ពីនេះ ពីនោះ
តើ​ពាក្យ «បម្រាស, បម្រាស់, បម្រះ, បង្រះ» ប្រើ​ក្នុងន័យ​ខុសគ្នា​ឬ​ដូចគ្នា?
02, Aug 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ស្ទើរ​គ្រប់គ្នា សរសេរ​ពាក្យ​ទាំងនេះ​ដោយ​មិនដឹងថា​មួយណា​ខុស​ឬ​ត្រូវ​ឡើយ ហើយក៏​មិនដឹងថា​ពាក្យ​មួយណា​ប្រើ​ក្នុងន័យ​ណាមួយ​នោះដែរ។ បើ​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ «បម្រាស» និង «បម្រាស់» គឺ​ប្រើ​ក្នុងន័យ​ខុសគ្នា។ ប៉ុន្តែ​ពាក្យ «បម្រះ» និង «បង្រះ» គឺ​ប្រើ​ក្នុងន័យ​តែមួយ។



ទី១ ពាក្យ «បម្រាស» មានន័យថា ធ្វើ​ឲ្យ​ប្រាស ឲ្យ​ឃ្លាត​ចេញ។ ឧទាហរណ៍៖ អ្នក​រឹត​ទឹកដោះគោ ទាក់​កកូន​គោ ចង​បម្រាស​ឲ្យ​ឃ្លាត​ចេញពី​មេ​វា...។

ទី២ ពាក្យ «បម្រាស់» ជា​ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយនឹង​ពាក្យ បម្រើ ថា «បម្រើបម្រាស់» គឺ​មានន័យថា ទទួលភារៈ​តាម​កិច្ច​ដែល​គេ​ប្រើប្រាស់ ឬ​ទទួល​រ៉ាប់រង​កិច្ចការ​ខ្ពស់​ទាប​គ្រប់យ៉ាង​តាម​ពាក្យ​ដែល​គេ​ប្រើ។ ឧទាហរណ៍៖ ក្មួយ​ឯង​ជា​អ្នក​ទ័លក្រ, ឯង​ខំ​បម្រើបម្រាស់​លោក​ទៅ...។

ទី៣ ពាក្យ «បម្រះ» ឬ «បង្រះ» មានន័យថា ប្រះ​ចុះ​ប្រះ​ឡើងរឿយ, កម្រើក​អវយវៈ​ដោយ​ប្រឹង​ខ្លាំង ដើម្បី​នឹង​ឲ្យ​រួច​ពី​ចំណាប់ ឬ​ពី​ចំណង។ ឧទាហរណ៍៖ ដេក​បម្រះ​ខ្លួន, លលក​បង្រះ​ក្នុង​ទ្រុង ប៉ុន្តែ​បម្រះចេញ​មិន​រួច៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com