បុគ្គលម្នាក់តែងតែចង់បានការគោរព ស្រឡាញ់រាប់អានពីអ្នកដទៃដែលនៅជុំវិញខ្លួន។ បុគ្គលទាំងនោះតែងតែព្យាយាមធ្វើគ្រប់យ៉ាង ដើម្បីឲ្យគេមើលមកថាខ្លួនជាមនុស្សល្អ អ្នកខ្លះប្រឹងរៀន អ្នកខ្លះប្រឹងធ្វើការ រកទ្រព្យសម្បត្តិឲ្យបានច្រើន ធ្វើបុណ្យ គោរពច្បាប់ គោរពសាសនាជាដើម។ ប៉ុន្តែអ្នកទាំងនោះហាក់មានការភ្លេចចំពោះសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន ដែលអាចទាញខ្លួនគាត់ឲ្យក្លាយជាមនុស្សម្នាក់ល្អ ឬអាក្រក់បានយ៉ាងងាយ។ ខាងក្រោមនេះ គឺជាចំណុចងាយៗដើម្បីអប់រំខ្លួនឲ្យក្លាយជាមនុស្សល្អ៖
កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ តែត្រូវស្គាល់ខ្លួនឯង៖ នៅពេលដែលអ្នកយកភាពខ្វះខាតរបស់អ្នកទៅប្រៀបធៀបជាមួយអ្នកដទៃ វាជារឿងមួយដែលធ្វើឲ្យខ្ជះខ្ជាយពេលវេលា ហើយសេចក្ដីស្វាហាបក្នុងការកសាងខ្លួនរបស់អ្នកនឹងត្រូវបាត់បង់។ ត្រូវតែចងចាំថា អ្នកជានរណា ព្យាយាមសិក្សាពីខ្លួនឯងហើយធ្វើអ្វីដែលល្អ អាចធ្វើឲ្យអ្នកអាចគ្រប់គ្រងខ្លួនឯងបាន។ ស្គាល់ខ្លួនឯងធ្វើឲ្យអ្នកក្លាយជាមនុស្សមានភាពច្បាស់លាស់ ដែលអាចឆ្លើយតបនូវភាពវិជ្ជមានចំពោះមនុស្សទូទៅ និងពិភពលោកទាំងមូល។
ត្រូវស្រឡាញ់ខ្លួនឯង៖ មុនអ្នកស្រឡាញ់អ្នកដទៃ អ្នកត្រូវតែមានភាពជឿជាក់ចំពោះខ្លួនឯង និងស្រឡាញ់ខ្លួនឯងជាមុនសិន។ អ្នកត្រូវស្រឡាញ់អ្វីដែលអ្នកធ្វើ និងសេចក្ដីជំនឿរបស់អ្នក ប្រសិនបើអ្នកព្យាយាមធ្វើអ្វីៗដើម្បីអ្នកដទៃ ដោយមិនយកចិត្តទុកដាក់ចំពោះខ្លួនឯង នោះអ្នកនឹងបញ្ចប់ទៅដោយការតូចចិត្ត ការខឹងក្រោធ និងគំនិតអវិជ្ជមាន។ ត្រូវសរសើរខ្លួនឯងជារៀងរាល់ថ្ងៃ ការធ្វើបែបនេះធ្វើឲ្យអ្នកក្លាយជាមនុស្សមានគំនិតវិជ្ជមាន ហើយប្រើប្រាស់ភាពវិជ្ជមាននេះទៅលើមនុស្សទូទៅ ដែលនៅជុំវិញខ្លួនអ្នក។
ធ្វើការឧទ្ទិស ឬធ្វើសមាធិ៖ ការធ្វើបែបនេះ គឺជួយបណ្ដុះនូវគុណភាពនៃជីវិត។ ការធ្វើសមាធិ គឺជួយអ្នកឲ្យរកឃើញសន្ដិភាពផ្លូវចិត្តដែលនៅខាងក្នុងខ្លួនរបស់អ្នក ធ្វើឲ្យអ្នករលឹកដឹងនូវសម្បជ្ជញ្ញៈ ធ្វើឲ្យអ្នកយល់ពីអ្វីដែលជីវិតរបស់អ្នកចង់បាន ប្រកបដោយសេចក្ដីស្ងប់ និងកាន់តែមានអារម្មណ៍វិជ្ជមាន។
ធ្វើសកម្មភាពសប្បុរសធម៌ចំពោះអ្នកដទៃ៖ អ្នកត្រូវចំណាយពេលវេលាធ្វើទង្វើល្អចំពោះអ្នកដទៃជារៀងរាល់ថ្ងៃ ទោះបីជារឿងដែលសាមញ្ញៗក៏ដោយ។ សកម្មភាពចេញពីសេចក្ដីមេត្តាករុណា ចិត្តទូលាយ និងការបើកចំហរចិត្ត គឺជាទង្វើដ៏ល្អរបស់បុគ្គល ដើម្បីផ្ដល់នៅការគោរពពីអ្នកដទៃ។
បង្កើតទម្លាប់អភ័យទោស៖ ជាធម្មតាមនុស្សនៅជុំវិញខ្លួនអ្នកតែងតែបង្កើតឲ្យមានកំហុស ដែលពេលខ្លះធ្វើឲ្យអ្នកមានអារម្មណ៍អវិជ្ជមានចំពោះពួកគេ ដូច្នេះអ្នកអាចផ្ដល់ការអភ័យទោសចំពោះគេ ហើយកែតម្រូវចំណុចខុសឆ្គង។ ការធ្វើបែបនេះធ្វើឲ្យអ្នកអាចគ្រប់គ្រងអារម្មណ៍ខឹងក្រោធ ការឈឺចាប់ខ្លាំង ហើយធ្វើឲ្យអ្នកក្លាយជាមនុស្សដែលមានមេត្តាករុណាក្នុងខ្លួន។
ធ្វើជាមនុស្សសុចរិត៖ ពាក្យកុហក គឺជាការបំពានសច្ចភាពមួយ ហើយធ្វើឲ្យបែកបាកចំណងមិត្តភាពគ្រប់រូបភាព។ ជំនួសឲ្យការកុហក អ្នកត្រូវតែធ្វើជាមនុស្សប្រកាន់នូវសុចរិតភាព ចំពោះមនុស្សទូទៅដែលនៅជុំវិញខ្លួនអ្នក។
ធ្វើជាមនុស្សដែលចេះយល់ចិត្ត៖ ការដែលចេះស្វែងយល់ពីអ្នកដទៃ គឺអាចជួយឲ្យអ្នកកាន់តែមិនបង្ករបញ្ហាចំពោះអ្នកទាំងនោះ និងមិនធ្វើឲ្យចំណងទំនាក់ទំនងប្រេះឆា។ ត្រូវយកខ្លួនអ្នកទៅដាក់ក្នុងចិត្តអ្នកដទៃពេលនោះអ្នក និងយល់ពីអ្វីដែលគេចង់បាន និងទស្សនវិស័យដែលបុគ្គលនោះកំពុងតែគិត។ ហេតុនេះអ្នកត្រូវសួរខ្លួនឯងថា តើខ្ញុំមានអារម្មណ៍បែបណានៅពេលខ្ញុំជាបុគ្គលម្នាក់នោះ?
រាប់អានមនុស្សគ្រប់គ្នាដែលនៅជុំវិញអ្នក៖ រាប់អានមនុស្សមិនមែនគ្រាន់តែផ្ដើមពីការវិនិច្ឆ័យថាល្អគឺល្អ ថាអាក្រក់គឺអាក្រក់ដោយខ្លួនរបស់អ្នកនោះទេ។ អ្នកត្រូវតែទទួលយកការរាប់អានពីអ្នកដទៃមិនថាអ្នកណាឬអ្នកណានោះទេ។ គ្មានបញ្ហាទេចំពោះអាយុ ភេទ ឋានៈបុណ្យស័ក្ក វប្បធម៌បុគ្គល សាសនា ឬជាតិសាសន៍ផ្សេងគ្នា រឿងដែលសំខាន់ គឺមនុស្សម្នាក់ៗតែងតែមានចំនុចល្អរៀងៗខ្លួន។
គ្រប់គ្រងអារម្មណ៍ខឹងក្រោធរបស់អ្នកឲ្យបាន៖ សារជាតិមនុស្សមិនអាចត្រជាក់ដូចទឹកកកបានរហូតនោះទេ រមែងមានការខឹងក្រោធ តែធ្វើជាមនុស្សដែលជាទីគោរពពីអ្នកដទៃ ត្រូវតែមានកំខឹងឲ្យតិចបំផុត។
ផ្ដល់ការសរសើរចំពោះអ្នកដទៃ៖ ការនិយាយពាក្យល្អៗចំពោះមនុស្សទូទៅ គឺជាវិធីដ៏ងាយស្រួលមួយដើម្បីបង្កើតមនោសញ្ចេតនាវិជ្ជមានរវាងគ្នានិងគ្នា។ ត្រូវតែចេះប្រើប្រាស់ភាសារសរសើរនៅពេលអ្នកណាម្នាក់ធ្វើកិច្ចការបានសម្រេច ព្រោះអ្នកក៏ជាមនុស្សម្នាក់ចង់បានការសរសើរពីអ្នកដទៃដូចគ្នាពេលអ្នកសម្រេចកិច្ចការអ្វីមួយ។
ត្រូវធ្វើជាអ្នកស្ដាប់ដ៏ប្រពៃ៖ និយាយឲ្យតិច ស្ដាប់ឲ្យច្រើន គឺជារឿងដ៏ប្រពៃសម្រាប់ការរស់នៅប្រចាំថ្ងៃ មិនមែនមានន័យថាមិនឲ្យនិយាយនោះទេ តែនិយាយពាក្យដែលមានប្រយោជន៍ និងទទួលស្ដាប់រាល់ការទូន្មានពីអ្នកដទៃ។
ផ្ដល់ការគោរពចំពោះមនុស្សទូទៅ៖ ការផ្ដល់តម្លៃចំពោះអ្នកដទៃ ការផ្ដល់ការគោរពចំពោះអ្នកដទៃរមែងផ្ដល់មកអ្នកនៅការផ្ដល់តម្លៃ និងការគោរពចំពោះអ្នកវិញ៕