ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អត្ថប្រយោជន៍​ដ៏​អស្ចារ្យ របស់​ផ្លែ​ដូង ដែល​អ្នក​គួរតែ​ដឹង
09, Mar 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 
ការ​ញ៉ាំ​ផ្លែ​ដូង គឺជា​រឿង​ដ៏​ឆ្លាត​វៃ​មួយ សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​មនុស្ស​យើង ព្រោះ​វា​ជា​ភ្នាក់ងារ​ប្រឆាំង និង​សម្លាប់​បាក់តេរី វីរុស មេរោគ​ផ្សិត និង​ប៉ា​រ៉ា​សិត។ ហេតុ​ដូច្នេះហើយ បើសិនជា​អ្នក​ញ៉ាំ​ដូង តាម​ទម្រង់​គ្រប់​ប្រភេទ (ដូង​ឆៅ ប្រេងដូង ទឹកដូង​ក្រឡុក) សុទ្ធតែ​អាចជួយ​ការពារ និង​ព្យាបាល​ជំងឺ​ភាគច្រើន​ដូចជា ជំងឺ​ផ្តាសាយ ការបង្ក​រោគ​នៅ​បំពង់​អាហារ ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ ព្រូនសំប៉ែត ជំងឺ​ប៉េ​ស ជំងឺ​ប្រមេះទឹកបាយ រលាក​ទងសួត និង​ជំងឺ​មួយចំនួនទៀត ដែល​បង្កឡើង​ដោយ​មេរោគ។


 
មិន​ខ្វល់​ថា​អ្នក​ញ៉ាំ​សាច់ដូង ទឹកដូង ឬ​ប្រេងដូង​ទេ រសជាតិ​របស់​វា គឺ​ឆ្ងាញ់​ទាំងអស់ ហើយ​ជីវជាតិ​ដែល​វា​ផ្តល់​ឲ្យ​មាន​ច្រើនណាស់ ជាពិសេស ជាតិ​សរសៃ វីតាមីន ជាតិ​រ៉ែ និង​អាស៊ីតអាមីណេ​តែម្តង។ ក្រៅពីនេះ វា​ក៏មាន​ជាតិ​កាល់ស្យូម ប៉ូ​តា​ស្យូ​ម និង​ម៉ាញ៉េ​ស្យូ​ម ព្រមទាំង​អេ​ឡិច​ត្រូ​លីត្រ យ៉ាងច្រើន​ផងដែរ។ តាមពិត ទឹកដូង ត្រូវបាន​គេ​ស្គាល់​ថា មាន​កម្រិត​អេ​ឡិច​ត្រូ​លីត្រ ដូចគ្នា​នឹង​ប្លា​ស្មា​មនុស្ស ដែល​គេ​ប្រើ​សម្រាប់​បញ្ចូល​គ្នា​ឈាម​ដែរ។
 
ចំពោះ​ប្រេងដូង​វិញ គឺ​ល្អ​បំផុត​សម្រាប់​រក្សា​ភាព​វ័យក្មេង និង​ស្រស់ស្អាត។ សមាសធាតុ​ជា​អង់​ទី​អុកស៊ីដ​ង់​រប​ស់វា នឹង​ជួយ​បន្ថយ​ភាព​ចាស់ តាមរយៈ​ការពារ​រាងកាយ ពី​រ៉ាឌីកាល់​សេរី​ដែល​គ្រោះថ្នាក់។ ការ​លាប​ប្រេងដូង លើ​ស្បែក​បន្តិច​ជា​រៀងរាល់ថ្ងៃ នឹង​រក្សាបាន​នូវ​ភាពស្រស់ស្អាត និង​រលោង ព្រមទាំង​មិន​ឲ្យ​ស្បែក​ស្ងួត​ទៀត។ អ្នក​គួរតែ​លាបប្រេង​ដូង មុនពេល​ងូតទឹក។

ទឹក​ក្តៅ​នឹង​ជួយ​បើក​រន្ធ​ញើស ដូច្នេះ វា​នឹង​ជួយ​ឲ្យ​ប្រេងដូង អាច​ស្រូប​ចូលទៅក្នុង​ស្បែក​បាន​កាន់តែ​ល្អ។ ប្រេងដូង​ក៏ត្រូវ​បាន​គេ​ស្គាល់​ថា អាច​ព្យាបាល​ជំងឺ​ស្បែក​ដែរ​ដូចជា ជំងឺ​តាអក ស្រែង និង​រលាក​ស្បែក។ ប្រេងដូង ក៏​ល្អ​ចំពោះ​សុខភាព​សក់​ដែរ។ អ្នក​អាច​ប្រើ​ប្រេងដូង​លាប​លើស​ក់​ក្បាល នៅ​ពេលយប់​ម្តងម្កាល ហើយ​លាង​ចេញ​នៅ​ព្រឹក​ឡើង។ ការធ្វើ​បែបនេះ នឹង​ជួយ​ឲ្យ​សក់​មាន​សំណើម និង​ភ្លឺរលោង។
 
ការ​ញ៉ាំ​ដូង ក៏​ជួយ​ទ្រទ្រង់​ដល់​ភាពរឹងមាំ​របស់​ឆ្អឹង និង​ធ្មេញ​ឲ្យ​មាន​សុខភាព​ល្អ នេះ​ដោយសារតែ​វា​មាន​សមត្ថភាព ជួយ​ដល់​ការ​បឺត​ស្រូប​ជាតិ​កាល់ស្យូម និង​ម៉ាញ៉េ​ស្យូ​ម​ទៅក្នុង​ខ្លួន ដូច្នេះ វា​នឹង​ជួយ​បង្ការ​ជំងឺ​ពុក​ឆ្អឹង​ដែរ។
 
នៅពេល​ប្រេងដូង ត្រូវបាន​នាំចូល​ក្នុង​សហរដ្ឋអាមេរិក វា​ពិត​ជាមាន​បញ្ហា​អវិជ្ជមាន​ច្រើនណាស់ អំពី​រឿងនេះ ព្រោះ​វា​ផ្ទុក​ទៅដោយ​ជាតិ​ខ្លាញ់ Saturated Fat ច្រើន។ មាន​មនុស្ស​ជាច្រើន​បារម្ភ​ថា វា​នឹងធ្វើ​ឲ្យ​កូ​ឡេ​ស្តេ​រ៉ុល​ពួកគេ​ឡើង​ខ្ពស់ នាំ​ឲ្យ​មាន​ជំងឺ​បេះដូង ប៉ុន្តែ រឿង​ទាំងនេះ គ្រាន់តែ​ជា​ជំនឿ​មិន​ត្រឹមត្រូវ​ប៉ុណ្ណោះ​ទេ។ តាមពិត វា​ទៅ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល និង​ឱកាស​កើត​ជំងឺ​បេះដូង​ទៅវិញ​ទេ ព្រោះថា​ជាតិ​ខ្លាញ់​របស់​វា នឹង​បំ​លែង​ទៅជា​ថាមពល ហើយក៏​មិន​ងាយ​បង្កើន​ជាតិ​ខ្លាញ់​ក្នុង​សរសៃឈាម​អាកទែ និង​បេះដូង​ដែរ៕
 
 ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com