ពីនេះ ពីនោះ
សម្រេចចិត្ត​ត្រូវ គ្រឹះស្ថាន​អប់រំ​ល្អ និស្សិត​ជោគជ័យ​ការសិក្សា!
24, Jun 2017 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
អាជីវកម្ម​លើ​វិស័យ​អប់រំ​ដោយ​ខ្វះ​គុណភាព​គឺ ជា​គ្រោះថ្នាក់​ធំ​សម្រាប់​ប្រទេសជាតិ​មួយ។ កម្ពុជា​ពង្រឹង​វិស័យ​អប់រំ​ល្អ កែប្រែ​បទដ្ឋាន​វិន័យ​វិស័យ​អប់រំ​ល្អ តែ​កម្ពុជា​នៅមាន​គ្រឹះស្ថាន​អប់រំ​ឧត្ដមសិក្សា​ខ្វះ​គុណភាព​ជាច្រើន ដែល​យុវជន​ត្រូវ​ពិចារណា​មុន​ឈានដល់​ការសម្រេចចិត្ត​បន្ត​ការសិក្សា​នៅ​គ្រឹះស្ថាន​នោះ។



នៅពេល​មានការ​ប្រលង​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិម្ដងៗគេ​តែងតែ​ស​ង្គេ​ត​ឃើញថា​មាន​ការចែក​ខិតប័ណ្ណ​ផ្សព្វផ្សាយ​ពី​គ្រឹះស្ថានឧត្ដមសិក្សា​ជាច្រើន​នៅតាម​មុខ​មណ្ឌល​ប្រឡង​គ្រប់​ទីកន្លែង មិនថាតែ​នៅក្នុង​រាជធានី​ភ្នំពេញ​ទេ នៅតាម​បណ្ដា​ខេត្ត​ក៏មាន​ការចែក​ផ្សាយ​ជូន​ដល់​យុវ​សិស្ស​យ៉ាងសកម្ម​ពី​សំណាក់​អ្នក​ទីផ្សារ​បស់​ស្ថាប័ន​អប់រំ​ទាំងនោះ។ ក្នុង​រូបភាព​ផ្ដល់​ជា​អាហារូបករណ៍​តាម​និទ្ទេស ផ្ដល់​អាហារូបករណ៍​និស្សិត​ក្រីក្រ ផ្ដល់​វគ្គ​សិក្សាខ្លីៗដោយ​ឥតគិតថ្លៃ  ផ្ដល់ជូន​វគ្គ​សិក្សា​កំ​ព្យូ​ទ័​រ​ដោយ​ឥតគិតថ្លៃ គ្រឹះស្ថាន​អាចជួយ​និស្សិត​ក្នុងការ​ស្វែងរក​ការងារ​ធ្វើជា​ដើម។ មាន​សាលា​ឧត្ដមសិក្សា​ខ្លះ លទ្ធផល​ប្រលង​របស់​សិស្ស​មិនទាន់​ចេញ​លទ្ធផល​ផង មាន​អ្នក​ប្រាប់​ដំណឹង​ថា​និស្សិត​នោះបាន​ជាប់​អាហារូបករណ៍​ប៉ុណ្ណេះ​ភាគរយ ប៉ុណ្ណោះ​ភាគរយ​នៅក្នុង​គ្រឹះស្ថាន​ខ្លួន។

វា​មិនមែនជា​រឿង​អាក្រក់​ទេ​ប្រសិនបើ​គ្រឹះស្ថានឧត្ដមសិក្សា​ទាំងនោះ​អាចធ្វើ​បាន តែ​កន្លងទៅ​និស្សិត​ដែល​មកពី​បណ្ដារ​ខេត្ត​តែងតែ​ទទួលរង​ផល​អវិជ្ជមាន​ពី​គ្រឹះស្ថាន​ទាំងនោះ ព្រោះ​មាន​គ្រឹះស្ថានឧត្ដមសិក្សា​ខ្លះ​មិនបាន​បំពេញ​តាម​អ្វីដែល​ខ្លួន​បាន​ផ្សព្វផ្សាយ​ជូន​សិស្ស ហើយ​ប្រើ​គ្រប់​វិធីសាស្ត្រ​ធ្វើយ៉ាងណា​ឲ្យ​សិស្ស​និស្សិត​ចំណាយលុយ​លើ​ស្ថាប័ន​ខ្លួន ខ្លះទៀត​បើក​បាន​មួយឆ្នាំ​ត្រូវ​បិទទ្វារ ខ្លះ​រចនាសម្ព័ន្ធ​គ្រប់គ្រង​មិន​ច្បាស់លាស់ កម្មវិធី​អប់រំ​គ្មាន​គុណភាព គ្រូឧទ្ទេស​នាម​ខ្វះ​សមត្ថភាព​ពេលខ្លះ​ជ្រើសរើស​គ្រូ​ជា​និស្សិត​ដូចគ្នា​មក​បង្រៀន​ព្រោះ​តម្លៃ​ជួល​គ្រូ​ទាប តម្លៃ​ឯកសារ​ថ្លៃ ខ្លះ​ថា​ឲ្យ​អាហារូបករណ៍​តែ​បែរជា​និស្សិត​បង់លុយ​ពេញ​ថ្លៃ រដ្ឋបាល​ក្នុង​ស្ថាប័ន​ដើរ​យឺត​ក្នុង​ការផ្ដល់សេវា​ជូន​និស្សិត​ជាដើម ទីបំផុត​និស្សិត​បង្ខំចិត្ត​ចាក់​ចេញពី​គ្រឹះស្ថាន​ទាំង​កណ្ដាល​ទី ហើយ​ត្រូវ​ខាតបង់​ថវិការ​ច្រើនតែ​មិន​ទទួលបាន​លទ្ធផល​សម្រាប់​ខ្លួន។

ហេតុនេះ​សម្រាប់​យុវជន​ដែល​ទើប​បញ្ចប់​ការសិក្សា​ថ្នាក់​ទី១២ ដែល​គ្រោង​បោះជំហាន​ជីវិត​លើ​វិស័យ​អប់រំ​ថ្នាក់​ឧត្ដមសិក្សា​ត្រូវតែមាន​ការប្រុងប្រយ័ត្ន និង​ស្វែងរក​ការប្រឹក្សា​យោបល់​ឲ្យ​បាន​ច្រើន​មុននឹង​ធ្វើការ​សម្រេចចិត្ត​ជ្រើស​រើសយក​ស្ថាប័ន​ណាមួយ​ដើម្បី​សិក្សា។ មាន​លក្ខ​ណះ​វិនិច្ឆ័យ​ចំនួន៣ដែល​សិស្ស​និស្សិត​ទាំងនោះ​ត្រូវ​ពិចារណា​ក្នុងការ​ជ្រើសរើស​ស្ថាប័ន​ឧត្ដមសិក្សា​នោះ៖ ទីមួយ អាយុកាល​របស់​ស្ថាប័ន មានន័យថា​បើសិនជា​ស្ថាប័ន​មួយ​ល្អ ហើយ​រឹងមាំ​គឺអាច​ឈរជើង​បានយូរ ទី២ ចំនួន​និស្សិត​ដែល​កំពុង​សិក្សា​នៅក្នុង​ស្ថាប័ន​នោះ ព្រោះ​កាលណា​ស្ថាប័ន​ណាមួយ​ល្អ ច្បាស់​ណា​គឺ​ប្រាកដ​ជាមាន​និស្សិត​រៀន​ច្រើន ទី៣ ស្តង់ដារ​របស់​ស្ថាប័ន ទាំង​កម្មវិធីសិក្សា សមត្ថភាព​គ្រូឧទ្ទេស​នាម ទីតាំង​អគារ បរិស្ថាន​សាលា សន្តិសុខ​អប់រំ បណ្ណាល័យ​ឯកសារ និង​កេរ្តិ៍ឈ្មោះ​របស់​សាលា ជា​ចំនុច​សំខាន់​សម្រាប់​សិស្ស​និស្សិត ព្រោះ​គ្រឹះស្ថាន​អប់រំ​មួយ​ដែល​មិនមាន​ស្ដង់ដា​ទទួលស្គាល់​ដោយ​ក្រសួង​ស្ថាប័ន ឬ​ថ្នាក់ជាតិ​ថ្នាក់​តំបន់ គឺជា​បញ្ហា​ប្រឈម​ខ្ពស់​ចំពោះ​ជោគវាសនា​របស់​និស្សិត។ ស្របពេល​ក្រសួង​ធ្វើ​កំណែរ​ទម្រង់​ប្រព័ន្ធ​អប់រំ គ្រឹះស្ថាន​អប់រំ​កាន់តែ​ធំ កាន់តែ​ល្បី គឺ​កាន់តែ​ធានាបាន​នៅ​គុណភាព​ជូន​សិស្ស​និស្សិត។


© រក្សាសិទ្ធិដោយ thmeythmey.com