ្វី? តើ​សម្ដី​ដែល​អ្នក​ត្រូវ​និយាយ​ជាមួយ​បុគ្គល​ដែល​ឋានៈ​ខ្ពស់ អ្នក​ត្រូវ​ប្រើប្រាស់​នូវ​សម្ដី​បែបណា? មាន​ព្រះសង្ឃ​ចូលរួម​អ្នក​ត្រូវ​ប្រើប្រាស់​ភាសា​បែបណា? អ្នកចូលរួម​របស់​អ្នកជា​បុគ្គល​ដែលមាន​ចំណេះដឹង​ទាប​ជាង ជា​បុគ្គល​ដែលមាន​វ័យ​ទាប​ជាង​អ្នក តើ​អ្នក​ត្រូវ​ប្រើប្រាស់​នូវ​សម្ដី​បែបណា?

៥. កុំ​ប្រើប្រាស់​សំឡេង​របស់​អ្នក​និយាយ​តែមួយ​បែប៖ ការប្រើប្រាស់​សំឡេង​វា​ពិត​ជាមាន​សារៈសំខាន់​ណាស់ អ្នក​ត្រូវ​ចេះ​ធ្វើការ​លើកដាក់​សំឡេង​របស់​អ្នក​ទៅតាម​ស្ថានភាព កាលៈទេសៈ និង​ពេលវេលា​ដោយ​ផ្អែកទៅលើ​ស្ថានភាព និង​អារម្មណ៍​របស់​អ្នកចូលរួម។ អ្នក​ត្រូវ​ចេះ​វិធីសាស្ត្រ​ពញ្ញាក់​អារម្មណ៍​ដល់​អ្នកចូលរួម​របស់​អ្នក ឲ្យ​ពួកគេ​មានការ​ចាប់អារម្មណ៍​ចំពោះ​ប្រធានបទ​ដែល​អ្នក​កំពុងតែ និយាយ។

៦.មិន​ធ្វើការ​គាំទ្រ៖ នៅពេលដែល​អ្នកចូលរួម​របស់​អ្នកប្រព្រឹត្ត​នូវ​សកម្មភាព ឬ​សម្ដី​ដែល​មិនមាន​ភាពសមរម្យ ក្នុង​គោលបំណង​ចង់​ធ្វើ​ឲ្យ​មាន​ភាពវឹកវរ​នៅក្នុង​កម្មវិធី​អធិប្បាយ របស់​អ្នក អ្នក​មិនត្រូវ​ទទួលយក​នូ​វទ​ង្វើ​នោះទេ តែ​អ្នក​ត្រូវធ្វើ​ការសម្របសម្រួល​ដោយ​សន្តិវិធី។

៧. និយាយ​ឲ្យ​បានឮ៖ អ្នកចូលរួម​របស់​អ្នកនឹង​អាច​ស្ដាប់ឮ​នូវ​អ្វីដែល​អ្នក​បាន អត្ថាធិប្បាយ​ប្រសិនបើ​អ្នក​និយាយ​បានឮ និង​ច្បាស់​ល្អ បើទោះបីជា​ពួកគេ​អង្គុយ​នៅ​កន្លែង​ដែលមាន​សភាព​អ៊ូអរ​ក៏ដោយ។

៨. មាន​ភាពស្មោះត្រង់ និយាយ​ពី​ចំណុច​វិជ្ជមាន និង​ត្រឹមត្រូវ៖ អ្នក​គួរតែ​រៀន​និយាយ​ពី​អ្វីដែល​ត្រឹមត្រូវ ផ្អែកលើ​ការពិត​ជាក់ស្ដែង និយាយ​ពីអ្វី​ដែល​ជះ​ផល​ជា​វិជ្ជមាន មិន​នាំ​រឿង​ឲ្យ​គេ កុំ​សូវ​និយាយ​ពី​ចំណុចអាក្រក់ៗរបស់គេ​ពេក គួរតែ​លើក​ចំណុច​កែលម្អ​ទើប​ប្រសើរ​ជាង។

៩. ត្រូវមាន​ភាព​គួរសម៖ អ្នក​ត្រូវមាន​ភាព​គួរសម​ចំពោះ​ការនិយាយស្តី គោរព​អ្នកចូលរួម​របស់​អ្នក បើទោះបីជា​អ្នកនោះ​មាន​កម្រិត​ការយល់ដឹង និង​វ័យ​ទាប​ជាង​យើង​ក៏ដោយ។ ភាសា​របស់​អ្នក​ត្រូវ​ប្រាកដថា​វា​ជា​ភាសា​ដែល​មិន​បង្ក​ឲ្យ​មាន​ភាព​មិនល្អ ចំពោះ​ការអត្ថាធិប្បាយ​របស់​អ្នក​ឡើយ។ មានន័យថា​ភាសា​ដែល​អ្នក​និយាយ​ទៅ គឺជា​ភាសា​បែប​អ្នក​មានគំនិត​ប្រាជ្ញា ជា​បុគ្គល​ដែលមាន​ការយល់ដឹង​ខ្ពស់​ជា​បុគ្គល​ដែលមាន​ក្រមសីលធម៌​ល្អ។

១០. ប្រើប្រាស់​ដៃ​របស់​អ្នក៖ ការប្រើប្រាស់​កាយវិការ​របស់​អ្នក​ត្រូវ​សមស្រប​ជាមួយ​នូវ​សម្ដី​របស់ អ្នក ពេលខ្លះ​អ្វីដែល​អ្នក​និយាយ​គេ​មានការ​ពិបាក​យល់ ប៉ុន្តែ​បើ​អ្នក​ពូកែ​ប្រើប្រាស់​នូវ​កាយវិការ គេ​អាចមាន​ការងាយយល់​ជាង។

១១. ចេះ​និយាយ​អំពី​រឿង​កំប្លែង ឬ​ពាក្យ​កំប្លែង៖ នៅពេលដែល​អ្នក​គិតតែ​ពី​និយាយ​ដោយ​មិន​មានការ​លាយឡំ​នូវ​ឧទាហរណ៍ ឬ​មិនបាន​លើក​រឿងរ៉ាវ​ណាមួយ​មក​បញ្ជាក់​ពេលនោះ អ្នកចូលរួម​របស់​អ្នក​ប្រាកដ​ជាមាន​អារម្មណ៍​ធុញទ្រាន់​ជាក់​ជាមិនខាន ដូច្នេះ អ្នក​ត្រូវ​ចេះ​រក​នឹក​រឿង​កំប្លែង​ដើម្បី​ធ្វើ​ឲ្យ​មាន​បរិយាកាស​រឹតតែ​រីករាយ​ឡើង៕


© រក្សាសិទ្ធិដោយ thmeythmey.com