ពីនេះ ពីនោះ
ស្រវឹង​ជោគ​យប់មិញ គួរ​ធ្វើ​ម៉េច​ទើប​ស្វាង​វិញ​ទៅ?
08, Aug 2015 , 12:05 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រោយពី​ចូលរួម ក្នុង​ពិធីជប់លៀង នៅ​យប់​ថ្ងៃ​ចុង​សប្តាហ៍​រួចមក ភាគច្រើន សុភាពបុរស​តែង​ត្រឡប់មកផ្ទះ​វិញ ដោយ​អាកា​រៈ​វិលមុខ​ខ្លាំង ឈឺក្បាល ឈឺក្រពះ។ ដូច្នេះ តើ​គួរ​ធ្វើ​ដូចម្តេច ទើប​អាច​ធូរស្រាល ពី​ការ​ស្រវឹង​យប់មិញ​បាន​ទៅ? បើ​យោងទៅតាម​ការសិក្សា​បាន​ឲ្យ​ដឹងថា ដើម្បី​បង្ការ​ការ​ស្រវឹង  អ្នក​គួរតែ​យល់ដឹង ពី​របៀប​ដែល​រាងកាយ​អ្នក​ផ្ទាល់ ប្រតិកម្ម​នឹង​គ្រឿង​ស្រវឹង​នោះ។ គ្រឿង​ស្រវឹង គឺជា​ភេសជ្ជៈ​ងាយ​នឹង​នាំ​ឲ្យ​នោម ដូច្នេះ អ្នក​អាច​នឹង​នោម​កាន់តែច្រើន រហូតដល់​ខ្សោះ​ពី​ខ្លួន​ទៀត​ក៏មានដែរ។ ក្រៅពីនេះ សារធាតុផ្សេងៗរបស់​គ្រឿង​ស្រវឹង នឹងធ្វើ​ឲ្យ​អ្នក​ឈឺក្រពះ ហើយ​អាច​រហូតដល់​មាន​អារម្មណ៍ ចង់​ចង្អោរ​ទៀតផង។ ដើម្បី​អាច​បញ្ឈប់​ការ​ស្រវឹង​បាន អ្នក​គួរតែ​ឈប់​ផឹក​គ្រឿង​ស្រវឹង​នោះ​តែម្តង។ ដើម្បី​ព្យាបាល អ្នក​គួរតែ​ត្រូវ​ចំណាយពេល​ពី ៨ ទៅ ២៤ ម៉ោង ទើប​បាត់​ទៅវិញ។



ដើម្បី​ព្យាបាល អា​ការៈឈឺ​ក្បាល ចង្អោរ និង​រោគសញ្ញាផ្សេងៗទៀត ចូរ​សាកល្បង តាម​វិធី​ដូចខាងក្រោម​នេះ ៖

ញ៉ាំ​ទឹក
ការទទួល​ទាន​ទឹក គឺជា​រឿង​សំខាន់​ណាស់ ដើម្បី​បង្គ្រប់​ជាតិ​ទឹក ខណៈពេលដែល​អ្នក ញ៉ាំ​គ្រឿង​ស្រវឹង។ ចូរ​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន នៅ​ចន្លោះពេល​ញ៉ាំ​គ្រឿង​ស្រវឹង។ បើ​មិន​ដូច្នេះ​ទេ អ្នកនឹង​អាចមាន​អារម្មណ៍​ដូចជា អស់កម្លាំង ឬ​មិន​ស្រួលខ្លួន នៅ​ថ្ងៃ​បន្ទាប់​ជាមិនខាន។ ការ​ញ៉ាំ​ទឹក​បន្ថែម នឹង​ជួយ​បង្គ្រប់​ជាតិ​ទឹក​ផង ព្រមទាំង​ច្រោះ​សារធាតុផ្សេងៗ ដែល​ធ្វើ​ឲ្យ​មាន​រោគសញ្ញា​ផង។

ញ៉ាំ​ភេសជ្ជៈផ្សេងៗទៀត
ការ​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ទេ យក​ល្អ គួរតែ​ញ៉ាំ​ភេសជ្ជៈ​ណា ដែល​សម្បូរ​អេ​ឡិច​ត្រូ​លីត្រ ដូចជា ភេសជ្ជៈ​សម្រាប់​អ្នក​ហាត់​កីឡា ទឹកដូង ឬ​ទឹក​ស៊ុប។ ភេសជ្ជៈ​ទាំងនេះ អាចជួយ​ស្តារឡើងវិញ នូវ​ជាតិ​អំបិល និង​ប៉ូ​តា​ស្យូ​ម ដែល​បាត់បង់​ក្រោយពី​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​បាន។

ញ៉ាំ​ខ្លាញ់​សិន មុន​ញ៉ាំ​គ្រឿង​ស្រវឹង
ការ​ញ៉ាំ​ប្រេង​អូ​លីវ​មួយ​ស្លាបព្រា​បាយ មុន​ចូលរួម​ពិធី​ញ៉ាំ​គ្រឿង​ស្រវឹង ក្នុង​កម្មវិធី​ជប់លាង អាចជួយ​បង្ការ​ការ​ស្រវឹង​បាន។ ការ​ញ៉ាំ​ភី​ហ្សា ឬ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ផ្សេងទៀត គឺមាន​ប្រសិទ្ធ​ភាពដូចគ្នា​អ​ញ្ជឹ​ង។ អាហារ​បែបនេះ នឹង​ជួយផ្តល់​ភាព​រំអិល​ដល់​ពោះវៀន ដូច្នេះ គ្រឿង​ស្រវឹង នឹងត្រូវ​ការ​ពេល​យូរ​ទើប​ស្រូប​ចូលក្នុង​រាងកាយ​បាន។

ញ៉ាំ​ស្ករ ឬ​អាហារ​ផ្អែម ក្នុងពេល​ញ៉ាំ​គ្រឿង​ស្រវឹង
ការសិក្សា​បាន​ឲ្យ​ដឹងថា សារធាតុ​ផ្អែម Fructose ប្រហែលជា​ជួយ​ពន្យឺត​ការរំលាយ​អាហារ និង​បន្ថយ​ការ​ប្រឈម​នឹង​ស្រវឹង​បាន។ ការ​ញ៉ាំ​ស្ករ ក្នុងពេល​កំពុង​ផឹង​គ្រឿង​ស្រវឹង ពិតជា​រឿង​សំខាន់​ណាស់។ ចូរ​ព្យាយាម​ញ៉ាំ​ទឹកក្រូច​ច្របាច់​ស្រស់ នៅ​ចន្លោះពេល​ញ៉ាំ​ស្រា​ក្រឡុក។

ញ៉ាំ​អាហារ​ពេលព្រឹក
ការ​ញ៉ាំ​អាហារ​នៅពេល​ព្រឹក អាចជួយ​បន្ថយ​រោគសញ្ញា នៃ​ការ​ស្រវឹង​បាន។ អេ​ឡិច​ត្រូ​លីត្រ​ក្នុង​អាហារ​នឹង​ជួយ​ជំនួស​នូវ​ការបាត់បង់ និង​ទទួលបាន​កាឡូរី ដល់​រាងកាយ​វិញ។ បើសិនជា​អ្នក​ស្រវឹង ចូរ​ញ៉ាំ​អាហារ​ណា ដែល​ងាយ​រំលាយ​បន្ថែម​ទៅ។

ទំពារ​ខ្ញី
មនុស្ស​យើង​ប្រើ​ខ្ញី ដើម្បី​កាត់បន្ថយ​ការ​ក្អួត និង​ចង្អោរ។ ដូច្នេះ អ្នក​ក៏​អាច​សាកល្បង​ទំពារ​ខ្ញី​មួយ​ដុំ ក្រោយពី​ស្រវឹង​មួយ​យប់​បានដែរ។ ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​ខ្ញី​លាយ​ស្ករត្នោត មុនពេល​ផឹក​គ្រឿង​ស្រវឹង នឹង​កាត់បន្ថយ​ការ​ចង្អោ និង​ក្អួត​បាន។

គេង​ឲ្យ​បាន​ច្រើន

ការ​គេង​មិន​គ្រប់គ្រាន់ អាចធ្វើ​ឲ្យ​រោគសញ្ញា នៃ​ការ​ស្រវឹង​កាន់តែ​ធ្ងន់ធ្ងរ ដូច្នេះ ចូរ​ចំណាយពេល​គេង​ថ្ងៃ ឲ្យ​បានយូរ​បន្តិច​ទៅ ព្រោះ​វា​ជា​វិធី ជួយ​ឲ្យ​អ្នក​ឆាប់​ជា​មកវិញ។

ចំពោះ​អ្នក​ក្អួត​ច្រើនដង
នេះ​គឺជា​ដំណើរការ ធម្មជាតិ​របស់​រាងកាយ ក្នុងការ​ជំនះ​ជាតិពុល ក្នុង​គ្រឿង​ស្រវឹង។ ទោះបីជា​យ៉ាងណាក៏ដោយ ការ​ក្អួត អាច​នាំ​ឲ្យ​គ្រោះថ្នាក់ ដល់​ជីវិត​ធ្ងន់ធ្ងរ​បាន ដូចជា ខ្សោះ​ជាតិ​ទឹក និង​អតុល្យភាព​អេ​ឡិច​ត្រូ​លីត្រ។ បើសិនជា​អ្នក កំពុង​តែមាន​អារម្មណ៍​ចង់​ក្អួត​ហើយ​នោះ ចូរ​ឈប់​ការផឹក​គ្រឿង​ស្រវឹង និង​ចាប់ផ្តើម​ញ៉ាំ​ទឹក​ធម្មតា ឲ្យ​ច្រើន​វិញ​ទៅ។

សន្លប់​ឈឹង
បើសិនជា​មនុស្ស​ម្នាក់ ផឹក​គ្រឿង​ស្រវឹង​ច្រើន សន្លប់ និង​បាត់ស្មារតី ដោយសារ​គ្រឿង​ស្រវឹង​នោះ ចូរ​នាំ​គេ​ទៅ​មន្ទីរពេទ្យ ដែល​នៅ​ជិត​បំផុត​ទៅ ព្រោះ​ពួកគេ​អាច​ស្ថិតនៅក្នុង ស្ថានភាព​គ្រោះថ្នាក់ នៃ​ការ​ខក់​ដោយសារ​កំអួត​ខ្លួនឯង ឬ​ទៅជា​ហ្សុ​ក៕

 
ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com