កីឡាជាតិ
ជាតិ
កម្ពុជា​ចូលរួម​ការប្រកួត​ដណ្តើម​ជើងឯក​ចំបាប់​បែប​បុរាណ​របស់​កូរ៉េ​នៅ​មី​យ៉ាន់​ម៉ា
19, Sep 2015 , 9:37 am        
រូបភាព

អត្ត​ព​លិ​ក​ចំបាប់​កម្ពុជា៨រូប កំពុង​ត្រៀមខ្លួន​សម្រាប់​ប្រកួត​ដណ្តើម​ជើងឯក​ក្នុង​ព្រឹត្តិការណ៍ Asian Ssireum Championship លើក​ទី១ និង World Ssireum Championship លើក​ទី៥នៅ​កីឡដ្ឋាន Thuwunna National Indoor Stadium ក្នុង​ទីក្រុង​យ៉ាំង​ហ្គោ​ន ប្រទេស​មី​យ៉ាន់​ម៉ា ចាប់ពី​ថ្ងៃអាទិត្យ​ខាងមុខ។



អ្នកលេង​ចំបាប់​កម្ពុជា ដែលមាន​កីឡាករ៦រូប និង​កីឡាការិនី២រូប រួមទាំង​ប្រតិភូ បានចេញ​ដំណើរ​ទៅកាន់​ទីក្រុង​យ៉ាំង​ហ្គោ​ន ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Asian Ssireum Championship លើក​ទី១ និង World Ssireum Championship លើក​ទី៥នៅ​កីឡដ្ឋាន Thuwunna National Indoor Stadium នា​រយៈពេល៣ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​អាទិត្យ​ខាងមុខនេះ។

Ssireum គឺជា​ប្រភេទ​កីឡា​ចំបាប់​បែប​បុរាណ​របស់​កូរ៉េ ដោយ​ការប្រកួត​ធ្វើឡើង​នៅ​ខ្សាច់ ហើយ​កីឡាករ-កីឡាការិនី ត្រូវបាន​តម្រូវ​ឲ្យ​ចង​ក្រណាត់​ភ្ជាប់​ពី​ចង្កេះ​ទៅ​ភ្លៅ​ខាងស្តាំ។ អ្នក​ដែល​ធ្វើ​ឲ្យ​គូប្រកួត​ដួល​ផ្ញា​រ​ក្រោយ ឬ លុតជង្គង់២ដង ជា​អ្នកទទួល​ជ័យជម្នះ។

លោក Yang Sung Mo ប្រធាន​សមាគម​កូរ៉េខាងត្បូង​ប្រចាំ​កម្ពុជា និង ជា​គ្រូបង្វឹក​កីឡា Ssireum ផង​នោះបាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងពេល​ជូន​ដំណើរ​កីឡាករ​ឡើង​យន្តហោះ​ថា កីឡា​ប្រភេទ​នេះ​ជា​កីឡា​ប្រពៃណី​របស់​ជនជាតិ​កូរ៉េ​ដែលមាន​ប្រវត្តិ​ជាង ៥.០០០ឆ្នាំ​មកហើយ ។

លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅមុន​ពេលចេញ​ដំណើរ​ទៅកាន់​ទីក្រុង​យ៉ាំង​ហ្គោ​ន​ថា នេះ​ជា​ឱកាស​បង្ហាញខ្លួន​ជា​លើកដំបូង​របស់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ចំបាប់​បែប​បុរាណ​របស់​កូរ៉េ។

សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កម្រិត​ពិភពលោក World Ssrieum Championship លើក​ទី៥ នឹងមាន​អត្ត​ពលិកម​ក​ពី​ប្រមាណ២០ប្រទេស ខណៈ​ការប្រកួត​កម្រិត​អាស៊ី​ជា​លើកដំបូង មាន​អត្ត​ពលិកម​ក​ពី​ប្រទេស​កម្ពុជា វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ រួមទាំង​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា។

ក្នុងចំណោម​អត្ត​ព​លិ​ក​ទាំង៨រូប កីឡាករ ឌន សៅ នឹង​ប្រកួត​ក្នុង​ទម្ងន់​ក្រោម៩០គីឡូក្រាម កីឡាករ ងួន មករា ប្រកួត​ទម្ងន់៧៥គីឡូក្រាម ម៉ុ​ល រស្មី ទម្ងន់៦០គីឡូក្រាម ឆាំ ពិ​ស៊ិន និង​ជុន ធួន ទម្ងន់​ក្រោម៧០គីឡូក្រាម រស់ ផល្លី ក្រោម៦០គីឡូក្រាម ហើយ​កីឡាការិនី​ពី​រូប​ទៀត គឺ ជ័យ ច័ន្ទ​រស្មី និង នី សំណាង ប្រកួត​ក្នុង​ទម្ងន់៥១ និង៥៥គីឡូក្រាម។

លោក ធិ​ន វិចិត្រ បន្ថែមថា ខាង​ភាគី​កូរ៉េខាងត្បូង​ជា​អ្នករៀបចំ ហើយក៏​ជា​អ្នករ៉ាប់រង​សម្រាប់​ការ​ចេញទៅ​ប្រកួត​របស់​ក្រុម​កម្ពុជា។ ថ្មីៗនេះ​ខាង​កូរ៉េ​ត្បូង បាន​បញ្ជូន​គ្រូបង្វឹក​ម្នាក់​មក​បង្ហាត់​ដល់​អត្ត​ព​លិ​ក​របស់​កម្ពុជា​បាន​ប្រមាណ​ជា ១០ ថ្ងៃ​ដែរ ដើម្បី​ឲ្យ​បានដឹង​ពី​របៀប​ប្រកួត។ លោក​រំពឹងថា​ការចូលរួម​ជា​លើកដំបូង​នេះ អាចឱ្យ​កម្ពុជា​រៀនសូត្រ​ពី​គេ​បន្ថែម ដើម្បី​យក​បទពិសោធ​រៀបចំ​ដ៏​ល្អ​នោះមក​រៀបចំ​ការប្រកួត​ចំបាប់​បុរាណ​ខ្មែរ​របស់​យើង​វិញ​ម្ដង។

គួរ​បញ្ជាក់ថា សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​រៀបចំ​ជា​រៀងរាល់ឆ្នាំ​នា​ពិធីបុណ្យ​ភ្ជំបិណ្ឌ​នូវ​ការប្រកួត​ចំបាប់​បុរាណ​របស់ខ្លួន។ លោក ធិ​ន វិចិត្រ មិន​ហ៊ាន​ដាក់​ក្តី​រំពឹង​ខ្ពស់​នោះឡើយ​សម្រាប់​ការបង្ហាញ​ខ្លួន​ជា​លើកដំបូង​របស់​កម្ពុជា​ក្នុងការ​ប្រកួត​កីឡា​ចំបាប់​បែប​បុរាណ​របស់​កូរ៉េ ប៉ុន្តែ​អគ្គលេខាធិការ​រូបនេះ លើកឡើងថា នេះ​ជា​ឱកាស​ដែល​កម្ពុជា​ត្រូវ​ដកស្រង់​បទពិសោធន៍ និង​ស្វែងយល់​ពី​ការរៀបចំ​ប្រកួត​ចំបាប់​បែប​បុរាណ​ដើម្បី​ធ្វើ​ឲ្យ​មានការ​ភាពល្អប្រសើរ​សម្រាប់​ការរៀបចំ​នាពេលខាងមុខ​សម្រាប់​ការប្រកួត​ចំបាប់​ខ្មែរ​បុរាណ៕



Tag:
 ចំបាប់
© រក្សាសិទ្ធិដោយ thmeythmey.com