ពីនេះ ពីនោះ
មាគ៌ា​ឆ្ពោះទៅរក​ភាពសុខដុមរមនា​នៅក្នុង​គ្រួសារ
10, Sep 2015 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​សម័យកាល​វិទ្យាសាស្ត្រ​រីកចម្រើន ភាព​ស្និត​ស្នាល​នៅក្នុង​គ្រួសារ​ត្រូវបាន​កាត់ផ្ដាច់ ដោយ​វប្បធម៌​រស់នៅ​ថ្មី និង​ភាព​អស្ចារ្យ នៃ​ការផ្លាស់ប្ដូរ​បច្ចេកវិទ្យា​ទំនើប។ នៅពេលដែល​គ្រួសារ​ទាំងមូល​ត្រូវបាន​ឃ្លាតឆ្ងាយ និង​បាត់បង់​ភាព​ស្និត​ស្នាល ដែលជា​ចំណុច​ស្នូល​ទៅរក​សុភមង្គល និង​ភាពមិន​ស្ងប់​សុខ​ក្នុង​ចិត្ត អ្នក​គ្រប់គ្នា​នឹងមាន​អារម្មណ៍​ថា​គ្មានទេ​សុភមង្គល។ ខាងក្រោម​នេះ គឺជា​វិធីងាយៗ ដើម្បី​ជួយ​ផ្លាស់ប្ដូរ​សកម្មភាព​ប្រចាំថ្ងៃ​របស់​អ្នក​ឲ្យ​ទទួលបាន​សុខ​សុភមង្គល​នៅក្នុង​គ្រួសារ៖

 
១/ បង្កើត​អត្តសញ្ញាណ​គ្រួសារ​របស់​អ្នក៖ ការ​ស្គាល់​ពីគ្នា ជីវភាព ស្ថានភាព​នៅក្នុង​គ្រួសារ គឺជា​រឿង​សំខាន់​មួយ ដើម្បី​បង្កើន​ការទទួលខុសត្រូវ​ក្នុង​គ្រួសារ។ សមាជិកគ្រួសារ​ត្រូវតែ​ដឹងថា បង្កើត​គ្រួសារ​មក​ចង់ គ្រួសារ​ក្លាយទៅជា​គ្រួសារ​បែបណា? តើ​គ្រួសារ​របស់​អ្នក​ចូលចិត្ត​ធ្វើ និង​ត្រូវធ្វើ​នៅ​ថ្ងៃ​អនាគត? 
 
២/ ធ្វើ​កិច្ចការ​ជាមួយគ្នា៖ គ្រួសារ​ដែល​រីករាយ គឺ​អាស្រ័យ​លើ​ការធ្វើការងារ​ជា​ក្រុម។ ដូច្នេះ គ្រួសារនីមួយៗត្រូវ​ចេះ​ជួយ​កិច្ចការ​គ្នា​ទៅវិញទៅមក មិនត្រូវ​ប្រកាន់ខ្លួន​ជា​ប្ដី ជា​ប្រពន្ធ ជា​ប្អូន ជា​បង តែ​ត្រូវ​គិតថា កិច្ចការ​នៅក្នុង​គ្រួសារ គឺជា​ផ្នែក​មួយ​ដែល​ខ្លួន​ត្រូវតែ​ចូលរួម​ធ្វើ។ គ្រប់​សមាជិក​ទាំងអស់​នៅក្នុង​គ្រួសារ ត្រូវតែមាន​អារម្មណ៍​ថា ខ្លួន​មាន​ទិសដៅ​ចង់​ឲ្យ​មានជីវិត​គ្រួសារ​មួយ​នេះ​មាន​សុភមង្គល។
 
៣/ អប់រំ​ចំណុច​វិជ្ជមាន​ដល់​សមាជិកគ្រួសារ៖ តម្លៃ​សំខាន់បំផុត គឺ​សេចក្ដីស្រឡាញ់, បញ្ញា, វិន័យ​ចំពោះ​ខ្លួនឯង, សន្ដិភាព​ផ្លូវចិត្ត និង​សុភមង្គល។ ត្រូវ​ពន្យល់​ណែនាំ​សមាជិកគ្រួសារ​ពី​អត្ថន័យ នៃ​សេចក្ដីស្រឡាញ់ ស្រឡាញ់​ខ្លួនឯង ស្រឡាញ់​គ្រួសារ និង​ស្រឡាញ់​ពិភពលោក​ទាំងមូល ជាពិសេសកូនៗដែល​ទើបតែ​ជា​ពន្លក​ថ្មី។ 
 
៤/ ត្រូវធ្វើ​ឲ្យកូនៗរបស់​អ្នក​ក្លាយជា​អ្នកឈ្នះ៖ ត្រូវ​បង្ហាញ​ពួកគេ​ពី​តម្លៃ នៃ​សេរីភាព ដើម្បី​បង្កើត​ជម្រើស និង​គិតពី​ខ្លួន​របស់គេ។ ត្រូវតែ​ព្យាយាម​បង្ហាញ​ពី​ចំណុចល្អៗ ដើម្បី​ឲ្យកូនៗរបស់​អ្នក​បាន​សិក្សា ព្រោះ​វា​មាន​ឥទ្ធិពល​ខ្លាំង​ចំពោះ​សតិបញ្ញា​របស់​ក្មេង។   
 
៥/ បង្កើត​បរិយាកាស​ល្អ ដើម្បី​បង្កើត​ភាពកកក្តៅ​ក្នុង​ចិត្ត៖ សន្ដិភាព​ខាងក្នុង​អារម្មណ៍ គឺមាន​សារៈសំខាន់​ណាស់​ចំពោះ​គ្រួសារ​ទូទៅ។ ទាំងនេះ គឺអាច​ផ្ដើមចេញពី​ការ​ញាំ​អាហារ​ជុំគ្នា និយាយ​រឿងនិទាន អាន​សៀវភៅ​អប់រំ​ចិត្ត ច្រៀង​ចម្រៀង​ជុំគ្នា និង​ហ្វឹកហាត់​ធ្វើ​សមាធិចិត្ត និង​គំនិត។ ធ្វើបែបនេះ ដើម្បី​បង្កើន​ចំណង​សាមគ្គី និង​សេចក្ដីស្រឡាញ់​គ្រួសារ​កាន់តែខ្លាំង។
 
៦/ បង្កើត​វប្បធម៌​ជជែក​ពិភាក្សា៖ មានគ្រួសារ​មួយចំនួន​ស្ទើរតែ​គ្មានទេ សកម្មភាព​ជជែក​គ្នា​ជា​លក្ខណៈ​បង្កើន​ភាពសប្បាយ​រីករាយ​ក្នុង​គ្រួសារ។ ដូច្នេះ នៅក្នុង​គ្រួសារ​ត្រូវតែមាន​ការជជែក​ពិភាក្សា​ដោយ​គោលការណ៍​ស្មោះត្រង់ សកម្មភាព​វិជ្ជមាន និង​បង្កើត​ភាព​ក្លាយ​ហ៊ាន​ក្នុង​ការបញ្ចេញ​គំនិត។ ការធ្វើ​បែបនេះ គឺជា​វិភាគទាន​មួយ​ក្នុងការ​បើកចំហរ​ចិត្ត​ទទួលយក​ការ​ទូន្មាន​ពី​សមាជិកគ្រួសារ។  
 
៧/ កាត់បន្ថយ​ពាក្យសម្ដី​មិន​ពិ​រោះ​ស្ដាប់​ឲ្យ​នៅ​តិច​បំផុត៖ កំហឹង សម្ដី​ខឹង​ក្រោធ​រមែង​តែងតែមាន តែ​ដើម្បីឱ្យ​គ្រួសារ​មាន​សុខ​សុភមង្គល សមាជិកគ្រួសារ​ចាំបាច់​ត្រូវតែ​កាត់បន្ថយ​ពាក្យពេជន៍​ទាំងនោះ​ឲ្យ​នៅមាន​តិច​បំផុត។ 
 
៨/ គ្រប់គ្រង​ការប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា៖ កំ​ព្យូ​ទ័​រ ទូរ​សព្ទ​ទំនើប ទំនើបកម្ម​បណ្ដាញ​សង្គម ជាហេតុ​នាំ​ឲ្យ​សកម្មភាព​ក្នុង​គ្រួសារ​កាន់តែ​ឃ្លាតឆ្ងាយ​ពីគ្នា។ ហេតុនេះ អ្នក​ត្រូវ​កំណត់ពេល​ឲ្យ​បាន​ច្បាស់​សម្រាប់​ការប្រើប្រាស់​សម្ភារៈ​ទាំងនេះ ដោយ​មើល​ទៅតាម​កាលៈទេសៈ និង​ទីកន្លែង​ជាដើម។ ឧទាហរណ៍ មិនអាច​ពេល​ញាំ​អាហារ​ក៏​លេង​ហ្វេ​ស​ប៊ុ​ក​ដែរនោះ​ឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com