អន្តរជាតិ
តើ​នំ Cake នេះ​ធ្វើ​ពីអ្វី​ទៅ ទើប​មានតម្លៃ​រហូតដល់​ជិត ៧៥ លាន​ដុល្លារ ?
12, Oct 2015 , 5:00 pm        
រូបភាព
ដោយ: ធីតា
 នំ Cake ប្រវែង ១,៨ ម៉ែត្រ និង​បង្កប់​ដោយ​គ្រាប់ពេជ្រ​សុទ្ធ​ចំនួន ៤ ០០០ គ្រាប់ គឺជា​នំ​ដែលមាន​តម្លៃ​រហូតដល់​ជិត ៧៥ លាន​ដុល្លារ។ នំ​នេះ​ត្រូវបាន​ផលិតឡើង​ជាពិសេស សម្រាប់​ពិធី​ខួបកំណើត និង​ពិធី​ភ្ជាប់ពាក្យ​របស់​កូនស្រី​សេដ្ឋី​ម្នាក់​រស់នៅក្នុង​ប្រទេស​អា​រ៉ាប់​រួម ដែល​នឹង​ប្រារព្ធ​ពិធី​ទាំងពីរ​នេះ​ក្នុងពេល​តែមួយ។

 
នំ​នេះ​ផលិតឡើង​ដោយ​អ្នក​ច្នៃ​ម៉ូដ​ដ៏​ឆ្នើម​អាយុ ៣៣ ឆ្នាំ​គឺ លោកស្រី Debbie Wingham ដែល​បាន​ច្នៃ​រ៉ូ​ប​ដ៏​ថ្លៃ​បំផុត​ក្នុង​ពិភពលោក​មានតម្លៃ​ជិត ១៨ លាន​ដុល្លារ។ រ៉ូ​ប​ដ៏​ប្រណីត​នេះ​លម្អ​ដោយ​ពេជ្រ​ខ្មៅ និង​ក្រហម។ សម្រាប់​ការផលិត​នំ Cake នេះ​វិញ លោកស្រី​បាន​ប្រើពេល​ជិត ៤៦ ថ្ងៃ ដោយ​តុបតែង​នំ​តាម​ទិដ្ឋភាព​នៃ​ពិធី​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់ ដែលមាន​អ្នកទស្សនា​ជាច្រើន​នៅ​អម​សងខាង​វេទិកា។ ក្នុងចំណោម​អ្នកទស្សនា​ទាំងនោះ អ្នកខ្លះ​កាន់​កាបូប​ប្រណីត ពា​ក់វែន​តាខ្មៅ អ្នកខ្លះ​ទៀត​កាន់​ទូរស័ព្ទដៃ និង Ipad ទំនើបៗជាដើម។
 
នំ Cake ដ៏​ថ្លៃ​នេះ​មាន​ទម្ងន់ ៤៥០ គីឡូ​ក្រោម វា​ប្រហាក់ប្រហែល​នឹង​ទម្ងន់​របស់​សត្វ​ខ្លាឃ្មុំ​នៅ​តំបន់​ទឹកកក​ដែរ។ ក្រៅពី​បង្កប់​ដោយ​គ្រាប់ពេជ្រ នំ​នេះ​ក៏មាន​លម្អ​ដោយ​ត្បូង​កណ្តៀង​ពណ៌​ស្វាយ និង​ត្បូង​មរកត​ផងដែរ។
 
លោកស្រី Debbie បាន​និយាយថា៖ « ខ្ញុំ​ចូលចិត្ត​គម្រោង​អស្ចារ្យ​បែបនេះ​ណាស់ ហើយ​ខ្ញុំ​ចង់​ផលិត​នំពិសេសៗបែបនេះ​បន្តទៀត ដែល​បង្កប់​នូវ​សិល្បៈ​ចំណីអាហារ »។ នំ Cake របស់លោក​ស្រី​បាន​បំបែក​ឯតទគ្គ​កម្ម​នៃ​តម្លៃ​នំ Cake របស់លោក Tim Smith ដែល​លក់​ថ្លៃ​ប្រមាណ ៥០ លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៣ ៕
 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com