ជាតិ
សង្គមជាតិ
សាស្ត្រាចារ្យ​សារព័ត៌មាន​អាមេរិក​ធ្វើ​បាឋកថា​នៅ​សារព័ត៌មានថ្មីៗ
11, Aug 2015 , 1:56 pm        
រូបភាព
ដោយ: ថ្មីៗ
លោកស្រី​សាស្ត្រាចារ្យ Janet Steele កំពុង​បំពេញ​ទស្សនកិច្ច១សប្តាហ៍​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ចែករំលែក​ពិសោធន៍​ផ្នែក​ព័ត៌មាន​ដល់​អ្នកកាសែត​កម្ពុជា។ ក្នុងចំណោម​អង្គភាព​សារព័ត៌មាន​មួយចំនួន លោកស្រី​សាស្ត្រាចារ្យ​បាន​ទស្សនកិច្ច​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ និង​បានធ្វើ​បាឋកថា​រយៈពេល២ម៉ោង​ដល់​អ្នកកាសែតថ្មីៗនៅ​ព្រឹក​ថ្ងៃទី១១សីហា​នេះ។



ប្រធានបទ​សំខាន់​ពីរ​ដែល​លោកស្រី​សាស្ត្រាចារ្យ​បាន​លើកយក​ពិភាក្សា​ជាមួយ​អ្នកសារព័ត៌មានថ្មីៗ៖ ធ្វើ​ការងារ​សារព័ត៌មាន​ដ៏​ល្អ​ក្នុង​យុគសម័យ​នៃ​សារព័ត៌មាន​អេឡិចត្រូនិក និង​សារសំខាន់​នៃ​សារព័ត៌មាន​ឯករាជ្យ​ក្នុងដំណាក់កាល​អន្តរកាល​ឆ្ពោះទៅរក​ប្រជាធិបតេយ្យ។

លោកស្រី Janet Steele គឺជា​សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌​មាននៃ​មហាវិទ្យាល័យ​សារព័ត៌មាន និង​កិច្ចការ​សាធារណៈ​នៃ​សាកលវិទ្យាល័យ George Washington។
ទស្សនកិច្ច​របស់លោក​ស្រី​សាស្ត្រាចារ្យ​នៅ​កម្ពុជា បាន​កើតឡើង​តាមរយៈ​អញ្ជើញ​របស់​សា្ថ​ន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា។ លោកស្រី​ធ្លាប់បាន​ធ្វើការ​ច្រើន​ឆ្នាំ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី និង​ជា​វាគ្មិន​ពិសេស​របស់​ក្រសួងការបរទេស​អាមេរិក​នៅក្នុង​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ី និង​ម​ជ្ឈឹ​ម​បូព៌ា។

អ្នកសារព័ត៌មានថ្មីៗ បានទទួល​ពិសោធន៍ និង​ចំណេះដឹង​ជាច្រើន​ពី​លោកស្រី​សាស្ត្រាចារ្យ​ទាក់ទង​នឹង​ស្ថានភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​នៅក្នុង​សហរដ្ឋអាមេរិក។

សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ បានផ្តល់​តម្លៃ​យ៉ាងខ្លាំង​ចំពោះ​ការចែករំលែក​ពិសោធន៍​ដើម្បី​ធ្វើអោយ​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​កាន់តែ​មានតម្លៃ និង​ឥទ្ធិពល៕























© រក្សាសិទ្ធិដោយ thmeythmey.com