ពីនេះ ពីនោះ
ដើម្បី​មាន​ទំនាក់ទំនង​ល្អ នៅក្នុង​ក្រុមហ៊ុន តើ​អ្នក​មិនគួរ​ធ្វើ​អ្វីខ្លះ?
08, Sep 2015 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
 
ក្រុមហ៊ុន ប្រៀបដូចជា​កន្លែង​ចម្បាំង បើ​អ្នក​មិន​ប្រុងប្រយ័ត្ន នោះ​អ្នកនឹង​អាច​ស្លាប់​គ្រប់​ពេ​ល ដោយសារតែ​ទង្វើ​របស់​អ្នក។ ដូចនេះ ដើម្បី​មាន​ទំនាក់ទំនង​ល្អ​ក្នុង​ក្រុមហ៊ុន តើ​អ្នក​មិនគួរ​ធ្វើ​អ្វីខ្លះ?


 
1.    អ្នក​មិនត្រូវ​លួច​មើល ឯកសារ​របស់​មិត្ត​រួមការ​ងារ​របស់​អ្នក​ឡើយ ហើយ​បើ​ទូរស័ព្ទ​របស់គេ​រោទិ៍ ឬ​មាន​នរណា​ផ្ញើ​សារ​មក​គេ អ្នក​មិនត្រូវ​សម្លឹងមើល​ទេ អ្នក​គួរតែ​ដាក់​ភ្នែក​ចុះ នោះ​ទើប​អាច​បញ្ជាក់បាន​ថា អ្នកចេះ​គោរព​គេ។
2.    ការខ្ចី​របស់របរ​ប្រើប្រាស់ផ្សេងៗ ពី​មិត្ត​រួមការ​ងារ​រួច មិន​ដាក់​ទៅ​កន្លែង​ដើម​ឲ្យ​គេ​វិញ  ធ្វើ​ឲ្យ​គេ​ស្អប់​ខ្លាំងណាស់ នោះ​អ្នកនឹង​ក្លាយជា​មនុស្ស ដែល​គេ​ស្អប់​នៅក្នុង​ក្រុមហ៊ុន ហើយ​អ្នក​រាល់គ្នា​នឹង​គិតថា អ្នកជា​មនុស្ស​ដែល​គ្មាន​របៀប។
3.    អ្នក​មិនត្រូវ​បាញ់​ទឹកអប់ ដែលមាន​ក្លិន​ធ្ងន់​ពេក​ទេ ព្រោះ​វា​ប៉ះពាល់​ដល់​អារម្មណ៍ របស់​មិត្ត​រួមការ​ងារ​ដទៃ ធ្វើ​ឲ្យ​គេ​ឈឺក្បាល គ្មាន​អារម្មណ៍​ធ្វើ​ការងារ។ ដូចនេះ អ្នក​គួរតែ​ចៀសវាង​កុំ​ធ្វើ​ចំណុច​នេះ បើ​អ្នក​ចង់​មាន​ទំនាក់ទំនង​ល្អ ជាមួយ​អ្នកដទៃ។
4.    ក្រោយ​ពេលដែល​ចេញពី​ធ្វើការ​ហើយ អ្នក​មិនត្រូវ​នៅតែ​ទូរ​សព្ទ័ ទៅ​សួរ​មិត្ត​រួមការ​ងារ​អ្នក ពី​រឿង​ការងារ​ទេ ព្រោះ​គេ​ស្អប់​ខ្លាំងណាស់ គេ​ត្រូវការ​ពេលវេលា​ផ្ទាល់ខ្លួន​របស់គេ  ដូចនេះ ចូរ​អ្នក​កុំ​រំខាន​គេ​ឲ្យ​សោះ។
5.    អ្នក​មិនត្រូវ​និយាយដើម​របស់​មិត្ត​រួមការ​ងារ ទៅប្រាប់​ម្នាក់ទៀត​ទេ ព្រោះ​ម្នាក់​នោះ អាច​ទៅ​និយាយ​ត ចុងក្រោយ អ្នកនឹង​ស្លាប់​ជាមិនខាន បើ​ម្ចាស់​ខ្លួនគេ​ដឹង។
6.    អ្នក​មិនត្រូវ​រអ៊ូរទាំ​ទេ ព្រោះ​វា​ស្តាប់ទៅ​ទើស​ត្រចៀក​ខ្លាំងណាស់ ហើយ​ធ្វើ​ឲ្យ​គេ​ធុញ​ទៀតផង ដូចនេះ អ្នក​ត្រូវធ្វើ​ការងារ​ដោយ​ស្ងប់ស្ងាត់​ទើប​ល្អ មិនត្រូវ​យក​មា​ត់ទៅ​និយាយ​រឿង ដែល​ឥត​បានការ​ឡើយ។
7.    នៅមុខ​ចៅហ្វាយនាយ អ្នក​មិន​ត្រូវធ្វើ​ផ្សេង ហើយ​ក្រោយ​ធ្វើ​ផ្សេង​ឡើយ ព្រោះ​បើ​អ្នក​មានមុខ​ពីរបែប​នេះ ធ្វើ​ឲ្យ​អ្នក​នៅក្នុង​ក្រុមហ៊ុន​ស្អប់​អ្នក​ណាស់៕
 
 ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com