ជាតិ
សង្គមជាតិ
ក្រសួងអប់រំហាមអង្គការ និងបុគ្គលិកអប់រំ ឃោសនានយោបាយក្នុងគ្រឹះស្ថានសិក្សា
×
ក្រសួងអប់រំ យុវជន និងកីឡា ហាមមិនឲ្យសមាគម អង្គការ បុគ្គលិកអប់រំ និងគ្រូបង្រៀនជាប់សន្យាមួយចំនួន ឃោសនានយោបាយនៅតាមគ្រិះស្ថានសិក្សាទាំងសាធារណៈ និងឯកជនឡើយ។ ក្រសួងអប់រំ អះអាងថា សកម្មភាពឃោសនាទាំងនេះ បានធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ ដែលផ្ទុយនឹងគោលការណ៍អព្យាក្រឹត្យភាពគ្រឹះស្ថានសិក្សា ជាពិសេសផ្ទុយពីច្បាប់ស្ដីពីការអប់រំ។
សេចក្ដីណែនាំរបស់ក្រសួងអប់រំ ចុះថ្ងៃទី ១១ សីហានេះ បានឲ្យដឹងថា ក្រសួងមិនអនុញ្ញាតឲ្យសមាគម អង្គការ ឬភ្នាក់ងារណាមួយ ធ្វើសកម្មភាពនៅក្នុងគ្រិះស្ថានសិក្សា ដោយគ្មានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡាឡើយ។ មិនអនុញ្ញាតឲ្យធ្វើសកម្មភាពនយោបាយ ឬឃោសនានយោបាយឲ្យគណបក្សណាមួយនៅក្នុងគ្រិះស្ថានសិក្សាសាធារណៈ ឬស្ថាប័នអប់រំឡើយស្របតាមមាត្រា៣៤ នៃច្បាប់ស្ដីពីការអប់រំ។ ក្នុងករណីចង់ផ្សព្វផ្សាយព័ត៌មានការអប់រំណាមួយ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ សមាគម និងអង្គការទាំងនោះត្រូវសុំការអនុញ្ញាតពីសមត្ថកិច្ច ឬក្រសួងអប់រំ តាមមាត្រា៤២ នៃច្បាប់ស្ដីពីការអប់រំ។
សេចក្ដីណែនាំដដែលក៏បានព្រមានថា ករណីបុគ្គលអប់រំដែលធ្វើសកម្មភាពឲ្យប៉ះពាល់ដល់អព្យាក្រិត្យភាពរបស់ស្ថាប័នអប់រំ និងគ្រឹះស្ថានសិក្សា ដោយធ្វើសកម្មភាពនយោបាយ ឬឃោសនានយោបាយ ត្រូវទទួលទណ្ឌកម្មពិន័យជាប្រាក់ពី១លានរៀល ទៅ៥លានរៀល តាមមាត្រា៥២ នៃច្បាប់ស្ដីពីការអប់រំ ។ ក្នុងករណីមិនរាងចាល ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ចំនួនទ្វេដង នៃប្រាក់ពិន័យអន្តរកាលខាងលើ ដោយពិន័យពី១០លានរៀល ទៅ២០លានរៀល។
ក្រសួងបន្ថែមថា បើសិនជាករណីនៅតែមិនរាងចាលទៀត នីតិបុគ្គលទាំងនោះត្រូវព្យួរជាបណ្ដោះអាសន្ន ឬសកហូតជាស្ថាពរនូវអាជ្ញាប័ណ្ណអប់រំរបស់ស្ថាប័នអប់រំ៕
© រក្សាសិទ្ធិដោយ thmeythmey.com