ពីនេះ ពីនោះ
«ខ្ញុំ​ចាស់​ហើយ​មិនអាច​ទទួល​ចំណេះ​ដឹងបាន​ទៀត​ទេ» តើ​ពិត​មែនឬ?
07, Aug 2015 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
ពិតណាស់​បើ​ចង់​ចេះ​ត្រូវតែ​រៀន ហើយ​ការរៀន​នោះ​ទៀតសោត អ្នក​អាច​រៀន​នឹង​ទទួល​ចំណេះ​ដឹងបាន​ទាំងអស់ មិន​ប្រកាន់​ថា​ទាល់តែ​សិក្សា​នៅ​សាលា​តែ​ម្យ៉ាង​នោះទេ ចំណេះដឹង​វា​ដូច​ទៅនឹង​ការ​សន្សំទ្រព្យ​អញ្ចឹង យើង​ត្រូវ​សន្សំ​បន្តិចម្តងៗ មានន័យថា​ត្រូវ​សន្សំ​ទាំង​នៅ​សាលា ពី​អ្នកដទៃ និង​ឯកសារ​ដែល​ពាក់ព័ន្ធ​ទាំងអស់។ យើង​អាច​ចម្រើន​ចំណេះដឹង​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​មិន​ថា​ចាស់ ឬក៏​ក្មេង​នោះទេ ឲ្យ​តែ​បើក​គំនិត​បើក​ចិត្ត​របស់ខ្លួន​ឲ្យ​ទូលាយ ដើម្បី​ទទួលយក​នូវ​ចំណេះដឹង​ទាំងនោះ។ តើ​ទស្សនៈ​ដែល​លើកឡើងថា
 « ខ្ញុំ​ចាស់​ហើយ​មិនអាច​ទទួល​ចំណេះដឹង​បានទេ» ជាការ​ពិតមែន ឬក៏​អត់? 



ទស្សនៈ​ដែល​លើកឡើងថា «ខ្ញុំ​ចាស់​ហើយ​មិនអាច​ទទួល​ចំណេះដឹង​បានទេ» វា​ជា​ការយល់​ខុស ព្រោះថា​យើង​អាច​ទទួល​ចំណេះដឹង​រហូត​មួយជីវិត លុះត្រាតែ​អ្នក​បាត់បង់​សតិ​លែង​ដឹង​ខុសត្រូវ​ទើប​មិនអាច​ទទួល​ចំណេះ​ដឹងបាន ត្រឹមតែ​ចាស់​គ្មាន​រឿង​អ្វីដែល​មិនអាច​ទទួលបាន​នោះទេ។ ចំពោះ​ទស្សនៈ​ខាងលើនេះ វា​គ្រាន់តែ​ជាការ​លើកឡើង​របស់​ម​នុស្ស​ដែល​អួតអាង​ថា​ខ្លួន​ចាស់ ខ្លួន​មានចំណេះដឹង​រឿង​អ្វី​ទៅ​រៀន​ពី​ក្មេង ឬ​អ្នកណា​នោះ​ទៀត នេះ​ជាការ​ចាក់សោរ​ខ្លួនឯង​តែប៉ុណ្ណោះ។ យើង​មើល​បណ្ឌិត​ទាំងឡាយ​លោក​តែងតែ​សិក្សា​រៀនសូត្រ​ពេញ​មួយជីវិត​របស់លោក ទោះ​ស្ថិតនៅក្នុង​សភាព​បែបណាក៏ដោយ ការទទួល​ចំណេះដឹង​របស់លោក​មិនដែល​ប្រកាន់​ថា​អ្នកនោះ​ក្មេង​ជាង​ខ្លួន  កម្រិតវប្បធម៌​ទាប​ជាង ស្គាល់​ឬ​មិន​ស្គាល់​នោះទេ​ក៏​លោក​អាច​ស​ទទួល​ចំណេះដឹង​បានដែរ ( បន្ទាបខ្លួន​ទទួល​ចំណេះដឹង​មិន​ថោកទាប​ទេ មនុស្ស​ដែល​លើកខ្លួន​ហួស​ពីអ្វី​ដែល​ខ្លួន​មាន​ទើប​ថោក )។

យើង​ត្រូវ​ចងចាំ​ថា​ការសិក្សា​រៀនសូត្រ​របស់​មនុស្ស​យើង​មាន​ពីរ គឺ​ការសិក្សា​ក្នុង​ប្រព័ន្ធ នឹង​ការសិក្សា​ក្រៅ​ប្រព័ន្ធ។  ការសិក្សា​ក្នុង​ប្រព័ន្ធ​ជាការ​សិក្សា​នៅតាម​សាលារៀន ហើយ​ការសិក្សា​នេះ​ត្រូវ​ពឹង​ផ្អែកលើ​គ្រូ​ស្ទើរ​ទាំងស្រុង ចំណែក​ការសិក្សា​ក្រៅ​ប្រព័ន្ធ​វិញ ជាការ​សិក្សា​ដែល​មិនបាច់​ចូល​សាលារៀន តែ​ត្រូវ​រៀន​ដោយ​ខ្លួនឯង រៀន​ពី​មនុស្ស​ជុំវិញខ្លួន រៀន​ពី​សង្គម រៀន​ពី​ពិភពលោក។ អាស្រ័យ​ហេតុនេះហើយ​បាន​ជាមាន​ទ្រឹស្តី​មួយ​ថា «អី្វ​ដែល​នៅ​ជុំវិញខ្លួន​យើង ជា​គ្រូ​របស់​យើង» ។



© រក្សាសិទ្ធិដោយ thmeythmey.com