ពីនេះ ពីនោះ
ខ្លា​ពពក មាននៅ​ភាគ​ឦសាន និរតី និង​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា
08, Aug 2015 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
ភិនភាគ៖ ខ្លា​ពពក​មាន​មាឌធំ​ជាង​ខ្លា​ភ្ញី​ថ្មកែវ មាន​សម្បុរ​ពណ៌​ក្រ​ម៉ៅ​ប្រផេះ នៅលើ​ដងខ្លួន​មានផ្ទាំងៗ ដូច​ពពកធំៗ នៅ​ផ្នែក​ខាងក្រោយ​នៃ​ផ្ទាំង​នេះ​មាន​ពណ៌​ខ្មៅ​ខ័​ណ្ឌ​ជា​កំណាត់​ដុំ​ផ្ទាំងនីមួយ។ ដុំ​ផ្ទាំង​នេះ​រីក​ធំ​នៅ​ផ្នែក​ខាងក្រោយ​ស្មា ដែល​ចាប់ផ្តើម​ពីលើ​ខ្នង​រហូត​ស្ទើរ​ដល់​ក្រោម​ពោះ។ ច្រមុះ​មាន​ពណ៌​ស និង​នៅលើ​ថ្ងាស​មាន​ស្នាម​អុចតូច។ វា​មាន​កន្ទុយ​វែង អុចៗនៅ​ផ្នែក​ខាង​គល់ និងបន្ទះៗនៅ​ផ្នែក​ចុង។ វា​មាន​ជើង​ខ្លី ប្រអប់ជើង​ធំ​ងាយស្រួល​ក្នុងការ​ប្រតោង​មែកឈើ។ ខ្លា​ពពក​ងាយ​ក្នុងការ​ចំណាំ​ណាស់ គឺ​យើង​គ្រាន់តែ​ក្រលេកមើល​នៅលើ​ដងខ្លួន​របស់​វា​មាន​ផ្ទាំង​ដុំ​សណ្ឋាន​ដូច​ដុំ​ពពក​រាយ​ពាសពេញ​ដងខ្លួន។


 
ជីវសាស្ត្រ៖ ខ្លា​ពពក​ចូលចិត្ត​រស់នៅក្នុង​ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង និង​ព្រៃចំរុះ។ ខ្លា​ពពក​ជា​សត្វ​រាត្រីចរ ច្រើន​រស់នៅ​ជា​គូ​លើ​ដើមឈើ។ ជាធម្មតា​វាចា​ប់​ចំណី​ដោយ​លោត​ពីលើ​ដើ​ឈើ​សង្គ្រប់​លើស​ត្វ​នៅ​ដី ដូច​ខ្លារខិន​ដែរ។ អាហារ​របស់​វា​មាន បក្សី ពស់ ជ្រូកព្រៃ ឈ្លូស ប្រើស ស្វា​ជាដើម។ ខ្លា​ពពក​ប្រើ​ក្រ​ញុំ​ាំ​ជើង​មុខ​មុត​សម្រាប់​សង្ក​ត​ចាប់​ចំណី រួច​ទើប​ខាំ​ជា​ក្រោយ។ ខ្លា​ពពក​អាចបង្កើត​កូន​ម្តង​បាន​ពី២-៤ក្បាល បន្ទាប់ពី​ពពោះ​អស់​រយៈពេល​ប្រហែល ៩០-៩៥ថ្ងៃ។ 
 
រប៉ាយ​រស់នៅ៖ ខ្លា​ពពក​មាននៅ​ភូមិភាគ​ឦសាន និរតី និង​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា។ វា​ត្រូវបាន​រកឃើញ​នៅ​ប្រទេស ប៊ុ​យ​តាន ចិន ឥណ្ឌា ឥណ្ឌូនេស៊ី (កោះ​ស៊ូ​ម៉ា​ត្រា) ឡាវ ម៉ាឡេស៊ី សា​រ៉ា​វ៉ា​ក់ ភូមា នេ​ប៉ាល់ ថៃ និង​ប្រទេស​វៀតណាម ខ្លា​នេះ​បាន​ផុត​ពូជ​នៅ​ប្រទេស​បង់​ក្លា​ដេ​ស សឹង្ហ​បូរី និង​តៃវ៉ាន់។ 
 
ស្ថានភាព​អភិរក្ស៖ ខ្លា​ពពក ស្ថិតក្នុង​ក្រុម​ប្រភេទ​ជិត​ពួជ និង​មាន​ចុះ​ក្នុង​បញ្ជី​ឧបសម្ព័ន្ធ​ទី ១ នៃ​អនុ​ស​ញ្ជា​សាយ​តេស។ ប្រភេទ​នេះ​ទទួលរង​ការ​គម្រាមកំហែង​ដោយសារ​ការ​បរបាញ់ និង​ការបាត់បង់​ទីជម្រក​ដែល​វា​ធ្លាប់​ស្វែងរក​ចំណី និង​រស់នៅ។ ខ្លា​ពពក​ត្រូវបាន​ចាត់​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ថា​ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់ (VU) នៅក្នុង​ពិភពលោក៕
 

Tag:
 ឯកសារ​សត្វ
© រក្សាសិទ្ធិដោយ thmeythmey.com