កីឡាជាតិ
ណាហ្គា​វើ​ល ជួប​វេ​ស្ទើ​ន ស្វាយរៀង​ប៉ះ​ប៉ូលិស បឹងកេត​ជួប​បៀ​ល​ប្រាយ
17, Sep 2015 , 10:04 am        
រូបភាព
ដោយ:
 
 
សប្ដាហ៍​ទី ១៦ នៃ​ពានរង្វាន់​បាល់ទាត់​មិត្ត​ហ្វូ​ន​ខេ​បូ​ឌា​ន​លី​ក២០១៥ (Metfone Cambodian League នឹង​បន្ត​ប្រកួត​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១៧ ខែ កញ្ញា នេះ​ដោយ​ក្រុម​ណាហ្គា​វើ​ល ជួប​វេ​ស្ទើ​ន និង​ក្រុម​ស្វាយរៀង​អែ​ហ្វ​ស៊ី ប៉ះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (ប៉ូលិស) នៅ​ពហុ​កីឡដ្ឋាន​ស្របពេល​បឹងកេត​ជួប​បៀ​ល​ប្រាយ​នៅ​ស្ដា​ត​ចាស់។

 
*ជើង​ទី២ នេះ​តើ​វេ​ស្ទើ​ន​អាច​យកឈ្នះ​ណាហ្គា​វើ​ល បាន​ម្ដងទៀត​ទេ? 
ណាហ្គា​វើ​ល ក្រោម​ការដឹកនាំ​របស់​លោក មាស ចាន់ណា ទើបតែ​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម​ចំណូល​ថ្មី​ស៊ីម៉ាក់ ១ ទល់ ១ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ។ ឆ្លងកាត់១៥ប្រកួត​មកនេះ​ណាហ្គា​វើ​ល ឈរ​ចំណាត់ថ្នាក់​លេខ៤ បណ្ដោះអាសន្ន​ក្នុងនោះ​ឈ្នះ ៨ លើក​ស្មើ ១ និង​ចាញ់ ៦ លើក​មាន ២៥ ពិន្ទុ។ចំណែក​វេ​ស្ទើ​ន វិញ​កំពុងតែ​ត្រូវ​ពិន្ទុ​គេច​ផុតពី​តំបន់​បាត​តារាង ក្រោយ​ប្រកួត១៥លើក​ឈ្នះ ៣ ស្មើ ១ និង ចាញ់ ១១ មាន ១០ ពិន្ទុ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ១១ ។ 
 
គេ​នៅ​ចាំបាន​ថា​កាលពី​ជើង​ទី១ ក្រុម​វេ​ស្ទើ​ន បាន​យកឈ្នះ​ណាហ្គា​វើ​ល ១ ទល់ ០ លើ​ទីលាន​ស្មៅ​សប្ប​និមិត្ត​របស់ខ្លួន ដោយ​ថ្វី​ជើង​កីឡាករ​ជនជាតិ​នី​ហ្សេ​រី​យ៉ា Tijani Mohamed នៅក្នុង​ម៉ោង​បន្ថែម ៩០+៤ ចុង​តង់​ទី២ ។ ចំណែក​ការប្រកួត​នៅ​ល្ងាច​នេះ​នឹង​ចាប់ផ្ដើម​នៅវេលា​ម៉ោង ៣:៣០ នាទី​រសៀល លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ។ 
 
*កាលពី​ជើង​ទី១ បឹងកេត ឈ្នះ​បៀ​ល​ប្រាយ ១ ទល់ ០ ។ ចុះ​ជើង​ទី២ ល្ងាច​នេះ​វិញ?
ក្រុម​បឹងកេត​អង្គរ ត្រូវ​ប្រកួត​ជាមួយ​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធិ​ត នៅវេលា​ម៉ោង ៣:៣០ នាទី​លើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (ស្ដា​ត​ចាស់)។ បឹងកេត កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ ២ បណ្ដោះអាសន្ន​តែ​នៅសល់២ប្រកួត​ក្នុង​ដៃ។ លោក ប្រាក់ សុវណ្ណារ៉ា បាន​ដឹកនាំ​ក្រុម​មកពី​ខេត្តកំពង់ចាម​មួយ​នេះ​មិនទាន់​ស្គាល់​ពាក្យ​ថា​បរាជ័យ​នៅឡើយ​នោះទេ។ ចំណែក​បៀ​ល​ប្រាយ វិញ​ឈរ​ចំណាត់ថ្នាក់​លេខ ៨ បណ្ដោះអាសន្ន​មាន ១៧ ពិន្ទុ​ក្នុង​ដៃ។ 
 
កាលពី​ជើង​ទី១ កីឡាករ​មកពី​ទ្វីប​អា​ហ្វ្រិ​ច Yemi Joseph រក​គ្រាប់​បាល់​ជ័យជម្នះ​ឱ្យ​បឹងកេត​អង្គរ ក្នុង នាទី ២៧ លើ​ក្រុម​បៀ​ល​ប្រាយ​យូ​ណា​ធី​ត ខណៈ​ការប្រកួត​ធ្វើឡើង​នៅ​ស្ដា​ត​ចាស់​ដូចគ្នា។ 
 
*ស្វាយរៀង និង ប៉ូលិស ដណ្ដើម​ចំណាត់ថ្នាក់​គ្នា
ត្រឹម​សប្ដាហ៍​ទី ១៥ នេះ​ក្រុម​ស្វាយរៀង​អែ​ហ្វ​ស៊ី និង​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កំពុង​តែមាន​ពិន្ទុ ២៤ ស្មើគ្នា​តែ​ពេល​គិត​រូបមន្ត Head to Head ទៅ​ស្វាយរៀង ត្រូវ​ខាងលើ​អគ្គ​ស្នង ការដ្ឋាន​នគរបាលជាតិ ព្រោះ​កាលពី​ជើង​ទី១ ស្វាយរៀង ឈ្នះ ២ ទល់ ០ លើ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។ ២ គ្រាប់​របស់​ស្វាយរៀង កាលពី​ជើង​ទី១ រកបាន​ដោយ​កីឡាករ ផានី អ៊ី​រដ្ឋា និង កីឡាករ​ជនជាតិ​នី​ហ្សេ​រី​យ៉ា Dzarma Bata។ 
 
ចំណែក​ការប្រកួត​រវាង​ក្រុម​ស្វាយរៀង​អែ​ហ្វ​ស៊ី និង​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ល្ងាច​នេះ​វិញ​នឹង​ធ្វើឡើង​នៅវេលា​ម៉ោង ៦ ល្ងាច លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ។ ការប្រកួត​នេះ​ក៏មាន​ផ្សាយ​ផ្ទាល់​នៅ​ប៉ុស្ដិ៍ BTV ផងដែរ។ 
 
សម្រាប់​លទ្ធផល​ប្រកួត​សប្ដាហ៍​ទី ១៦ ដូចគ្នា​កាលពី​ម្សិលមិញ​មាន៖ 
-ក្រសួងការពារជាតិ ៣-០ ភ្នំពេញ​ក្រោ​ន 
-ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ៣-១ គីរីវង់​សុខ​សែន​ជ័យ
-ស៊ីម៉ាក់ ១-៣ អាស៊ី​អឺរ៉ុប 
 

Tag:
 MCL2015
© រក្សាសិទ្ធិដោយ thmeythmey.com