ជាតិ
សង្គមជាតិ
ក្រសួងមហាផ្ទៃ ចាត់វិធានការ​ទប់ស្កាត់​មន្ត្រីរាជការ​បើកប្រាក់​ខែ ២ កន្លែង
21, Aug 2015 , 3:04 pm        
រូបភាព
 
រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ប្រកាស​​ចាត់វិធានការ ទប់ស្កាត់ មិន​ឲ្យ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ បើកប្រាក់​ប្រចាំខែ និង​ប្រាក់​បេសកកម្ម​ពីរ​កន្លែង​ឡើយ។ លោក ព្រមាន​ថា បើ​មាន​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ បើកប្រាក់​ប្រចាំខែ និង​ប្រាក់​បេស​កកម្ម​ពីរ​កន្លែង​ទៀត ក្រសួង​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ទៅលើ​បុគ្គល​ទាំងនោះ។ នេះ​បើតាម​លិខិត​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី២១ សីហា ប្រាប់​ទៅ​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (គ.ជ.អ.ប) និង​អង្គភាព​ចំណុះ​ទីស្ដីការក្រសួង រាជធានី ខេត្ត។


 
លិខិត​ដដែល​បន្ដថា ក្រសួង​នឹង​ចាត់​វិធានការ​ឲ្យ​លេខាធិការដ្ឋាន (គ.ជ.អ.ប) អង្គភាព​ចំណុះ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ត្រូវ​ផ្សព្វផ្សាយ និង​ណែនាំ​បន្ទាន់​ដល់​មន្ត្រីរាជការ​ស៊ីវិល​ក្រោម​ឱវាទ​របស់ខ្លួន​ត្រូវ​មក​បំពេញការងារ​ជូន​អង្គភាព និង​ត្រូវបំពេញ​បែបបទ​ទទួល​ប្រាក់បៀវត្ស ឬ​ប្រាក់​បេសកកម្ម​តែមួយ​កន្លែង ដោយ​មិនត្រូវ​បន្ត​បើកប្រាក់​បៀវត្ស​ប្រចាំខែ ឬ​ប្រាក់​បេសកកម្ម២កន្លែង​ទៀត​នោះឡើយ។ ហើយ​បញ្ហា​ទាំងនេះ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់ ធ្វើយ៉ាងណា​កុំ​ឲ្យ​បញ្ហា​ទាំងនេះ កើតមានឡើង​នៅក្នុង​អង្គភាព។
 
បើតាម​លិខិត​ខាងលើ​នោះ បើសិនជា​មន្ត្រី​ទាំងនោះ​មិន​ព្រម​អនុវត្តតាម​ការណែនាំ ហើយ​នៅតែ​បន្ត​បើកប្រាក់​បៀវត្ស​ប្រចាំខែ ឬ​ប្រាក់​បេសកកម្ម ២ កន្លែង​ទៀត​នោះ ក្រសួងមហាផ្ទៃ​នឹង​ចាត់វិធានការ​នានា​ចំពោះ​សាមីខ្លួន​ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ។
 
លិខិត​របស់​ក្រសួងមហាផ្ទៃ បញ្ជាក់​មូលហេតុ​ថា កន្លងមក​ក្រសួង​បាន​ស្រាវជ្រាវ​រកឃើញថា មន្ត្រីរាជការ​ស៊ីវិល​មួយចំនួន បាន​ទៅ​បម្រើ​ការងារ​នៅ​ស្ថាប័ន អង្គភាពផ្សេងៗ ក្រៅពី​អង្គភាព​របស់ខ្លួន ដូចជា​នៅតាម​អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ជាដើម។ មន្ត្រីរាជការ​ស៊ីវិល​ទាំងនោះ ទទួលបាន​ប្រាក់បៀវត្ស​ប្រចាំខែ២កន្លែង ដោយមាន​មន្ត្រី​សាលាខេត្ត​ខ្លះ ទូទាត់​ថ្លៃ​បេសកកម្ម​ពីរលើក​នៅក្នុង​ការងារ​តែមួយ គឺ​ទូទាត់​ប្រាក់​ក្រៅ​ខេត្ត​ផង និង​ក្នុង​ខេត្ត​ផង នៅពេល​បំពេញបេសកកម្មម្ដង៕
 

Tag:
 ក្រសួងមហាផ្ទៃ
  ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com