ជាតិ
បរិស្ថាន៖ ថង់​ប្លា​ស្ទិ​ក​នៅតែ​ជា​ប្រភព​ដ៏​ធំ​នៃ​សំរាម
13, Sep 2015 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ៖ ជាច្រើន​ឆ្នាំ​កន្លងទៅ ស្លឹកចេក ឬក៏​ស្លឹក​ឈូក​ត្រូវបាន​ប្រជាជន​ខ្មែរ​យកមកប្រើ​ប្រាស់​ដើម្បី​ខ្ចប់​ម្ហូបអាហារ និង​របស់របរផ្សេង។ ក៏ប៉ុន្តែ សព្វថ្ងៃនេះ​យើង​ឃើញថា គេ​ប្រើ​ថង់​ប្លា​ស្ទិ​កមក​ជំនួស​វិញ។



ប្រទេស​កម្ពុជា​សម្បូរ​ទៅដោយ​សំរាម ដែល​ភាគច្រើន​ជា​ថង់​ប្លា​ស្ទិ​ក។ ប្រជាជន​ខ្មែរ​កាន់តែ​ច្រើនឡើង​ចាប់ផ្តើម​ព្រួយបារម្ភ​អំពី​ផលប៉ះពាល់រ​បស់ថង់​ប្លា​ស្ទិ​កម​កលើ​សុខភាព​មនុស្ស និង​បរិស្ថាន។ ក៏ប៉ុន្តែ វា​ត្រូវការ​ពេលវេលា​យូរ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

លោក អ៊ា ផុន អាជីវករ​លក់​ថង់​ប្លា​ស្ទិ​កនៅ​ផ្សារ​អូ​ឬ​ស្សី​នៅ​ទីក្រុង​ភ្នំពេញ បាន​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃ គាត់​អាច​លក់​ថង់​ប្លា​ស្ទិ​កបាន​ប្រហែលជា៥០ទៅ២០០គីឡូក្រាម។ លោក​និយាយថា៖ «ស្លឹក​ឈូក​មិនអាច​យកមកប្រើ​ប្រាស់​នឹង​តម្រូវការ​ប្រជាជន​ដែល​កើន​ជា​រៀងរាល់ថ្ងៃ​នឹង​បានទេ ហើយ​ម្ល៉ោះហើយ​ចៀស​មិន​ផុតពី​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ចៀស​មិន​ផុត​ទេ ទោះបី​យើង​ដឹងថា​ថង់​ប្លា​ស្ទិ​ក​ធ្វើ​ឲ្យ​ខូច​បរិស្ថាន»។

លោក ហ៊ុល សៀង​ហេង នាយក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​ឲ្យ​ដឹងផង​ដែរ​ថា ថង់​ប្លា​ស្ទិ​ច​ត្រូវបាន​បង្កើតឡើង​ពីសារ​ធាតុគីមី​ដែល​អាច​បង្ក​គ្រោះថ្នាក់។ ថង់​ប្លា​ស្ទិ​ក​មួយចំនួន​ផ្ទុក​នូវ​សារ​ជាតិគីមី ដែល​អាចបង្កើត​ជំងឺមហារីក ហើយ​អាច​ប៉ះពាល់​ដល់​សមាសភាព​បន្ត​ពូជ និង​ការអភិវឌ្ឍន៍​មិន​ប្រក្រតី​របស់​ទារក។

លោក​បាន​បន្តទៀតថា ថង់​ប្លា​ស្ទិ​ក​នេះ​ក៏មាន​ផលប៉ះពាល់​ដល់​សត្វ​ក្នុង​ទឹក​ដែល​ស៊ី​ប្លា​ស្ទិ​ក​ជា​ចំនីអាហារ ហើយ​ប្រសិនបើ​ថង់​ប្លា​ស្ទិ​ក​នេះ​ទុក​រយៈពេល​យូរ​នៅលើ​ដី​នោះ វា​អាច​បញ្ចេញ​ជា​កម្ទេចម៉ត់ៗមួយចំនួន​ដែល​ហៅថា (Leaching of Chemical)។

យ៉ាងណាមិញ មិនទាន់មាន​តួរ​លេខ​ជាក់លាក់​ស្តីអំពី​ចំនួន​ថង់​ប្លា​ស្ទិ​ច ដែល​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា​នៅឡើយ​ទេ។

លោក សៅ សុភាព អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹងថា សំណល់​ទូទៅ​នៅ​ទីក្រុង​ភ្នំពេញ​គឺមាន​ប្រមាណ​ជាង២.០០០តោន​ក្នុង​មួយថ្ងៃ ដូច្នេះ​យើង​អាច​ប៉ាន់​ស្មានថា ថង់​ប្លា​ស្ទិ​កមាន​ពី១៥ទៅ២០ភាគរយ​នៅក្នុង​សំណល់​ទូទៅ។

លោក ហេង យ៉ុ​ន គូ​រ៉ា អ្នកគ្រប់គ្រង​កម្មវិធី​នៃ​អង្គការ កែច្នៃ និង​អនាម័យ​សហគមន៍​បាន​យល់ឃើញថា ប្រជាជន​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ដោយសារតែ​ពួកគេ​មិនទាន់​យល់ច្បាស់​ពី​ផលប៉ះពាល់រ​បស់ថង់​ប្លា​ស្ទិ​ក និង​ដោយសារតែ​ថង់​ប្លា​ស្ទិ​កមាន​តម្លៃថោក។ លោក​បន្តថា៖ «ប្រសិនជា​ថង់​ហ្នឹង​ថ្លៃ​តិច​ប្រហែលជា​គាត់​មិនសូវ​ទិញ ដូច្នេះ​គាត់​នឹង​បន្ថយ​ច្រើន​រឿង​ហ្នឹង។

នៅក្នុង​កម្មវិធី «Vital Go Green» កាលពី​អាទិត្យ​មុន លោក សាយ សំ​អាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន​បាន​ថ្លែងថា ក្រសួងបរិស្ថាន​កំពុងតែ​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ឯកជន​ដទៃទៀត​ឲ្យ​កាត់បន្ថយ​ថង់​ប្លា​ស្ទិ​កនៅ​ក្នុងស្រុក ដែល​ក្នុងនោះ​រួមមាន​ការកាត់បន្ថយ​ពន្ធ​ដល់​ក្រុមហ៊ុន​ដែល​រួមចំណែក​ការពារ​បរិស្ថាន។

សម្រាប់​អាជីវករ​ដូច​លោក អ៊ា ផុន វិញ លោក​ដឹងថា ផលប៉ះពាល់​នៃ​ថង់​ប្លា​ស្ទិ​ក​មិនទាន់មាន​ដំណោះស្រាយ​ទេ ពីព្រោះ​កម្ពុជា​មិនទាន់មាន​ជម្រើស​ផ្សេងទៀត ដែល​អាច​ប្រើប្រាស់​ជំនួស​ថង់​ប្លា​ស្ទិ​ក​នេះ​បាន​នៅឡើយ​ទេ។ លោក​និយាយថា៖ «ថង់ ប្លា​ស្ទិ​ក​នឹង១០០ឆ្នាំ​មិនទាន់​រលាយ​ផង ប៉ុន្តែ​យើង​ចៀស​យក​អ្វី​មក​ជំនួស​នឹងមិន​កើត»៕

ផ្ដល់​សិទ្ធិ​ដោយ៖ វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក(VOA)

http://khmer.voanews.com/

Tag:
 បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com