កីឡាជាតិ
ការពារជាតិ​ជួប​ភ្នំពេញ​ក្រោ​ន ស៊ីម៉ាក់​ប៉ះ​អាស៊ី​អឺរ៉ុប និង​ថា​យ​ហ្គឺ​រ ជួប​គីរីវង់
16, Sep 2015 , 10:51 am        
រូបភាព
ដោយ:
 
ពានរង្វាន់​បាល់ទាត់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ២០១៥ (Mefone Cambodian League 2015) បានធ្វើ​ដំណើរ​ដល់​សប្ដាហ៍​ទី ១៦ ហើយ​នៅ​ល្ងាច​ថ្ងៃ​ពុធ ទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៥ នេះ​ដោយមាន​គូប្រកួត ៣ គូ​ត្រូវ​ប្រជែង​គ្នា​រកបាន​ពិន្ទុ​បន្ថែមទៀត​លើ​កីឡដ្ឋាន ៣ ផ្សេងគ្នា។


*ការពារជាតិ ជួប​ភ្នំពេញ​ក្រោ​ន លើ​ទឹកដី​ស្តា​ត​ចាស់
ជំនួប​នេះ​នឹង​ធ្វើឡើង​នៅវេលា​ម៉ោង ៣:៣០ នាទី​រសៀល​ថ្ងៃ​ពុធ នេះ ខណៈ​ការ​ពី​ជើង​ទី១ភ្នំពេញ​ក្រោ​ន បាន​យកឈ្នះ​ការពារជាតិ​ម្ដង​ហើយ​លើ​ទឹកដី​កីឡដ្ឋាន RSN Stadium របស់ខ្លួន​ដោយ​លទ្ធផល ២ ទល់ ។ ២ គ្រាប់​កាលនោះ​រកបាន​ដោយ​កីឡាករ Bisan Goerge និង កីឡាករ Booysen ចែកគ្នា​រក​គ្រាប់​បាល់​នាំ​សំណាង​ឱ្យ​ក្រុម​ភ្នំពេញ​ក្រោ​ន ម្នាក់ ១ គ្រាប់។ 
បើ​សរុប​ពី​ព័ត៌មាន​ប្រកួត​រវាង​ក្រុម​ទាំង២ វិញ​មានដូចជា​ក្រុម​ភ្នំពេញ​ក្រោ​ន ប្រកួត​បាន ១៥ លើក​ឈ្នះ ១២ លើក​ស្មើ ៣ លើក និង​មិន​ធ្លាប់​ចាញ់​មាន ៣៩ ពិន្ទុ ឈរ​ចំណាត់ថ្នាក់​លេខ១ បណ្ដោះអាសន្ន។ ចំណែក​ក្រសួងការពារជាតិ ១៤ ប្រកួត​របស់ខ្លួន​ឈ្នះ ៦ លើក​ស្មើ ២ និង​ចាញ់ ៦ លើក​មាន ២០ ពិន្ទុ​ឈរ​ចំណាត់ថ្នាក់​លេខ៧ បណ្ដោះអាសន្ន។
 
*ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ជួប​គីរីវង់​សុខ​សែន​ជ័យ លើ​ទឹកដី​កីឡដ្ឋាន​វេ​ស្ទើ​ន
ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ត្រូវ​ជួប​ក្រុម​គីរីវង់​សុខ​សែន​ជ័យ នៅវេលា​ម៉ោង ៣:៣០ នាទី​រសៀល​នេះ​ដើម្បី​ស្វែងរក​ពិន្ទុរៀងៗខ្លួន។ កាលពី​ជើង​ទី១ នៃ​ពាន MCL 2015 នេះ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ធ្លាប់​ដណ្ដើមបាន​ជ័យជម្នះ​លើ​គីរីវង់​សុខ​សែន​ជ័យ ម្ដង​ហើយ​ក្នុង​លទ្ធផល ៦ ទល់ ២ លើ​ទីលាន​សាលា​និង​មជ្ឍមណ្ឌល​កីឡាបាល់ទាត់​ជាតិ​បាទី។ កាលនោះ ៦ គ្រាប់​របស់​ខេ​ម​បូ​ឌា​ន​ថៃ​ហ្គ័​រ រកបាន​ដោយ​កីឡាករ​ជនជាតិ​ជប៉ុន Masato Yoshihara រកបាន ៣ គ្រាប់​ម្នាក់ឯង​ហើយ​មិត្ត​រួម​ជាតិ Masakazu Kihara បាន ២ គ្រាប់​និង កីឡាករ ម៉ៅ ប៊ុន​ចន្ថា រកបាន១ គ្រាប់ ហើយ ២ គ្រាប់​របស់​ក្រុម​គីរីវង់​សុខ​សែន​ជ័យ រកបាន​ដោយ​កីឡាករ ម៉េង សំបូរ និង កីឡាករ ឯក សុភាព ម្នាក់១គ្រាប់។
 
ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ កំពុងតែ​រក​ពិន្ទុ​រក្សា​តំណែង​ក្រុម​ខ្លាំង​ទាំង៤ប្រចាំ​រដូវ​កាល (Top4 team) ស្របពេល១៥ប្រកួត​មកនេះ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ឈ្នះ ៨ លើក ស្មើ ៣ លើក​និង​ចាញ់ ៤ លើក​មាន ២៧ ពិ​ន្ទ​ឈរ​ចំណាត់ថ្នាក់​លេខ។ ចំណែក​គីរីវង់​សុខ​សែន​ជ័យ នៅ​តំបន់​បាត​តារាង ក្រោយ​ប្រកួត​បាន១៥ លើក​ឈ្នះ១ លើក​ស្មើ ២ និង​ចាញ់ ១២ មាន ៥ ពិន្ទុ​ក្នុង​ដៃ។ 
 
*ស៊ីម៉ាក់ ជួប អាស៊ី​អឺរ៉ុប នៅ​ពហុ​កីឡដ្ឋាន​ជាតិ
ក្រុម​ចំណូល​ថ្មី​ស៊ីម៉ាក់ បន្ទាប់ពី​ស្មើ​ជាមួយ​ក្រុម​ណាហ្គា​វើ​ល ១ ទល់ ១ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ត្រូវ​បន្ត​ប្រកួត​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប នៅវេលា​ម៉ោង ៦ ល្ងាច​ថ្ងៃ​ពុធ នេះ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ។ 
 
សូម​រំលឹកថា​កាលពី​ជើង​ទី១ អាស៊ី​អឺរ៉ុប ធ្លាប់​បានឈ្នះ​ស៊ីម៉ាក់ ៥ ទល់ ២ ម្ដង​ហើយ​នៅ​ស្ដា​ត​ចាស់។ ៥ ទល់ ២ នៅលើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ។ ៥ គ្រាប់​របស់​អាស៊ី​អឺរ៉ុប រកបាន​ដោយ​កីឡាករ Gorge Kelechi Stanley ៣ គ្រាប់​ម្នាក់ឯង ហើយ​កីឡាករ ស្រេង លាង​ស និង Reo Nakamura ម្នាក់ ១ គ្រាប់ ខណៈ ២ គ្រាប់​របស់​ក្រុម​ស៊ីម៉ាក់ រកបាន​ដោយ​កីឡាករ​ជនជាតិ​អាមេរិក Janzen Anthony Robert ១ គ្រាប់ និង កីឡាករ Okereke Timothy Chimerie ១ គ្រាប់។
 
៣ ពិន្ទុ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ក្រុម​ទាំង២ ដើម្បី​គេចផុត​ពី​តំបន់​បាត​តារាង ព្រោះ​ស៊ីម៉ាក់ ឈរ​លេខ ១០ ក្រោយ​ប្រកួត​បាន ១៥ លើក​ឈ្នះ ២ ស្មើ ៥ និង​ចាញ់ ៨ លើក​មាន ១១ ពិន្ទុ ស្របពេល​ក្រុម​អាស៊ី​អឺរ៉ុប ឈរ​លេខ ៩ បណ្ដុះបណ្ដាល​ក្រោយ​ប្រកួត​បាន ១៥ លើក​ឈ្នះ ៣ ស្មើ ២ និង​ចាញ់ ១០ លើក​មាន ១១ ពិន្ទុ​ដូចគ្នា តែ​ឈ្នះ​ត្រង់​ជ័យជម្នះ​កាលពី​ជើង​ទី១ (Head to Head)។
 
សម្រាប់​តារាង​ចំណាត់ថ្នាក់​បណ្ដោះអាសន្ន​ត្រឹម​សប្ដាហ៍​ទី ១៥ កន្លងទៅ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ជើង​ទី២ នៃ​ពានរង្វាន់ MCL 2015 នេះ​ក្រុម​ភ្នំពេញ​ក្រោ​ន ឈរ​លេខ១ មាន ៣៩ ពិន្ទុ តាម​ពីក្រោយ​ដោយ​បឹងកេត​អង្គរ មាន ៣៨ ពិន្ទុ​តែ​សល់១ប្រកួត​ក្នុង​ដៃ។ លេខ៣ ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ មាន ២៧ ពិន្ទុ លេខ៤ ក្រុម​ណាហ្គា​វើ​ល មាន ២៥ ពិន្ទុ។ ស្វាយរៀង​អែ​ហ្វ​ស៊ី ឈរ​លេខ៥មាន ២៤ ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម​លេខ៦ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ តែ​ឈ្នះ​លទ្ធផល​កាលពី​ជើង​ទី១ (រូបមន្ត Head to Head)។ លេខ ៧ ក្រុម​ក្រសួងការពារជាតិ មាន ២០ ពិន្ទុ ហើយ​លេខ៨ ក្រុម​បៀ​ល​ប្រាយ មាន១៧ ពិន្ទុ លេខ៩ ក្រុម​អាស៊ី​អឺរ៉ុប មាន១១ ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម​ស៊ីម៉ាក់ តែ​ឈ្នះ​លទ្ធផល Head to Head។ ២ ក្រុម​ដែល​នៅ​តំបន់​គ្រោះថ្នាក់​មាន​វេ​ស្ទើ​ន ឈរ​លេខ១១ មាន ១០ ពិន្ទុ ខណៈ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ លេខ ១២ មាន ៥ ពិន្ទុ៕ 
 

Tag:
 MCL2015
© រក្សាសិទ្ធិដោយ thmeythmey.com