កាយអើយកាយស្អាតកាយផងខ្ញុំ កាលវ័យក្រមុំស្រស់ឆើតឆាយ
ល្បីឈ្មោះពីរោះរន្ទឺឆ្ងាយ កម្លោះប្រញាយចោមដណ្តឹង។
និយាយដូចអួតបន្តិចចុះ កាលនៅកម្លោះរូបខ្ញុំហ្នឹង
តួកុនសុំខ្មាស់ប្រាប់ឲ្យដឹង មេម៉ាយដណ្តឹងសុំចងដៃ។
ឥឡូវអស់ផ្លូវអួតកាយស្អាត ជរារាតត្បាតគួរឲ្យភ័យ
បើខានមុជទឹកតែមួយថ្ងៃ កាយស្អុយឆ្អេះក្រៃគួរអនិច្ចា។
កាយស្អាតក្លាយទៅជាស្អុយឆ្អើម ស្បែកញើសជោកសើមក្លិនខ្មួរខារ
តាំងពីចុងសក់ដល់បាទា គ្មានកន្លែងណាស្អាតល្អសោះ។
អាចម៍ភ្នែកច្រមុះអាចម៍ត្រចៀក គួរឲ្យខ្ពើមល្អៀកគ្រប់ទាំងអស់
ទឹកមាត់ទឹកមូត្រខ្ទុះអាចម៍ស្រស់ ស្អុយទាំងនៅរស់អស់ប្រាថ្នា។
លុះពេលដាច់ខ្យល់ដល់ក្តីស្លាប់ ញាតិមិត្តប្រញាប់កប់បូជា
ឬយកទៅចោលក្នុងព្រឹក្សា កើតជាអាហារសត្វទាំងឡាយ។
គេខ្លាចគេឆ្អើមខ្ពើមរអា គួរឲ្យអនិច្ចាដល់រូបកាយ
គួរសង្វេគណាស់ហួសបរិយាយ ច្នេះគួរខ្វល់ខ្វាយពេលនៅរស់។
កុំប្រកាន់ខឹងកុំហួងហែង វិវាទទាស់ទេងបង្កឈ្លោះ
កាន់មេត្តាធម៌ចិត្តសប្បុរស កាយរលាយអស់ឈ្មោះគង់នៅ។
ពឹងព្រះត្រៃរ័ត្នម្លប់អមតៈ ប្រតិបត្តិស្មោះស្ម័គ្រយ៉ាងត្រឹមត្រូវ
កាយស្អុយចោលចុះតែបុណ្យនៅ កម្មល្អនាំទៅសុគតិភព៕
និពន្ធដោយ៖ ឧបាសក ហ៊ិម ឆាន់
កែសម្រួល៖ វិឆ័យ សុភី