កីឡាជាតិ
ចាញ់​មែន​តែ​ភ្នំពេញ​ក្រោ​ន និង​បឹងកេត បន្ត​ដេញ​គ្នា​កំពូល​តារាង MCL 2015
18, Sep 2015 , 10:17 am        
រូបភាព
ដោយ:
ក្រុម​កំពូល​តារាង​ក្នុង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក២០១៥ (Metfone Cambodian League 2015) ចំនួន២ គឺ​ភ្នំពេញ​ក្រោ​ន និង បឹង​កេង​អង្គរ សុទ្ធតែ​ជួប​បរាជ័យ​ជា​លើកដំបូង​ក្រោយ​ឆ្លងកាត់ ចន្លោះ ១៥ និង ១៦ ប្រកួត​មកនេះ។ ប៉ុន្តែ​បរាជ័យ​មិនបាន​ធ្វើឱ្យ​ក្រុម​ទាំង២ ដាច់​ពិន្ទុ​ឆ្ងាយ​ពីគ្នា​ប៉ុន្មាន​នោះទេ។

 
ក្រោយ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ក្រសួងការពារជាតិ ៣ ទល់ ០ កាលពី​ថ្ងៃ​ពុធ លោកគ្រូ​បង្វឹក Sam Schweingruber បាន​និយាយប្រាប់​អ្នកគាំទ្រ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្លិប​ថា៖« ខ្ញុំ​ពិតជា​សូម​អភ័យទោស​ដល់​អ្នកគាំទ្រ​របស់​ក្លិប​ទាំងអស់​ដែល​បាន​ចំណាយពេល និង​ថវិកា​តាមដាន​គាំទ្រ​ក្នុងការ​ប្រកួត។ យើង​នឹង​ចំណាយពេល​ដើម្បី​ពិនិត្យមើល​កំហុស ព្រមទាំង​រក​មូលហេតុ​ថា​ហេតុអ្វី​បានជា​កីឡាករ​ទាំងអស់​លេង​មិនបាន​ល្អ»។
 
លោកគ្រូ​បង្វឹក​ជនជាតិ​ស្វី​សរូប​នេះ​បន្ថែមថា នេះ​ជាការ​ប្រកួត​មួយ​ដែល​អាច​ចាត់ទុកថា​មិនល្អ​សម្រាប់​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​រដូវ​កាល​នេះ ហើយ កីឡាករ​ជាច្រើន​លេង​មិនសូវ​បានល្អ។ លោក​នឹង​ព្យាយាម​កែសម្រួល​របៀប​នៃ​ការលេង និង ពិនិត្យ​កីឡាករ​ជម្រើស ១១ នាក់​ដំបូង​ឡើងវិញ ហើយ​សង្ឃឹម​នឹង​អាច​លេង​បានល្អ​ជាង​នេះ​នៅ​ប្រកួត​បន្ទាប់។
 
សម្រាប់​លទ្ធផល​ប្រកួត ៣ គូ​ចុងក្រោយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១៧ ខែកញ្ញា ឆ្នាំ ២០១៥ ម្សិលមិញ​នេះ​ក្រុម​បឹងកេត​អង្គរ បាន​ប្រកួត​ចាញ់​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ៣ ទល់ ២ លើ​ទីលាន​កីឡដ្ឋាន​ស្ដា​ត​ចាស់។ កីឡាករ Joseph, រ៉ឹង ប៊ុន​ហៀ​ង និង​កីឡាករ Momoh ជា​អ្នករក​គ្រាប់​បាល់​ជ័យជម្នះ ឱ្យ​ឱ្យ​បៀ​ល​ប្រាយ​ម្នាក់១ គ្រាប់ ។ ២ គ្រាប់​របស់​បឹងកេត​អង្គរ រកបាន​ដោយ​កីឡាករ​ប្រធាន​ក្រុម ឃួន ឡា​បូ​រ៉ាវី នៅ​នាទី ៥២ ហើយ​ខ្សែការពារ សុខ សុវណ្ណ រក​គ្រាប់​ចុងក្រោយ​នៅ​នាទី ៧។
 
ជុំវិញ​បរាជ័យ​លើកដំបូង​ដូចគ្នានេះដែរ​លោក បែ មករា អ្នកចាត់ការ​ទូទៅ​ក្រុម​បឹងកេត​អង្គរ បាន​សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា៖ «សុំទោស​អ្នកគាំទ្រ​ទាំងអស់ ថ្ងៃនេះ​ពួកយើង​ធ្វើ​មិន​បានល្អ ពួកយើង​បាន​ព្យាយាម​ហើយ ! សូម​អរគុណ អ្នក​ទាំងអស់គ្នា​ដែល​តែងតែ​គាំទ្រ​ក្លិប​បឹងកេត ។ ពួកយើង​សន្យាថា​នឹង​ប្រឹងប្រែង​បន្តទៀត​ដើម្បី​អ្នកគាំទ្រ​ជាទី​ស្រលាញ់​របស់​ពួកយើង»។ 
 
ម្សិល​នេះដែរ​ក្រុម​ណាហ្គា​វើ​ល បាន​យកឈ្នះ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ដោយ​លទ្ធផល ៨ ទល់ ២ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ។ ៨គ្រាប់​របស់​ណាហ្គា​វើ​ល​រកបាន ដោយ​កីឡាករ Alpha Oumar Lelouma Barry ៤គ្រាប់​ម្នាក់ឯង កីឡាករ ឈឹម សំបូរ រកបាន២គ្រាប់​ម្នាក់ឯង ហើយ​ប្រធាន​ក្រុម ស៊ុន សុវណ្ណ​រិទ្ធី និង ទៀង ទី​នី រកបាន​ម្នាក់ ១គ្រាប់។ ចំណែក​ក្រុម​វេ​ស្ទើ​ន វិញ​វាយបក​បាន ២ គ្រាប់ ដោយ មី ហុង និង នុត ស៊ីនួន។
 
ប្រកួត​ចុងក្រោយ​ក្រុម​ស្វាយរៀង​អេ​ហ្វ​ស៊ី បាន​ប្រកួត​ស្មើគ្នា ១ ទល់ ១ ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ដូចគ្នា។ កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម បា​នរក​គ្រាប់​បាល់​នាំមុខ​ឱ្យ​ក្រុម​ស្វាយរៀង​អែ​ហ្វ​ស៊ី នៅ​នាទី ៣២ ប៉ុន្ដែ​ខ្សែប្រយុទ្ធ​របស់​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នួន បុរី បា​នរក​គ្រាប់​បាល់​តាម​ស្មើ​នៅ​នាទី ៣។ 
 
សរុប​តារាង​ចំណាត់ថ្នាក់​បណ្ដោះអាសន្ន ប្រចាំ​ប្រកួត​ទី ១៦ នៃ​ពានរង្វាន់ MCL 2015 ក្រុម​ភ្នំពេញ​ក្រោ​ន ឈរ​កំពូល​តារាង​មាន ៣៩ ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​ភ្នំពេញ​ក្រោ​ន មាន៣៨ ពិន្ទុ​តែ​សល់១ប្រកួត​ក្នុង​ដៃ។ លេខ ៣ ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ហើយ​លេខ៤ ក្រុម​ណាហ្គា​វើ​ល។ ស្វាយរៀង លេខ៥ មាន ២៥ ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម​លេខ ៦ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ហើយ​លេខ៧ គឺ​ក្រុម​ក្រសួងការពារជាតិ មាន២៣ ពិន្ទុ ហើយ​ក្រុម​បៀ​ល​ប្រាយ នៅ​លេខ៨ មាន ២០ ពិន្ទុ ហើយ​ក្រុម​លេខ៩ អាស៊ី​អឺរ៉ុប មាន១៤ពិន្ទុ និង​ក្រុម​លេខ ១០ ស៊ីម៉ាក់ មាន ១១ ពិន្ទុ។ ចំពោះ២ក្រុម​ដែល​នៅ​តំបន់​គ្រោះថ្នាក់​បាត​តារាង​មាន វេ​ស្ទើ​ន​ភ្នំពេញ ឈរ​លេខ ១១ មាន ១០ ពិន្ទុ ហើយ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ចំណាត់ថ្នាក់​លេខ ១២ មាន ៥ ពិន្ទុ​ប៉ុណ្ណោះ៕ 
 

Tag:
 MCL2015
© រក្សាសិទ្ធិដោយ thmeythmey.com