តើ​អ្នកសិល្បៈ​ក្រោយ​រៀបការ​បាត់បង់​ប្រជាប្រិយភាព?
15, Sep 2015 , 1:47 pm        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​សង្គម​ខ្មែរ អ្នកសិល្បៈ​មួយចំនួន មិនសូវ​គិតពី​រឿង​រៀប​អាពាហ៍ពិពាហ៍​នោះឡើយ ព្រោះ​បារម្ភ​ខ្លាច​ក្រោយពេល​រៀបការ​ទៅ​បាត់បង់​អ្នកគាំទ្រ។ ដោយសារតែ​បញ្ហា​នេះ អ្នកសិល្បៈ​ខ្លះទៀត រៀបការ​ដែរ តែ​មិន​ប្រកាស​ជា​សាធារណៈ​ឡើយ។ តែ​យ៉ាងណា​អ្នកសិល្បៈ​ជើងចាស់​របស់​កម្ពុជា មិន​យល់ថា ក្រោយ​អ្នកសិល្បៈ​រៀបការ​បាត់បង់​ប្រជាប្រិយភាព​នោះទេ។



អ្នកស្រី ឌី សា​វ៉េ​ត លោក សុះ ម៉ាច សុទ្ធតែ​អះអាងថា ប្រជាប្រិយភាព​របស់​អ្នកសិល្បៈ​មិន​ថយចុះដោយសារតែ​ការរៀប​អាពាហ៍ពិពាហ៍នោះ​ឡើយ​។ សិល្បការិនី​ជើងចាស់​អ្នកស្រី ឌី សា​វ៉េ​ត ដែល​ធ្លាប់​មានឈ្មោះ​ល្បីល្បាញ​កាលពី​សម័យ​សង្គមរាស្ត្រនិយម​អះអាង​យ៉ាងនេះ​ថា៖«ឃើញ​អ្នក​មួយចំនួន​ថា អ្នកសិល្បៈ នៅពេល​មាន​គ្រួសារ​នឹង​ធ្លាក់ចុះ​ប្រជាប្រិយភាព​របស់ខ្លួន​នោះ ចំពោះ​ខ្ញុំ​គឺ មិនមែនជា​រឿង​ពិត​ទាំងស្រុង​នោះទេ»។ អ្នកស្រី យល់ថា ប្រជាប្រិយភាព​របស់​តារា គឺ​អាស្រ័យ​លើ​ទេពកោសល្យ និង​សមត្ថភាព​របស់​បុគ្គលម្នាក់ៗប៉ុណ្ណោះ វា​មិន​អាស្រ័យទៅលើ​អ្នកសិល្បៈ​មាន​គ្រួសារ​ឬ​នៅ​លីវ​នោះឡើយ។ «តារា​នៅតែ​អាច​រក្សា​ភាពល្បីល្បាញ​ខ្លួន​បានដែរ ឲ្យ​តែ​ខិតខំ​ដុសខាត់​សមត្ថភាព ទេពកោសល្យ​ខ្លួន។ ហើយ​តារា​ក៏​មិនត្រូវ ភ្លើតភ្លើន ភ្លេចខ្លួន​ឡើយ គឺ​ពួកគាត់ ត្រូវ​ចេះ​ឲ្យ​តម្លៃ​ទៅលើ​អំពើ​ល្អ ទង្វើ​សប្បុរសធម៌ និង​គោរព​សីលធម៌ ប្រពៃណី សង្គម​ខ្មែរ»។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី ឌី សា​វ៉េ​ត។

លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ ក៏បាន​បង្ហាញ​គំនិត​ស្រដៀង​អ្នកស្រី ឌី សា​វ៉េ​ត ដែរ​ថា  ការ​មាន​គ្រួសារ​មិនមែនជា​មូលហេតុ​ចម្បង ដែល​ធ្វើ​ឲ្យ​អ្នកសិល្បៈ​ធ្លាក់​ប្រជាប្រិយភាព​បានឡើយ។លោក​ថា បើទោះជា​នៅ​លីវ ឬ​មាន​គ្រួសារ​ហើយ​ក្ដី ក៏​អ្នកសិល្បៈ នៅតែ​អាចមាន​ឈ្មោះ​ល្បី និង​មាន​ប្រជាប្រិយភាព​ដដែល បើសិន​ពួកគេ​នៅតែមាន សមត្ថភាព និង​ទេពកោសល្យ។ «ជាងនេះទៀត​បើ​ចង់បាន​អ្នកគាំទ្រ អ្នកសិល្បៈ​មិនត្រូវ​មាន​អាក​ប្បកិរិយា ឆ្មើងឆ្មៃ ចំពោះ​សាធារណជន​ឡើយ»។នេះ​ជា​យោបល់​របស់លោក​ប្រធាន​សមាគម​សិល្បករ​ខ្មែរ។

បែរ​ចេញពី​អ្នកសិល្បៈ លោក សុវណ្ណ និង លោក រិ​ទ្ធិ លឹម ដែលជា​គាំទ្រ និង​ជា​អ្នក​ស្នេហា​វិស័យ​សិល្បៈ​ខ្មែរ យល់ឃើញដូចៗគ្នា​ថា ពួកគេ​នៅតែ​គាំទ្រ​ចំពោះ​អ្នកសិល្បៈដែល​​ខ្លួន​ពេញចិត្ត បើទោះបីជា​តារា​រូបនោះ នៅ​លីវ ឬ មាន​គ្រួសារ​ហើយ​ក្ដី ឲ្យ​តែ​ពួកគេ មាន​ទេពកោសល្យ សមត្ថភាព និង​មាន​សីលធម៌​សមជា​អ្នកសិល្បៈ។

ទាំង​អ្នកស្រី ឌី សា​វ៉េ​ត និង​លោក សុះ ម៉ាច ដែលជា​អ្នកសិល្បៈ​ចាស់វស្សា បានផ្តល់​ដំបូន្មាន​ថា អ្នកសិល្បៈ​ដែល​បម្រុងនឹងមាន​គ្រួសារ ឬ​អ្នកមាន​គ្រួសារ​ហើយ​ក្ដី ត្រូវ​ចេះ គោរព ស្រលាញ់ យល់ចិត្ត​គ្នា ជាពិសេស​ត្រូវមាន​ចិត្ត​ស្មោះត្រង់​រវាង​គ្នា​និង​គ្នា​ដោយ​មិនមាន​ចិត្តវៀចវេរ ខុសពី​សីលធម៌​សង្គម​ខ្មែរ​ឡើយ។ លោក​ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​ណែនាំ​បែបនេះ​ថា៖« ចំពោះ​អ្នកមាន​គ្រួ​សារ​ត្រូវតែ​រក្សា​ចំណងអាពាហ៍ពិពាហ៍​ឲ្យ​បាន​គង់វង្ស ទើប​ជា​គំរូ​ដ៏​ល្អ​សម្រា​ប់​ទស្សនិកជន និង​ក្មេងជំនាន់ក្រោយ»។

យ៉ាងណា អ្នកស្រី ឌី សា​វ៉េ​ត និង​លោក សុះ ម៉ាច បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​គាំទ្រ​ចំពោះ​អ្នកសិល្បៈ បើទោះបីជា​ពួកគេ​នៅ​វ​យ័​ក្មេង ឬ​មាន​វ័យ​ចំណាស់ ឬក៏​មាន​គ្រួ​សារ​ហើយ​ក្ដី ឲ្យ​តែ​ពួកគេ​មាន​សមត្ថភាព និង​ទេពកោសល្យ៕ 


Tag:
 សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com