ជាតិ
សង្គមជាតិ
Angelina Jolie មក​បង្ហាញ​ពី​គម្រោង​ផលិតភាព​យន្ត​ស្តីពី​ខ្មែរក្រហម
28, Jul 2015 , 5:04 pm        
រូបភាព
អ្នកស្រី​Angelina Jolie Pitt បាន​ជួប​ជាមួយ​លោក រិទ្ធី ប៉ាន់​សមិទ្ធិ​ករ​ភាពយន្ត​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា នៅ​មជ្ឈមណ្ឌល​បុប្ផា​ណា​នៅ​ថ្ងៃទី ២៨ខែកក្កដា​នេះ។ នៅក្នុង​ជំនួប​ជាមួយ​លោក រិទ្ធី ប៉ាន់​តារា​សម្តែង​ដ៏​ល្បី​របស់​ហូលីវូដ អ្នកស្រី​Angelina Jolie បាន​ថ្លែងថា៖«ខ្ញុំ​មាន​មោទនភាព​ដែល​បាន​នាំយក​រឿង«ពីដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ»នេះ​មក​បង្ហាញ​ជា​ខ្សែភាពយន្ត»។



Angelina Jolie Pitt បន្តថា៖« គោលបំណង​នៃ​គម្រោង​ភាពយន្ត​នេះ គឺ​មិនមែន​រម្លឹក​ដល់​ការភ័យខ្លាច រន្ធត់​នៃ​សង្គ្រាម​នោះទេ​ប៉ុន្តែ​ដើម្បី​នាំយក​តួអង្គ​ជាច្រើន​មក​បង្ហាញជូន​ទស្សនិកជន​ជុំវិញ​ពិភពលោក នូវ​រឿង​ប្រវត្តិសាស្ត្រ​របស់ខ្លួន  ដើម្បី​ប្រាប់​ទៅ​មនុស្ស​ទាំងឡាយ​ឲ្យ​ស្គាល់​កម្ពុជា ដែល​ខ្ញុំ​ស្រឡាញ់​និង​គោរព ហើយក៏​បង្ហាញ​ពី​វប្បធម៌​និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ខ្ញុំ​តែងតែ​កោតសរសើរ»។បើតាម Angelina Jolie Pitt ខ្សែភាពយន្ត​នេះ នឹង​ចាប់ផ្តើម​ថត​ពី​ខែវិច្ឆិកា​ឆ្នាំ២០១៥នេះ​រហូតដល់​ខែមករា ឆ្នាំ២០១៦ ។

ការស្វែងរក​ទីតាំង​ថត និង​ជ្រើសរើស​តួ​សម្តែង​គឺ​ចាប់ផ្តើម​ពី​ខែ​ក្កដា​នេះ​ទៅ ដោយ​ចំណាយពេល​ពីរ​ទៅ​បី​ខែ​ហើយ​អ្វីដែល​សំខាន់​គឺ​ត្រូវ​ស្រាវជ្រាវ​រាល់​ព្រឹត្តិការណ៍​ទាំងអស់​ដើម្បី​ឲ្យ​ប្រាកដថា​វា​ត្រឹមត្រូវ​តាម​ប្រវត្តិសាស្ត្រ​ដែល​វា​មិន​ត្រឹមតែ​គោរព​ដល់​អ្នកស្រី លឿង អ៊ឹង​ប៉ុណ្ណោះ​ទេ​គឺ​ថែមទាំង​គោរព​ដល់​អ្នក​ដែល​រង​ការឈឺចាប់​ក្នុងសម័យ​ខ្មែរក្រហម។ខ្សែភាពយន្ត​នេះ ផលិតឡើង​ជាមួយ​ប្រជាជន​កម្ពុជា ដើម្បី​ប្រជាជន​កម្ពុជា​និង​និយាយ​ជា​ភាសា​ខ្មែរ។ នេះ​ជា​បញ្ជាក់​របស់​តារា​ហូលីវូដ​រូបនេះ។

ការផលិត​ខ្សែភាពយន្ត«ពីដំបូង ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ»នេះ​គឺ​ផ្អែកលើ​ការចងចាំ​ដ៏​ក្តុកក្តួល​របស់​អ្នកនិពន្ធ លឿង អ៊ឹង​ដែល​កាលណោះ​គាត់​មាន​អាយុ៥-៨ឆ្នាំ។ ខ្សែភាពយន្ត​នេះ​ត្រូវ​ថត​ចេញពី​ការចងចាំ​របស់​ក្មេងស្រី​រូបនេះ​ដែល​វា​ជាការ​មើលឃើញ​របស់​កុមារ​ម្នាក់​នៅក្នុង​សង្គ្រាម ការយល់​និង​ទស្សនៈ​របស់​កុមារ​នោះ​អំពី​សង្គ្រាម។  ភាពយន្ត​នេះ មិន​ត្រឹមតែ​បង្ហាញ​ពី​រឿងរ៉ាវ​របស់​កុមារី​ម្នាក់​ប៉ុណ្ណោះ​ទេ បទពិសោធន៍​របស់​អ្នក​ដទៃទៀត ក៏​នឹងដាក់​បញ្ចូល​ទៅក្នុង​ខ្សែរ​ភាព​នេះដែរ វា​ក៏​មិន​ត្រឹមតែ​បង្ហាញ​ពី​ការចងចាំ​របស់​ក្មេងស្រី​ម្នាក់​ទេ តែ​ជាការ​ចង់ចាំ​របស់​ប្រជាជន​ខ្មែរ​ទាំងអស់៕
   


Tag:
 Angelina Jolie
© រក្សាសិទ្ធិដោយ thmeythmey.com