អន្តរជាតិ
បន្តិចទៀត នឹងមាន​ថ្នាំ​ពន្យារ​ជីវិត​រស់នៅ​បាន ៥ ឆ្នាំ​សម្រាប់​មនុស្ស​ទូទៅ ?
14, Oct 2015 , 2:00 pm        
រូបភាព
ដោយ: ធីតា
អ្នកវិទ្យាសាស្ត្រ​ជនជាតិ​អាមេរិកាំង​មួយក្រុម ទើបតែ​ចាប់ផ្តើម​សាកល្បង​ទៅលើ​ផលប៉ះពាល់​នៃ​ឱសថ​ម្យ៉ាង​ដែលជា​ទូទៅ​សម្រាប់​ទប់ទល់​នឹង​ជំងឺ​ទឹកនោមផ្អែម។ ឱសថ​នេះ​ត្រូវបាន​គេ​សិក្សា​ថា អាច​នឹង​ពន្យារ​ជីវិត​មនុស្ស​បាន​ពី ២-៥ឆ្នាំ។



នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​គេ​ធ្វើការ​ពិសោធន៍​ឱសថ ក្នុង​គោលដៅ​ដំឡើង​អាយុ​សង្ឃឹមរ​ស់រប​ស់មនុស្ស។ ធាតុ​សកម្ម​ដ៏​សំខាន់​នៃ​ឱសថ​មួយ​ប្រភេទ​នេះ គឺ Metformin ជា​ថ្នាំ​សម្រាប់​ប្រឆាំងនឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ ។

ទស្សនា​វ​ដ្តី Sciences et Avenir របស់​បារាំង​បាន​ពន្យល់ថា ដោយ​ផ្អែកលើ​លទ្ធផល​ស្ថិតិ​នៃ​ការសិក្សា​មួយ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ឆ្នាំ ២០១៤ ដែល​បាន​បង្ហាញថា អ្នកជំងឺ​ទឹកនោមផ្អែម​ដែល​ប្រើប្រាស់​ថ្នាំ Metformin មាន​អាយុ​សង្ឃឹម​រស់​ខ្ពស់ជាង ១៥% បើ​ធៀប​នឹង​អ្នក​គ្មាន​ជំងឺ​នេះ អ្នកស្រាវជ្រាវ Nir Barzilai នៃ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ Albert Einstein នៅ​ក្រុង​ញូវយ៉ក បានសម្រេច​ចិត្ត​បង្កើត​គម្រោង​ពន្យារ​អាយុ​ជាមួយនឹង​ថ្នាំ Metformin ។ កាលពី​ឆ្នាំ ២០០៨ ការសិក្សា​មួយទៀត​ដែល​ដឹកនាំ​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​រុស្ស៊ី​ក៏​ធ្លាប់​បានបង្ហាញ​ដែរ​ថា ថ្នាំ Metformin មាន​ប្រសិទ្ធភាព​ក្នុងការ​ដំឡើង​អាយុ​សង្ឃឹម​រស់​របស់​សត្វ​កណ្តុរ​ដែល​ពួកគេ​បាន​យកមក​ពិសោធន៍។

ដើម្បី​ឲ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា តើ​វា​នឹងមាន​លទ្ធផល​ដូចគ្នា​ចំពោះ​មនុស្ស​ដែរ​ឬ​យ៉ាងណា លោក Nir Barzilai នឹង​តាមដាន​លើ​មនុស្ស​ចំនួន ៣ ពាន់​នាក់​ដែល​គ្មាន​ជំងឺ​ទឹកនោមផ្អែម និង​មាន​អាយុ​លើសពី ៧០ ឆ្នាំ។ នៅ​ជំហាន​ដំបូង ក្រុម​អ្នកស្ម័គ្រចិត្ត​ទាំងនេះ​នឹង​តម្រូវ​ឲ្យ​ប្រើប្រាស់​ថ្នាំ Metformin រយៈពេល ៥ ឆ្នាំ។ ទន្ទឹមនឹងនោះ ថ្នាំ Rapamycin ដែលជា​ទូទៅ​គេ​ប្រើប្រាស់​ក្នុងករណី​ផ្សាំ​សរីរៈ ក៏​នឹង​ស្ថិតក្នុង​ការសាកល្បង​សម្រាប់​ការពន្យារ​អាយុ​ក្នុង​គម្រោង​នេះ​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com