ជាតិ
សង្គមជាតិ
មន្ត្រី​អប់រំ​ខេត្តបន្ទាយមានជ័យ និង​ឧ​ត្ត​រ​មានជ័យ ទទួលបាន​គ្រឿង​ឥស្សរិយយស
28, Jul 2015 , 6:59 pm        
រូបភាព
 

លោក ហង់​ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា បាន​បំពាក់​គ្រឿងឥស្សរយស​ជា​បន្តបន្ទាប់​ជូន​លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​សិក្សា រួមទាំង​មន្ត្រី​អប់រំ​ដែល​ចូលនិវត្តន៍​នៅក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី២៨ ខែកក្កដា។



នា​ពិធី​នៅពេល​ព្រឹក លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ការងារ​ជូន​បុគ្គលិក​អប់រំ នៅក្នុង​ខេត្ត​ចំនួន ៤១៣រូប (ស្រី ៩៣រូប) ដែល​ក្នុងនោះ​មេដាយ​ថ្នាក់​អស្សឫទ្ធិ​ចំនួន ០៧រូប មេដាយមាស​ចំនួន ១០៦រូប មេដាយប្រាក់​ចំនួន ១២០រូប និង​មេដាយ​សំរឹទ្ធ​ចំនួន ១៨០រូប។ នៅពេល​រសៀល លោក​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ការងារ​ជូន​បុគ្គលិក​អប់រំ នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចំនួន ២៨០រូប ដែល​ក្នុងនោះ​មាន​មេដាយ​ថ្នាក់​មហាសេនា​ចំនួន ០១ មេដាយ​ថ្នាក់​ធិបឌិន​ចំនួន ០១ មេដាយមាស​ចំនួន ៧៤ មេដាយប្រាក់​ចំនួន ៧៨ មេដាយ​សំរឹទ្ធ​ចំនួន ៩៩ និង​ប័ណ្ណសរសើរ​ចំនួន ២។ ពិធី​នេះ ប្រព្រឹត្ត​នៅ​នៅ សាលាខេត្ត​ឧ​ត្ត​រ​មានជ័យ​ផ្ទាល់។

យោងតាម​ការផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AKP  លោក ហង់​ជួន ណា​រ៉ុ​ន​បាន​មានប្រសាសន៍ថា ការផ្តល់​នូវ​គ្រឿង​ឥស្សរិយយស​ដល់​លោកគ្រូ អ្នកគ្រូ មន្ត្រី​និង​អតីតមន្ត្រី​អប់រំ គឺជា​ប្រវត្តិសាស្ត្រ​ដ៏​មាន​សារសំខាន់​បំផុត​ដើម្បី​លើកទឹកចិត្ត និង​នាំ​ឲ្យ​ពួកគេ​អនុវត្ត​នូវ​គំរូ​ដ៏​ល្អ​នេះ​បន្តទៀត។

លោក​រដ្ឋមន្ត្រី បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«ក្រសួង​អប់រំ​បាន​លើកទឹកចិត្ត​ដោយបាន​ធ្វើការ​បំពាក់​គ្រឿង​ឥស្សរិយយស ការងារ​ជូន​ដល់​លោកគ្រូ និង​អ្នកគ្រូ នាពេលនេះ​គឺ​ដោយសារ​រយៈពេល​កន្លងមក​អស់លោក បាន​បំពេញភារកិច្ច កាតព្វកិច្ច​និង​ចេះ​ស្រឡាញ់ គោរព វិជ្ជាជីវៈ ជា​គ្រូបង្រៀន​ប្រកបដោយ​សេចក្ដីថ្លៃថ្នូរ​សីលធម៌​ល្អ មាន​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ មាន​ទស្សនៈ​ស្នេហា​ជាតិ មាតុភូមិ​ខ្ពស់​ហ៊ាន​ទទួលខុសត្រូវ​ក្នុង​ការផ្ទេរ​ចំណេះដឹង​ប្រកបដោយ​បទពិសោធន៍ល្អៗដល់​សិស្សានុសិស្ស​គ្រប់រូប»។

អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក រស់ សា​លីន បាន​មានប្រសាសន៍ថា ការបំពាក់​នូវ​គ្រឿងឥស្សរយស​ជូន​មន្ត្រី​អប់រំ​នេះ គឺ​ចាប់ពី​បឋមសិក្សា រហូតដល់​មធ្យមសិក្សា។ លោក​បញ្ជាក់ថា៖ «ក្រសួង​បានផ្តល់​គ្រឿងឥស្សរយស​ដល់​លោកគ្រូ អ្នកគ្រូ​ទាំងអស់​ចាប់ពី​បឋមសិក្សា មធ្យមសិក្សា​បឋមភូមិ និង​មធ្យមសិក្សា​ទុតិយភូមិ។ ហើយ​សូម្បីតែ​មន្ត្រី​អប់រំ​ផ្នែក​រដ្ឋបាល និង​រហូតដល់​ប្រធាន​និង អនុប្រធាន​មន្ទីរ​ខេត្ត ក៏ត្រូវ​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​ដែរ» ៕



Tag:
 ក្រសួង​អប់រំ ឥស្សរ​យស
© រក្សាសិទ្ធិដោយ thmeythmey.com