ពីនេះ ពីនោះ
សំពោចក្រអូប​រស់នៅ​តាម​ព្រៃ​គ្រប់​ប្រភេទ និង​តាម​ទ​បង្ហូរទឹក ឬ​ដំបូលផ្ទះ​អ្នកភូមិ
19, Sep 2015 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ

ភិនភាគ៖ សំពោចក្រអូប គី​ជា​សំពោច​មាន​មាឌតូច​ដែលមាន​ពណ៌​ប្រផេះ ឬ​ត្នោត ត្រចៀក ជើង និង​ផ្នែក​ចុង​នៃ​កន្ទុយ​ពណ៌​ខ្មៅ ថ្ងាស​មាន​ពណ៌​ស ដោយមាន​ឆ្នូត​ខ្មៅ​នៅ​ចំ​កណ្តាល ផ្ទៃមុខ​ខ្មៅ ប៉ុន្តែ​មាន​ឆ្នូត​ស​នៅ​ខាងក្រោម​ភ្នែក និង​សងខាង​ច្រមុះ។ នៅលើ​ខ្នង​មាន​ឆ្នូត​ខ្មៅ៣ និង​នៅ​សងខាង​ខ្នង​មានអុចៗខ្មៅ ហើយ​រោម​នៅ​កមាន​ច្រើន​ដែល​បង្កើតបានជាគន្លាក់។ ជាធម្មតា​សំពោច​នេះ​មាន​ក្លិន​ប្រ​អូ​ប ប៉ុន្តែ​មាន​ក្លិនឈួល​ខ្លាំង​នៅពេលដែល​វា​មានការ​ភ័យខ្លាច​នឹង​អី្វ​មួយ។



ជីវសាស្ត្រ៖ សំពោចក្រអូប​នេះ​មាន​វត្តមាន​នៅតាម​ទីជម្រក​ព្រៃ​គ្រប់​ប្រភេទ រួមទាំង​វាលស្រែ​ចំការ​ដំណាំ និង​ក្បែរ​ភូមិ​ផងដែរ។ វា​ចូលចិត្ត​រស់នៅ​កន្លែងងងឹតៗ តាម​ជ​ង្រុ​ង ទ​បង្ហូរទឹក ឬ​ដំបូលផ្ទះ នៅពេល​ថ្ងៃ ហើយ​ពេលយប់​វា​ចេញ​រក​ចំណី​ដូចជា កណ្តុរ ស្វាយ កាហ្វេ ម្នាស់ ត្រសក់ ស្រូវ និង​ចេក។ សំពោច​នេះ​បន្ត​ពូជ​ពេញ​មួយឆ្នាំ​ដោយមាន​កូន​នៅ​ខែតុលា និង​ខែធ្នូ ក្នុង​មួយលើកៗ វា​អាច​មានកូន​ពី ២-៤ក្បាល​នៅតាម​រូង​ថ្ម ឬ​ប្រហោង​ឈើ។ អាយុកាល​របស់​វា​ប្រហែល១៤ឆ្នាំ។

រប៉ាយ​រស់នៅ៖
ប្រភេទ​នេះ​សម្បូរ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ទីជម្រក​សមស្រប។ វា​ក៏​ត្រូវបាន​រកឃើញ​ផងដែរ​នៅ ប្រទេស​ឥណ្ឌា ភាគខាងត្បូង​ប្រទេស​ចិន និង​តំបន់​ដីគោក​ទូទាំង​អាស៊ីអាគ្នេយ៍ ឥណ្ឌូនេស៊ី (កោះ​សូ​ម៉ា​ត្រា) ម៉ាឡេស៊ី (កោះ​ចា​វា និង​កោះ​បរ​ណេ​អូ) និង​ហ្វីលីពីន​ផងដែរ។

ស្ថានភាព​អភិរក្ស៖
សំពោចក្រអូប ស្ថិតក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​បង្គួរ និង​មាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (LC) ថា​ជា​ប្រភេទ​រងគ្រោះថ្នាក់​តិចតួច។ នៅក្នុង​ប្រទេស​កម្ពុជា​ប្រភេទ​នេះ​កំពុង​រងគ្រោះថ្នាក់ ដោយសារ​ការ​បរបាញ់ ការបាត់បង់​ទីជម្រក និង​ទាក់​ចាប់​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម៕





© រក្សាសិទ្ធិដោយ thmeythmey.com