កីឡាជាតិ
លោក​អាជ្ញាកណ្ដាល​កម្ពុជា ទុយ វិច្ឆិកា ទៅ​ដឹកនាំ​ការប្រកួត​ជម្រុះ​ពានរង្វាន់​ទ្វីបអាស៊ី​នៅ​ចិន
15, Sep 2015 , 9:22 am        
រូបភាព
ដោយ:
លោក ទុយ វិច្ឆិកា អាជ្ញាកណ្ដាល​បាល់ទាត់​កម្រិត​អន្តរជាតិ (FIFA) របស់​កម្ពុជា ត្រូវធ្វើ​ដំណើរ​ចេញទៅ​ដឹកនាំ​ការប្រកួត​ក្នុង​វគ្គ​ជម្រុះ​ពូ​ល I នៃ​ពានរង្វាន់​បាល់ទាត់​យុវជន​ក្រោម​អាយុ១៦ឆ្នាំ​ប្រចាំ​ទ្វីបអាស៊ី AFC U-16 Championship 2016 ដែល​រៀបចំ​នៅ​ខេត្ត Yanji ប្រទេស​ចិន នៅ​ពាក់កណ្ដាល​ខែកញ្ញា នេះ។

 
លោក ទុយ វិច្ឆិកា ទើប​ធ្វើដំណើរ​ត្រឡប់​មកពី​ប្រទេស​កូរ៉េខាងត្បូង នោះទេ ក្នុង​ការងារ​ធ្វើជា​មន្ត្រី​ទី៤ ក្នុង​ប្រកួត​រវាង​ម្ចាស់ផ្ទះ​កូរ៉េខាងត្បូង ជាមួយ​ក្រុម​ឡាវ កាលពី​ថ្ងៃទី៣ ខែ កញ្ញា កន្លងទៅ​ក្នុង​វគ្គ​ជម្រុះ​ពូ​ល G នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ប្រចាំ​ទ្វីបអាស៊ី 2018 FIFA World Cup Russia។ កាលនោះ​អាជ្ញាកណ្ដាល​លើ​ទីលាន​ក្នុងការ​ប្រកួត​គឺ​លោក Jumpei IIDA មកពី​ប្រទេស​ជប៉ុន ហើយ​ជំនួយការ​អាជ្ញាកណ្ដាល​គឺ​លោក Shinji OCHI និង​លោក Hiroshi YAMAUCHI មកពី​ប្រទេស​ជប៉ុន​ដូចគ្នា។ 
 
សម្រាប់ វគ្គ​ជម្រុះ​ពូ​ល I នៃ​វគ្គ​ជម្រុះ​ពានរង្វាន់​ឈុត​យុវជន​ប្រចាំ​ទ្វីបអាស៊ី AFC U-16 Championship 2016 មាន​ក្រុម​ចូលរួម​ចំនួន ៤ គឺ កូរ៉េខាងត្បូង ចិនតៃវ៉ាន់ ម៉ា​កាវ និង ម្ចាស់ផ្ទះ​ចិន។ ការប្រកួត​ចាប់ដំណើរការ​ពីថ្ងៃ​ទី ១៦ ដល់ ២០ ខែកញ្ញា ក្នុង​កីឡដ្ឋាន Yanji People's Stadium ប្រទេស​ចិន។ 
 
លោក វិ​ច្ឆ​កា មាន​វ័យ ៣៥ ឆ្នាំ​បានជា​ប់​ឈ្មោះ​ក្នុង​បញ្ជី​អាជ្ញាកណ្ដាល​អន្តរជាតិ FIFA ប្រចាំ​នៅ​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ ២០១។ ក្រោយពេល​ជាប់​ឈ្មោះ​ជា​អាជ្ញាកណ្ដាល FIFA លោក​តែងតែ​ចេញមុខ​ទៅ​ដឹកនាំ​ការប្រកួត​នៅក្រៅ​ប្រទេស​ជាច្រើន​ទាំង​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ាន និង ទ្វីបអាស៊ី​ជាដើម។ 
 
សម្រាប់​វគ្គ​ជម្រុះ​នៃ​ពានរង្វាន់ AFC U-16 Championship 2016 មាន​ក្រុម​ចូលរួម​ចំនួន ៤៥ ប្រទេស​និង​បែង​ចែកជា ១១ ពូ​ល​ចាប់ផ្ដើម​ដំណើរការ​ប្រកួត​ពីថ្ងៃ​ទី២ រហូតដល់​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ចំនួន ១៦ ឡើងទៅ​លេង​ជុំ​ផ្ដាច់ព្រ័ត្រ​ដែល​រៀបចំ​នៅ​ប្រទេស​ឥណ្ឌា ឆ្នាំ ២០១៦ ខាងមុខ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com