ចង់ធ្វើជាអ្នកនយោបាយ មិនប្រាកដថាអាចក្លាយជាអ្នកនយោបាយទេ។ ស្រឡាញ់នយោបាយ ក៏មិនប្រាកដថា មានឱកាសក្លាយជាអ្នកនយោបាយដែរ។ ពាក្យនយោបាយស្រួលនិយាយ តែពិបាកធ្វើ ពិបាកប្រកួតប្រជែង។ យុវជនមានសមត្ថភាពធ្វើនយោបាយ តែបើមិនប្រយ័ត្ន នោះនឹងក្លាយជាឈ្នាន់របស់អ្នកនយោបាយ សម្រាប់ប្រើប្រាស់ក្នុងការគេងចំណេញនយោបាយ គឺមិនអាចសម្រេចគោលដៅរបស់ខ្លួនបានឡើយ។ ខាងក្រោមនេះជាគន្លឹះមួយចំនួន ដែលអាចជួយឱ្យយុវជន ឬអ្នកនយោបាយជំនាន់ថ្មីយកទៅពិចារណាមុននឹងធ្វើជាអ្នកនយោបាយ៖
១/. តើអ្នកមកពីគ្រួសារអ្នកមានឬយ៉ាងណា?៖ ចង់ធ្វើជាអ្នកនយោបាយ ប្រសិនបើ អ្នកមិនមែនជាត្រកូលអ្នកមានទ្រព្យធននោះ អ្នកត្រូវតែស្វះស្វែងរកអ្នកដែលអាចជួយជ្រោមជ្រែងអ្នកបាន ជាពិសេសអ្នកផ្ដល់ជំនួយ ឬអ្នកត្រូវតែព្យាយាមតស៊ូឲ្យខ្លាំងក្លាយបំផុត ទាំងសមត្ថភាព ការគិតវិភាគ និងការធ្វើសកម្មភាព ព្រោះកិច្ចនេះមិនអាចសម្រេចទៅបានដោយគ្រាន់តែដេកគិតថា ចង់ធ្វើគឺអាចទទួលបានជោគជ័យភ្លាមនោះទេ។
២/. ហាត់និយាយក្នុងទីសាធារណៈ៖ ការទម្លាប់និយាយនៅក្នុងព្រឹត្តិការណ៍នានា ដូចជាវេទិការសាធារណៈ និងការនិយាយទៅកាន់មនុស្ស ដែលអ្នកជួបជារៀងរាល់ថ្ងៃ ដូចជានៅផ្សារ នៅសាលា នៅកន្លែងសាធារណៈជួយឲ្យការបញ្ចេញគំនិត និងរបៀបនិយាយរបស់អ្នកកាន់តែល្អប្រសើរ។ ហើយវាជួយឲ្យអ្នកអាចកាត់បន្ថយនូវសំឡេងមួយចំនួន ដែលនិយាយទៅនាំឲ្យអ្នកស្ដាប់មានការធុញថប់ ឬមិនច្បាស់ជាដើម។ ពេលនោះអ្នកនឹងមានភាពឯករាជនៃសំឡេងខណៈពេលដែល អ្នកថ្លែងក្នុងកិច្ចប្រជុំជាដើម។
៣/. បង្កើតបណ្ដាញនៅក្នុងសហគមន៍ អ្នកនយោបាយ និងមនុស្សទូទៅ៖ ចង់ធ្វើជាអ្នកនយោបាយ គឺចាំបាច់ត្រូវតែមានបណ្ដាញជាមួយមនុស្សក្នុងសង្គម និងអ្នកនយោបាយ ដើម្បីគាំទ្រសកម្មភាពរបស់អ្នក ព្រោះពេលខ្លះ បើទោះបីជាអ្នកមានសមត្ថភាពប៉ុណ្ណាក៏ដោយ ប្រសិនបើអ្នកមិនត្រូវបានគេផ្ដល់ឱកាសឲ្យបញ្ចេញទេ អ្នកក៏មិនអាចបញ្ចេញបានដែរ។ ហេតុនេះការពង្រីកបណ្ដាញទៅក្នុងជំពូកមនុស្សទូទៅអាចឲ្យគេស្គាល់ពីអ្នក និងផ្ដល់ឱកាសឲ្យអ្នក ដើម្បីធ្វើការងារនោះ។
៤/. តាមដានបច្ចុប្បន្នភាពនៃសង្គមជាប្រចាំ៖ អ្នកត្រូវតាមដានជាប្រចាំទៅលើព្រឹត្តិការណ៍សង្គមនានា ពត៌មានជាតិ អន្តរជាតិ សេដ្ឋកិច្ច ផែនការជាតិជាប្រចាំ តាមរយៈការអាន មើល ស្ដាប់ ព្រោះការធ្វើបែបនេះធ្វើឲ្យអ្នកក្លាយជាមនុស្សដែលមានពត៌មានក្នុងដៃ អាចក្ដាបបានស្ថានភាពសង្គម យល់ពីរបត់សង្គម ស្គាល់ពីគោលគំនិតអ្នកនយោបាយចាស់ៗ និងងាយស្រួលក្នុងការការពារខ្លួនអ្នកពីអន្ទាក់នយោបាយ។
៥/. សិក្សាពីប្រវត្តិសាស្ត្រ៖ ធ្វើជាអ្នកនយោបាយប្រសិនបើមិនដឹងពីប្រវត្តិសាស្ត្រទេ ហាក់បីដូចជាគ្មានអ្វីម្យ៉ាងនៅក្នុងខ្លួន ព្រោះប្រវត្តិសាស្ត្រជាបណ្ដុំការងារ ព្រឹត្តិការណ៍ របត់សង្គម អន្តរជាតិ និងរឿងរ៉ាងដែលមេដឹកនាំប្រទេស អ្នកនយោបាយបានធ្វើ និងកើតមាននៅក្នុងប្រវត្តិសាស្ត្រសង្គម។ គ្មានអ្នកប្រវត្តិសាស្ត្រណាដែលមានភាពច្បាស់លាស់ពីរឿងប្រវត្តិសាស្ត្រទាំងស្រុងនោះទេ តែប្រវត្តិសាស្ត្រអាចជួយអ្នកឲ្យមានភាពច្បាស់លាស់។ តែប្រសិនបើមុខវិជ្ជាប្រវត្តិសាស្ត្រមិនមែនជាមុខវិជ្ជាដែលអ្នកចូលចិត្តនោះទេ វាជារឿងមួយដែលលំបាកចំពោះអ្នក។
៦/. ត្រូវតែតាំងចិត្តធ្វើអ្វីដែលអ្នកកំពុងតែប្រតិបត្តិ៖ ប្រសិនបើអ្នកមិនមានឆន្ទៈធ្វើអ្វីដែលអ្នកប៉ងទេ អ្នកនឹងមិនទទួលបានជោគជ័យចំពោះគោលដៅរបស់អ្នកឡើយ។ អ្នកត្រូវតែក្លាហាន ដើម្បីទៅរកអំណាច ដែលជាមធ្យោបាយតែមួយគត់ដែលផ្ដល់នូវសិទ្ធិសម្រេចចិត្ត ចំពោះអ្វីដែលអ្នកចង់កែប្រែ។
៧/. បង្កើនជំនាញការទូត៖ ការចូលរួមសកម្មភាពនានានឹងជួយអ្នកក្នុងការអភិវឌ្ឍសិល្បៈការទូត ហើយ រៀនពីជំនាញនៅក្នុងការទំនាក់ទំនង។
៨/. សិក្សាពីបុគ្គលដែលជោគជ័យ៖ ត្រូវអាន ពីអ្វីដែលបុគ្គលល្បីៗ អ្នកដឹកនាំ អ្នកនិពន្ធល្បី ឬអ្នកជោគជ័យបានសរសេរជាស្នាដៃ ឬជាគំនិតផ្សេងៗ ដើម្បីជាជំនួយគំនិតដល់អ្នក និងអាចបង្ហាញថា រាល់អ្វីដែលអ្នកគិត និងមានជំនឿ មានភាពត្រឹមត្រូវ ហើយត្រូវរៀនឲ្យបានច្រើនពីដំណើរការនយោបាយ។ អ្នកត្រូវសិក្សាថា មូលហេតុអ្វីបានជាអ្នកទាំងនោះអាចធ្វើឲ្យខ្លួនទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត។
៩/. ចាប់ផ្ដើមពីជំហានតូច៖ អ្នកត្រូវចាប់ផ្ដើមធ្វើកិច្ចការសាមញ្ញ បន្ទាប់មកចូលរួមក្នុងសមាជ ឬមុខតំណែងថ្នាក់រដ្ឋ។ ប្រសិនបើអ្នកនៅតែក្នុងសាលា ធ្វើកិច្ចការសម្រាប់តែការងារសាលា នោះធ្វើឲ្យអ្នកគ្មានតំណែងអ្វីទាំងអស់ ដែលកាន់តែធ្វើឲ្យអ្នកមានការខ្វាយខ្វល់កាន់តែខ្លាំងចំពោះបំណងរបស់អ្នក។ តែអ្នកចាប់ផ្ដើមពីការឈរឈ្មោះជាបេក្ខភាពនៅថ្នាក់តំបន់ដូចជា មេឃុំ/សង្គាត់ ស្រុក/ខណ្ឌ ជាដើមដែលទាំងនេះគឺសុទ្ធតែជាចំណុចចាប់ផ្ដើម និងបង្កើតនូវបទពិសោធន៍ជាអ្នកធ្វើនយោបាយ។
១០/. អ្នកត្រូវចូលរួមប្រកួតប្រជែងដើម្បីអភិវឌ្ឍន៍ខ្លួនក្លាយជាបុគ្គលក្លាហាន៖ នៅពេលអ្នកចូលរួមប្រកួតប្រជែងកាន់តែច្រើន អ្នកកាន់តែដឹងពីសមត្ថភាពរបស់អ្នក កាន់តែងដឹងពីសមត្ថភាពរបស់មនុស្សនៅក្នុងសង្គម កាន់តែស្គាល់ពីវិធីសាស្ត្រក្នុងបង្កើនទំនុកចិត្តឲ្យខ្លួនឯង និងវិធីសាស្ត្រយកឈ្នះដៃគូប្រកួត ព្រោះនៅក្នុងនយោបាយ គឺជាសមរភូមិប្រយុទ្ធមួយ ដែលគេហៅថា សមរភូមិប្រយុទ្ធផ្នែកយុទ្ធសាស្ត្រ ចិត្តសាស្ត្រ និងជាសមរភូមិប្រយុទ្ធផ្នែកទស្សនៈ។
១១/. សមត្ថភាពផ្ទាល់ខ្លួន ទេពកោសល្យ និងអំណោយទានពីធម្មជាតិ៖ ចាំបាច់ត្រូវតែជាមនុស្សដែលមានសមត្ថភាព ទាំងចំណេះដឹង ចំណេះធ្វើ និយាយ ទំនាក់ទំនង មានភាពប៉ិនប្រសប់ និងមានចំណង់ចំណូលចិត្ត។ ល៕