ជាតិ
សង្គមជាតិ
ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍ គ្រូ​កីឡា​ម្នាក់​ធ្លាក់ខ្លួន​ពិការ បាត់​ប្រាក់ខែ គ្មាន​យុត្តិធម៌
22, Aug 2015 , 10:40 am        
រូបភាព
ដោយ: ថ្មីៗ
ជា​គ្រូ​កីឡា​ម្នាក់​ក្នុង​វិទ្យាល័យ​ក្រុងព្រះសីហនុ លោក អ៊ូ កែវ រកចំណូលបាន​ត្រឹមតែ​ប្រាក់ខែ​គោល​របស់​គ្រូបង្រៀន​ម្នាក់​ប៉ុណ្ណោះ​ដែល​ពិការ​នឹងធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​លោក​បានល្អ​ប្រសើរ។ ប៉ុន្តែ​ចាប់ពី​ខែ​មិនា​ឆ្នាំ២០១៣មក គ្រួសារ​គ្រូ​កីឡា​ម្នាក់​កាន់តែ​ជួប​ភាពដុនដាប។ បរទេស​បាន​ជិះ​ម៉ូតូ​បុក​ម៉ូតូ​របស់​លោកគ្រូ នេះ​បើតាម​ការអះអាង​របស់​លោកគ្រូ ហើយ​បានធ្វើ​ឲ្យ​លោកគ្រូ​ធ្លាក់ខ្លួន​ពិការ​ដល់​សព្វថ្ងៃនេះ ដោយ​មិន​បានទទួល​សំណង​សោះឡើយ។


 
«ខ្ញុំ​កំពុង​បើកបរ​តាមផ្លូវ​ធម្មតា ពេលនោះ​ជនបរទេស​ម្នាក់​បាន​ជិះ​ម៉ូតូ​បុក​ខ្ញុំ​ពេញទំហឹង យើង​ក៏​ដួល​ទាំងអស់គ្នា។ មន្ត្រី​ប៉ូលីស​បានទទួល​សំណូក ហើយ​ដោះលែង​ជនបរទេស​នោះ​ឲ្យ​រួចខ្លួន។  មិនមាន​ជន​ណា​ចេញមុខ​ទទួលខុសត្រូវ​លើ​ឧបទ្ទវហេតុ​អាក្រក់​មកលើ​រូបខ្ញុំ​នេះឡើយ»។ លោកគ្រូ អ៊ូ កែវ អាយុ៣៨ឆ្នាំ កំពុង​រំ​ឮ​ក​និង​រៀបរាប់​បញ្ហា​របស់លោក​គ្រូ។
 
គ្មាន​សំណង គ្មាន​យុត្តិធម៌ លើសពីនេះ​លោកគ្រូ​ត្រូវ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​អស់​ជាច្រើន​ទៀត​ដើម្បី​ការព្យាបាល​សង្គ្រោះ​ជីវិត​ខ្លួនឯង។ ប៉ុន្តែ​ថវិកា​ទាំងនោះ​មិនអាច​ជួយ​លោកគ្រូ​ពី​ពិការភាព​ដែល​មិនអាច​ធ្វើ​ឲ្យ​លោក​កម្រើកខ្លួន​បាន​នោះឡើយ។ ធ្លាក់ខ្លួន​ពិការ ធ្វើការ​មិនបាន​ចាប់តាំងពី​ថ្ងៃ​រងគ្រោះថ្នាក់​មក ឈ្មោះ​លោកគ្រូ​ត្រូវបាន​ក្រសួង​អប់រំ​ប្តូរ​ទៅជា​មនុស្ស​ចូល​និវត្ត​ដែលមាន​ប្រាក់ខែ​បន្តិចបន្តួច។ លោកស្រី ចាន់​ធី ដែល​ភរិយា​បាន​អំពាវនាវ​តាមរយៈ​សារព័ត៌មានថ្មីៗ ស្នើ​មិន​ឲ្យ​ក្រសួង​ដាក់ឈ្មោះ​ស្វាមី​គាត់​នៅ​ជា​អ្នក​ចូលនិវត្តន៍​នោះទេ។ ហើយ​ដោយសារតែ​បញ្ហា​ជីវភាព​នេះហើយ គ្រូ​កីឡា​រូបនេះ​ក៏បាន​សម្រេចចិត្ត​នាំ​ភរិយា និង​កូន​អាយុ៤ឆ្នាំ ផ្លាស់ប្តូរ​មក​រស់នៅ​ស្រុកកំណើត​ខាង​ភរិយា​ដែល​ស្ថិតនៅ​ក្នុងស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។ នៅទីនេះ ភរិយា​របស់​លោកគ្រូ​ត្រូវជា​កម្មការិនី ដើម្បី​ស្វែងរក​ថវិកា​ចិញ្ចឹម​គ្រួសារ​វិញ​ម្តង។
 
សព្វថ្ងៃ មាន​សប្បុរសជន និង​ញាតិ​ជិតខាង​បាន​ផ្តល់ជំនួយ​ដល់​គ្រួសារ​គ្រួ​កីឡា​រូបនេះខ្លះៗដែរ ប៉ុន្តែ​វា​មិនអាច​ទ្រទ្រង់​ជីវភាព​បាន​គ្រប់គ្រាន់​នោះទេ។ បើ​សង្ឃឹមលើ​សំណង​ដែល​តុលា​ការរក​ឲ្យ​នោះ ក៏​រឹតតែ​មិន​សង្ឃឹម​សម្រាប់​គ្រួសារ​នេះ។ ប្រពន្ធ​លោកគ្រូ អ៊ូ កែវ បាន​បញ្ជាក់ថា៖ «តុលាការ​បាន​កោះហៅ​យើង ២ដង​រួចមកហើយ​ដើម្បី​បំភ្លឺ​ក្តី តែ​ខ្ញុំ​គ្មាន​សង្ឃឹម​ទេ ព្រោះ​វា​ហាក់ដូច​ស្ងាត់ទៅៗ ហើយ​ឥឡូវ​វា​ជាង ៣ឆ្នាំ​ហើយ​គ្មាន​ដែល​ឃើញ​លទ្ធផល​នៅឡើយ»។
 
លេខ​ទូរ​សព្ទ​របស់​គ្រួសារ​លោកគ្រូ អ៊ូ កែវ៖ ០៩៧ ៧២ ៧២ ៣៥៧ ប្រសិនបើ​សប្បុរសជន​ចង់​ជួយឧបត្ថម្ភ
អត្ថបទ៖ សេង ធី
 

© រក្សាសិទ្ធិដោយ thmeythmey.com