កីឡាជាតិ
ជាតិ
MCL 2015៖ ថ្ងៃ​សៅរិ៍​នេះ​ប្រកួត​៤ គូ​នៅ​ភ្នំពេញ៣គូ ​និង​នៅ​ស្វាយរៀង​មួយ​គូ
19, Sep 2015 , 11:43 am        
រូបភាព
ស្វាយរៀង​ត្រូវ​ទទួល​ភ្ញៀវ​បឹងកេតអង្គរនា​ល្ងាចនេះ
ស្វាយរៀង​ត្រូវ​ទទួល​ភ្ញៀវ​បឹងកេតអង្គរនា​ល្ងាចនេះ
ដោយ:
ការ​ប្រកួត​បាល់ទាត់​មិត្តហ្វូនខេមបូឌាន​លីក​រដូវកាល​២០១៥ (Metfone Cambodian League 2015) បាន​ធ្វើ​ដំណើរ​ដល់​សប្ដាហ៍​ទី១៧ ហើយ​​នៅ​ចុង​សប្ដាហ៍​នេះ ខណៈ​ថ្ងៃ​សៅរិ៍ ទី ១៩ ខែ កញ្ញា មាន​ការ​ប្រកួត​ដល់​ទៅ ៤ គូ​ដោយ​ក្រុម​ស៊ីម៉ាក់ ជួប ភ្នំពេញក្រោន ក្រសួងការពារជាតិ ជួប​គីរីវង់សុខសែនជ័យ ហើយ​ក្រុម​វេស្ទើន ប៉ះ​អាស៊ីអឺរ៉ុប នៅ​ក្នុង​រាជធានី​ភ្នំពេញ ស្រប​ពេល​ក្រុម​ស្វាយរៀងអែហ្វស៊ី ជួប​ក្រុម​បឹងកេតអង្គរ នៅ​កីឡដ្ឋាន​ខេត្ត​របស់​ខ្លួន។



*ការពារជាតិ ជួប គីរីវង់ (ម៉ោង៣:៣០ នាទី​រសៀល)

ក្រុម​បាល់ទាត់​ក្រសួងការពារជាតិ ត្រូវ​ស្វាគមន៍​ក្រុម​គីរីវង់សុខសែនជ័យ នៅ​វេលា​ម៉ោង ៣:៣០ នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ​របស់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ។ កាល​ពី​ជើង​ទី១ ក្រសួងការពារជាតិ បាន​យក​ឈ្នះ​ក្រុម​មក​ពី​ខេត្ត​តាកែវ​មួយ​នេះ​ដោយ​លទ្ធផល ៥ ទល់ ១។

បើ​សរុប​តារាង​ចំណាត់​ថ្នាក់​បណ្ដោះអាសន្ន​របស់​ក្រុម​ក្រសួងការពារជាតិ វិញ​ឈរ​ចំណាត់​ថ្នាក់​លេខ ៧ ប្រកួត​១៥ លើក​ឈ្នះ​ ៧ លើក​ស្មើ ២ លើក​និង​ចាញ់ ៦ លើក​មាន​២៣ ពិន្ទុ ស្រប​ពេល​ក្រុម​គីរីវង់សុខសែនជ័យ នៅ​បាត​តារាង ប្រកួត​១៦​លើក​ឈ្នះ១ ស្មើ ២ និង​ចាញ់ ១៣ មាន​៥ ពិន្ទុ​ក្នុង​ដៃ​ប៉ុណ្ណោះ។

*វេស្ទើន ជួប​អាស៊ីអឺរ៉ុប (ម៉ោង៣:៣០ នាទី)
កាល​ពី​ជើង​ទី១ ក្រុម​សាកលវិទ្យាល័យ​ទាំង២​​បាន​ជួប​គ្នា​ម្ដង​ហើយ​ដោយ​អាស៊ីអឺរ៉ុប ឈ្នះ​វេស្ទើន ២ ទល់ ១។ ម្ដង​នេះ​ក្រុម​ទាំង​ត្រូវ​ជួប​គ្នា​លើ​ទីលាន​ស្មៅ​សិប្បនិមិត្ត​របស់​ក្រុម​វេស្ទើន ក្នុង​ទឹកដី​ខណ្ឌ​សែនសុខ រាជធានី​ភ្នំបេញ​ដដែល នា​វេលា​ម៉ោង ៣:៣០ នាទី។

លោក ប៉ែន ផាត បាន​ដឹកនាំ​វេស្ទើន ចាញ់​ណាហ្គា ៨ ទល់ ០ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ។ គិត​ត្រឹម​ពេល​នេះ​វេស្ទើន កំពុង​ស្ថិត​នៅ​តំបន់​បាត​តារាង​ពោល​គឺ​លេខ ១១ ក្រោយ​​ប្រកួត​បាន​១៦​លើក​ឈ្នះ ៣ ស្មើ ១ និង​ចាញ់ ១២ លើក​មាន ១០ ពិន្ទុ​ក្នុង​ដៃ។ ចំណែក​អាស៊ីអឺរ៉ុប វិញ​ទើប​យក​ឈ្នះ​ក្រុម​ស៊ីម៉ាក់ ៣ ទល់ ១ កាល​ពី​ថ្ងៃ​ពុធ កន្លង​ទៅ​នេះ​ដែរ។ ក្រុម​មួយ​នេះ​ឈរ​នៅ​លេខ ៩ បន្ទាប់​ពី​ប្រកួត ១៦ ដង​ឈ្នះ ៤ ស្មើ ២ និង​ចាញ់ ១០ មាន ១៤ ពិន្ទុ។

*ភ្នំពេញក្រោន ប៉ះ ស៊ីម៉ាក់ (ម៉ោង៦ ល្ងាច)

ភ្នំពេញក្រោន បន្ត​ឈរ​កំពូល​តារាង​ទោះ​ជា​ប្រកួត​ចុង​ក្រោយ​ចាញ់​ក្រោម​ថ្វី​ដៃ​ម្ចាស់​ផ្ទះ​ក្រសួងការពារជាតិ ៣ ទល់ ០។ លោក Sam Schweingruber សន្យា​ប្រាប់​អ្នក​គាំទ្រ​ថា​នឹង​ខិតខំ​បន្ថែម​ទៀត​នៅ​ប្រកួត​ក្រោយៗ ដើម្បី​រក​ជ័យជម្នះ​ឱ្យ​ក្រុម។ ចំណែក​​ប្រកួត​ចុង​ក្រោយ​លោក មាស សំអឿន បាន​ដឹកនាំ​ក្រុម​ស៊ីម៉ាក់ ចាញ់​អាស៊ីអឺរ៉ុប ៣ ទល់​១។ កាល​ពី​ជើង​ទី ១ នៃ​ពាន MCL 2015 ភ្នំពេញក្រោន បាន​យក​ឈ្នះ​ស៊ីម៉ាក់ ដោយ​លទ្ធផល ៤ ទល់ ១។ ជំនួប​នៅ​វេលា​ម៉ោង ៦ ល្ងាច​នេះ​នឹង​ធ្វើ​ឡើង​លើ​ទីលាន​ស្មៅ​សប្បនិមិត្ត​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ។

*ស្វាយរៀង ជួប បឹងកេតអង្គរ (ម៉ោង ៦ ល្ងាច)
នេះ​ជា​ប្រកួត​លើ​ដំបូង​ហើយ​របស់​ក្រុម​ស្វាយរៀងអែហ្វស៊ី លើ​ទឹកដី​កីឡដ្ឋាន​ខេត្ត​របស់​ខ្លួន បន្ទាប់​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ពិន័យ​មិន​ឱ្យ​ធ្វើ​ម្ចាស់​ផ្ទះ​លើ​ទីលាន​របស់​ខ្លួន​ចំនួន ២ ប្រកួត​ ក្រោយ​មាន​បញ្ហា​ចម្រូងចម្រាស​ជាមួយ​ក្រុម​ភ្នំពេញក្រោន កាល​ពី​ខែ​សីហា កន្លង​ទៅ។

ជើង​ទី១ បឹងកេត បាន​យក​ឈ្នះ​ស្វាយរៀង ៥ ទល់ ១ លើ​ទីលាន​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ។ ប៉ុន្ដែ​​ប្រកួត​ចុង​ក្រោយ​បឹងកេត បាន​ប្រទះ​បរាជ័យ​ជា​លើក​ដំបូង​ក្នុង​ពាន MCL 2015 គិត​ត្រឹម​សប្ដាហ៍​ទី១៦ នេះ។ ចំណែក​ស្វាយរៀង ប្រកួត​ចុង​ក្រោយ​ស្មើ​គ្នា​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ១ ទល់ ១។
សម្រាប់​សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​សម្រាប់​គូ​នេះ​មាន​ដាក់​លក់​នៅ​មុខ​កីឡដ្ឋាន​ខេត្ត​ក្នុង​តម្លៃ ២០០០ រៀល ៤០០០ រៀល និង ១០០០០ រៀល៕

តើ​ក្រុម​ណា​អាច​រក​បាន​៣ពិន្ទុ​នៅ​ល្ងាច​ថ្ងៃ​សៅរិ៍ នេះ?





Tag:
 MCL2015
© រក្សាសិទ្ធិដោយ thmeythmey.com