ជាតិ
ទូត​ខ្មែរ អំពាវនាវ​ពលករ​កុំ​ឲ្យ​ដើរ​ចល័ត​នៅ​ទីកន្លែង​ដែល​ប្រឈម​នឹង​អសន្តិសុខ
18, Aug 2015 , 3:54 pm        
រូបភាព
 
ទីប្រឹក្សា​ពលករ​ខ្មែរ​នៃ​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ លោក ជៀម ឡា​ម៉ា​ទីន បាន​បញ្ជាក់ថា មិនមាន​ពលករ​ខ្មែរ​ស្លាប់ ឬ​រងរបួស ដោយសារតែ​ការ​បំផ្ទុះ​គ្រាប់បែក នៅក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​យប់ម្សិល​មិញ​ឡើយ។ មន្ត្រី​រូបនេះ បន្ថែមថា ស្ថានទូត​ក៏បានផ្ដល់​ព័ត៌មាន​ដល់​ពលករ​ខ្មែរ កុំអោយ​ដើរទៅ​ទីប្រជុំជន និង​ដើរ​ចល័ត​នៅ​កន្លែងទំនើបៗ ដែល​នាំ​ឲ្យ​អសន្តិសុខ​ដល់​ខ្លួន។

 
លោក ជៀម ឡា​ម៉ា​ទីន អះអាងថា កន្លែង​បំផ្ទុះ​គ្រាប់បែក​កាលពី​យប់ម្សិល​មិញ គឺ​នៅ​ឆ្ងាយ​ពី​កន្លែង​រស់នៅ និង​កន្លែងធ្វើការ​រប​ស់​ពលករ​ខ្មែរ។ បើតាម​ទីប្រឹក្សា​ពលករ​រូបនេះ ពលករ​ខ្មែរ​បាននាំគ្នា​ធ្វើការ​ជាធម្មតា ដោយ​មិន​ការ​ជ្រួលច្របល់​ឡើយ។ ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ តាមរយៈ​ទូរ​សព្ទ​នៅ​ថ្ងៃ​អង្គារ​នេះ លោក ជៀម ឡា​ម៉ា​ទីន បញ្ជាក់​យ៉ាង​ដូច្នេះ៖«យើង​បាន​ទាក់ទង​ទៅ​រោងចក្រ​គ្រប់​ទីកន្លែង​នៅ​ប្រទេស​ថៃ ប្រាប់​ដល់ក​ម្មករ​ខ្មែរ​ឲ្យ​ពួកគេ​ចេញពី​ធ្វើការ នៅតែ​កន្លែង​រស់នៅ​ខ្លួន​បាន​ហើយ កុំ​ឲ្យ​ពួកគេ​ដើរ​ចល័ត​គ្រប់​ទីកន្លែង ដែល​នាំ​ឲ្យ​អ​សុវត្ថិភាព និង​កុំ​ឲ្យ​អាជ្ញាធរ​ថៃ​គេ​សង្ស័យ គេ​ចាប់ខ្លួន ព្រោះ​គេ​កំពុង​តាមដាន​ករណី​បំផ្ទុះ​គ្រាប់បែក»។
 
បើតាម​មន្ត្រី​ខ្មែរ​រូបនេះ អាជ្ញាធរ​ថៃ​ក៏បាន​ហាម​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​កន្លែង​ទំនើបធំៗ នៅ​ទីក្រុង​បាងកក​ដែរ។
យ៉ាងហោចណាស់​មាន​មនុស្ស​ស្លាប់២២នាក់ ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​បាងកក កាលពី​យប់​ម្សិលមិញ។ ក្នុងចំណោម​អ្នកស្លាប់​នោះ​មាន​ជនជាតិ​ហ្វីលីពីន​ម្នាក់ និង​ចិន​ពីរ​នាក់​ផង ដែល​ពួកគេ​ជា​អ្នកទេសចរ។នេះ​បើតាម​សារព័ត៌មាន​បាងកក​ប៉ុស្ដិ៍​ថៃ។
 
រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ Prawit Wongsuwan បាន​សន្និដ្ឋានថា ជនល្មើស​យក​ជនបរទេស​ជា​អ្នកទេសចរ​ជា​គោលដៅ​នៃ​ការវាយប្រហារ ដើម្បី​បំផ្លាញ​ឧស្សាហកម្ម​ទេសចរណ៍​ថៃ​បច្ចុប្បន្ន។ នេះ​មានន័យថា​វា​ជា​សកម្មភាព​បំភ័យ​អ្នក​ទេសចរណ៍​មិន​ឲ្យ​មក​ទស្សនា​ប្រទេស​ថៃ។ យ៉ា ង​ណាក៏ដោយ​របប​សឹក​នៅតែ​អះអាងថា ការ​បំផ្ទុះ​គ្រាប់បែក​គ្មាន​ពាក់ព័ន្ធ​បញ្ហានយោបាយ ឬ​មាន​ពាក់ព័ន្ធ​ក្រុម​ឧទ្ទាម​ឥស្លាម​នៅ​ភាគខាងត្បូង​ឡើយ៕
 

Tag:
 ផ្ទុះ​គ្រាប់បែក​នៅ​បាងកក
© រក្សាសិទ្ធិដោយ thmeythmey.com