ជាតិ
សង្គមជាតិ
សាលារាជធានីជួសជុលផ្លូវលេខ ២៧១ ចាប់ពីមហាវិថីសហព័ន្ធរុស្សីដល់ក្បាលថ្នល់ រូបពីហ្វេសប៊ុកសាលារាជធានីភ្នំពេញ
×
កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ អាជ្ញាធរ រាជធានីភ្នំពេញ សម្រេចបើកការដ្ឋានស្ថាបនាជួសជុលផ្លូវ ចាប់ពីមហាវិថីសហព័ន្ធរុស្សីដល់ស្ពានអាកាសក្បាលថ្នល់ឡើងវិញ ដែលចំណាយថវិការបស់សាលារាជធានីភ្នំពេញអស់ប្រមាណជិត ១ លានដុល្លារអាមេរិក។
អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចធ្វើការកែលម្អកំណាត់ផ្លូវលេខ២៧១ ដោយចាក់កៅស៊ូបេទីមីណឺប្រវែង ៧៧០០ម៉ែត្រ ទទឹង១៨ម៉ែត្រ ពីមហាវិថីសហព័ន្ធរុស្សី ដល់ស្ពានអាកាស ក្បាលថ្នល់។ ការជួសជុលឡើងវិញ ដោយសារផ្លូវ១ខ្សែនេះ រងការខួចខាតពិបាកក្នុងការធ្វើចរាចរណ៍ និងដើម្បីទប់ស្កាត់នូវរាល់ការខូចរេចរឹលធ្ងន់ធ្ងរ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញបានឱ្យដឹងថា ផ្លូវលេខ២៧១ នេះបានប្រើប្រាស់អស់រយៈពេល ១៦ឆ្នាំ រួចមកហើយ គឺចាប់តាំងពីឆ្នាំ១៩៩៩មកម្ល៉េះ។ លោកបន្តថា ការសម្រេចបើកការដ្ឋានស្ថាបនាកែលម្អជាប្រភេទAC(អាសេ) ប្រវែង៧៧០០ម៉ែត្រ ទទឹង១៨ ម៉ែត្រ ចាប់ពីមហាវិថីសហព័ន្ធរុស្សីដល់ស្ពានអាកាសក្បាលថ្នល់ ប្រើប្រាស់រយៈពេលនៃការស្ថាបនាចំនួន ៨៥ ថ្ងៃ ដោយចំណាយថវិកាប្រមាណជិត១លានដុល្លារអាមេរិក ស្ថិតក្នុងខណ្ឌទួលគោក និងខណ្ឌចំការមន។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានថ្លែងថា កំណាត់ផ្លូវនេះ ពិតជាមានសារៈសំខាន់ណាស់ ព្រោះជាផ្លូវក្រវាត់ក្រុងដែលតភ្ជាប់ចរាចរពីតំបន់ខាងជើងមកតំបន់ខាង ត្បូង និងតំបន់ខាងកើតរាជធានីភ្នំពេញ ឆ្ពោះទៅក្រុងតាខ្មៅ និងផ្លូវជាតិលេខ១ សម្រាប់ចរាចរណ៍រថយន្តធុនធ្ងន់ដែលមានសភាពយ៉ាងមមាញឹក៕
ប្រភពពី៖ AKP
© រក្សាសិទ្ធិដោយ thmeythmey.com