ជាតិ
សង្គមជាតិ
កុមារ​កម្ពុជា៨នាក់ដែល​សុំទាន​នៅ​ថៃ ត្រូវ​បញ្ជូនមក​វិញនៅថ្ងៃនេះ
13, Aug 2015 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
កុមារ​កម្ពុជា​ចំនួន៨នាក់ មាន​អាយុ​ពី៧ដល់១៣ឆ្នាំ ដែល​ត្រូវបាន​ឪពុកម្តាយ​ឲ្យ​ទៅសុំ​ទាន​នៅ​ប្រទេស​ថៃ នឹងត្រូវ​បញ្ជូន​មកដល់​ប្រទេស​វិញ​នៅ​ម៉ោង ១១និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៣ ខែសីហា តាម​ច្រកព្រំដែន អន្តរជាតិ​ប៉ោយប៉ែត។



ស្ថាន​ឯកអគ្គរាជទូត​កក​ម្ពុ​ជាប្រចាំ​ប្រទេស​ថៃ សហការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍​សង្គម និង​សន្តិសុខ​មនុស្សជាតិ​ថៃ គឺជា​អ្នក​សម្រួល​ដល់​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​កុមារ​កម្ពុជា​ទាំង៨នាក់​នេះ។ នេះ​ជា​បញ្ជាក់​របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។

បើតាម​អ្នកនាំពាក្យ​ដដែល អាជ្ញាធរ​វៀតណាម និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហូជីមិញ ក៏បាន​ស្ត្រី​ខ្មែរ​ម្នាក់ទៀត​ដែល​ត្រូវគេ​ចាប់ជំរិត ដើម្បី​ជួញដូរ​ផ្លូវភេទ នៅ​ក្រុង​ហូជីមិញ ឲ្យ​ត្រឡប់មក​កម្ពុជា នៅ​ម៉ោង១រសៀល ថ្ងៃទី១៣ ខែសីហា តាម​ច្រកព្រំដែន​អន្តរជាតិ​បាវិត-ម៉ុក​បាយ។ ស្ត្រី​រងគ្រោះ​រូបនោះ មានឈ្មោះ​លេង ធីតា អាយុ២១ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​តា​កុក ឃុំ​តានី ស្រុក​អង្គរជ័យ ខេត្តកំពត។

បាន​អន្តរាគមន៍​ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ​ម្នាក់ទៀត ឈ្មោះ ស្រី សានី អាយុ៣៩ឆ្នាំ  មាន​ស្រុកកំណើត​នៅ​ស្រុក​រវៀង ខេត្តព្រះវិហារ ដែល​បាន​ទៅធ្វើ​ការ​ជា​ស្ត្រី​ជំនួយការ​មេផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី  តាមរយៈ​ក្រុមហ៊ុន នៅ​ប្រទេស​ម៉ាឡេស៊ី​ឈ្មោះ​Sri Nadin តាំងពី​ឆ្នាំ២០០៩ ក៏ត្រូវ​បាន​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ជួយសង្គ្រោះ និង​ធ្វើ​មាតុភូមិនិវត្តន៍​នៅ​ម៉ោង៣និង៥៥ នាទី​រសៀល ថ្ងៃទី១៥ខែសីហា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ នេះ​ជា​បញ្ជាក់​របស់ លោក ជុំ សុន្ទរី​ដដែល។

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក៏​សូម​ធ្វើការ​អំពាវនាវ​ដល់​ព​ល​រដ្ឋ​ខ្មែរ ពិសេស​អាណាព្យាបាល​ដែលមានកូនតូចៗក្នុងបន្ទុក សូម​គិតគូរ​ឲ្យ​បាន​ម៉ត់ចត់​កុំ​បណ្តោយ​ឲ្យ​ពួកគេ​ទៅធ្វើជា​អ្នកសុំទាន មិន​ថា​នៅក្នុង ឬ​នៅក្រៅ​ប្រទេស និង​ប្រើប្រាស់​ពលកម្ម​កុមារ​ដើម្បី ប្រយោជន៍​ផ្ទាល់ខ្លួន។ កុមារ​គឺជា​ជន​ងាយ​រងគ្រោះ និង​ងាយ​ប្រឈម​នឹង​ការជួញដូរ​មនុស្ស  គួរផ្តល់​ឱកាស​ឲ្យ​ពួកគេ​បាន​ទៅ​រៀនសូត្រ៕



© រក្សាសិទ្ធិដោយ thmeythmey.com